មនុស្សរាប់ពាន់នាក់បានឆ្លើយតបនឹងការហៅឲ្យចូលរួមក្នុងក្បួនដង្ហែស្ត្រីឬ Women's March នៅក្នុងទីក្រុង Las Vegas កាលពីថ្ងៃអាទិត្យកន្លងទៅ។ ប៉ុន្តែខុសពីការបាតុកម្មតវ៉ានៅក្នុងបណ្តាទីក្រុងនានានៅចុងសប្តាហ៍មុន ព្រឹត្តិការណ៍នៅក្នុងទីក្រុង Las Vegas ដែលមានឈ្មោះថា «Power to the Polls» ឬដែលមានន័យថា អំណាចនៃការបោះឆ្នោត ដែលមានគោលបំណងធានាថា ក្រុមអ្នកបោះឆ្នោត ពិសេសស្ត្រី បានត្រៀមលក្ខណៈរួចរាល់និងអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតសភានៅចុងឆ្នាំនេះ។
អ្នកស្រី Emily Zamora នៃក្រុមសំឡេងរដ្ឋ Nevada បានថ្លែងថា៖
«យើងក៏មានគ្នាជាច្រើនដែលបានចុះឈ្មោះរួចរាល់ ប៉ុន្តែពួកគេប្រហែលមិនបានដឹងថា ពួកគេបានគេបានប្តូរអាសយដ្ឋានឬប្តូរគណបក្សនយោបាយរបស់ពួកគេទេ។ រដ្ឋ Nevada គឺជារដ្ឋដែលអនុញ្ញាតឲ្យតែអ្នកចុះឈ្មោះក្នុងគណបក្សណាមួយ ទើបអាចបោះឆ្នោតបឋមបាន ដូច្នេះហើយដើម្បីចូលរួមបោះឆ្នោតបឋមនៅខែមិថុនា ពួកគេត្រូវធានាថាពួកគេបានចុះឈ្មោះជាមួយនឹងគណបក្សនយោបាយណាមួយ»។
ក្រុមបាតុករបានថ្លែងថា ក្រៅពីការទាមទារសិទ្ធិស្ត្រី នៅមានបញ្ហាជាច្រើនទៀតនៅក្នុងការបោះឆ្នោតខាងមុខនេះ ដូចជាបញ្ហាធានារ៉ាប់រងសុខភាពដែលមានតម្លៃសមរម្យ ការការពារសិទ្ធិក្រុមប្រជាពលរដ្ឋភាគតិចនិងច្បាប់អន្តោប្រវេសន៍ជាដើម។
អ្នកស្រី Diane Polling បានធ្វើដំណើរពីទីក្រុង Dayton រដ្ឋ Ohio ដើម្បីចូលរួមក្នុងការបាតុកម្មនៅក្នុងទីក្រុង Las Vegas។ អ្នកស្រីបានថ្លែងថា៖
«មិត្តភក្តិរបស់ខ្ញុំជាច្រើនត្រូវបានបញ្ជូនទៅកាន់ប្រទេសម៉ិកសិក។ ខ្ញុំពិតជាមិនសប្បាយចិត្តចំពោះការបញ្ជូនខ្លួនរបស់ពួកគេនោះទេ។ មិត្តភក្តិរបស់ខ្ញុំជាពលរដ្ឋស្បែកខ្មៅ និងត្រូវរងការបំពាន។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៥រូបនេះមិនអាចធ្វើដូច្នេះចំពោះពួកយើងបាននោះទេ។ យើងនឹងមិនអនុញ្ញាតឲ្យវាកើតមានឡើងនោះទេ»។
កាលពីឆ្នាំមុន ការធ្វើបាតុកម្មធំៗបានកើតឡើងនៅក្នុងរដ្ឋធានី Washington មួយថ្ងៃបន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក។ ស្ត្រីជាច្រើនគិតថា អាកប្បកិរិយារបស់លោកទៅកាន់ស្ត្រីមានលក្ខណៈបំពាន ហើយពួកគេប្តេជ្ញាថា ពួកគេនឹងមិនអនុញ្ញាតឲ្យរដ្ឋបាលរបស់លោករឹតត្បិតទៅលើសេរីភាពរបស់ពួកគេនោះទេ។ ក្បួនដង្ហែទាំងនោះបានរីករាលដាលទៅក្រៅសហរដ្ឋអាមេរិក ហើយក្រុមបាតុករនៅក្នុងបណ្តាទីក្រុងធំៗនៅអឺរ៉ុបរួមមានទាំងទីក្រុង ឡុងដ៍ផងដែរនោះ បាននាំគ្នាវិលត្រឡប់មកដើរក្បួនដង្ហែបាតុកម្មនៅតាមដងផ្លូវដូចកាលពីឆ្នាំមុនផងដែរ។
បាតុករមួយរូបនៅក្នុងទីក្រុងឡុងដ៍បានថ្លែងថា៖
«ការមានប្រាក់ខែស្មើគ្នាគឺជាបញ្ហាដ៏ធំមួយដែលយើងកំពុងតវ៉ា។ មានស្ត្រីជាច្រើនដែលបាននិយាយថា ពួកគេឈប់ពីការងាររបស់ពួកគេ ដោយសារតែបញ្ហាប្រាក់ខែមិនស្មើគ្នា ដែលការណ៍នេះមិនគួរកើតមានឡើងនោះទេ។ ស្ត្រីគួរទទួលបានប្រាក់ខែច្រើនជាងនេះ»។
បាតុករមួយរូបនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ VOA ថា បាតុកម្មនេះកំពុងធ្វើឲ្យមានការផ្លាស់ប្តូរមួយ។
លោក Alex Gonzales បាតុករមួយរូបនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា៖
«យើងបានឃើញថា បន្ទាប់ពីក្បួនដង្ហែកាលពីឆ្នាំមុន មានស្ត្រីជាច្រើនដែលបានសម្រេចចិត្តចូលរួមប្រកួតយកតំណែងនានា ហើយស្ត្រីជាច្រើនបានទទួលជ័យជម្នះ។ ឧទាហរណ៍រដ្ឋ Alabama ដែលយើងធ្លាប់ស្គាល់ថា ជារដ្ឋ ពណ៌ក្រហមដែលគាំទ្រគណបក្សសាធារណរដ្ឋ ប៉ុន្តែរដ្ឋនេះបានប្រែមកជារដ្ឋពណ៌ខៀវ ដែលគាំទ្រគណបក្សប្រជាធិបតេយ្យទៅវិញ។ ហើយខ្ញុំគិតថា មូលហេតុភាគច្រើនគឺដោយសារតែចលនានេះ ដែលត្រូវបានធ្វើឡើងកាលពី១២ ខែមុន»។
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សប្រជាធិបតេយ្យបានកើនឡើងម្នាក់ នៅពេលដែលបេក្ខជនខាងគណបក្សសាធារណរដ្ឋមួយរូបនៅក្នុងរដ្ឋ Alabama បានចាញ់នៅក្នុងការប្រកួតប្រជែងយកអាសនៈក្នុងព្រឹទ្ធសភាខាងកាលពីខែមុន។ ក្រុមដែលធ្វើឲ្យបេក្ខជនគណបក្សសាធារណរដ្ឋចាញ់នៅក្នុងការបោះឆ្នោតនោះ គឺជាក្រុមអ្នកបោះឆ្នោតជាស្ត្រី យុវជនយុវនារីក្មេងៗ និងពលរដ្ឋស្បែកខ្មៅ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា