ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដើរ​ហែ​ក្បួន​កន្លះ​លាន​នាក់ ប្រមូល​ផ្គុំ​គ្នា ​ប្រឆាំង​ប្រធានាធិបតី ដូណាល់ ត្រាំ


ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

ហ្វូង​មនុស្សម្នា ដែល​ស្លៀកពាក់​ពណ៌​ផ្កាឈូក មាន​ចំនួន​រាប់​សែន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ដើរ​ហែរ​ក្បួន​ស្ត្រី។

កិច្ច​ប្រឹងប្រែង​ពី​ប្រជាពលរដ្ឋ​សាមញ្ញ ដែល​បាន​ចាប់​ផ្ដើម​ពី​ការ​បង្ហោះ​សារ​តាម​Facebook ​របស់​ស្ត្រី​ម្នាក់ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​ផ្ទាល់ មួយ​ថ្ងៃ​ ក្រោយ​ពី​ការ​ឈ្នះ​ការ​បោះឆ្នោត​របស់​លោក ដូណាល់ ត្រាំ បាន​ញ៉ាំង​ឲ្យ​មាន​ការ​ដើរ​ហែ​ក្បួន​មួយ ដែល​មន្ត្រី​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ចូលរួម​ចំនួន​កន្លះ​លាន​នាក់ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​សៅរ៍ គឺ​តែ​មួយ​ថ្ងៃ​ ក្រោយ​ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវ​ការ​របស់​លោក​ត្រាំ។

ហ្វូង​មនុស្សម្នា ដែល​ស្លៀកពាក់​ពណ៌​ផ្កាឈូក មាន​ចំនួន​រាប់​សែន​នាក់។

ដោយ​អ្នក​ខ្លះ​ស្រែក​បន្ទរ​គ្នា និង​ខ្លះ​លើក​បដា​ផ្សេងៗ ក្រុម​ស្រ្តីៗ ដែល​បាន​ធ្វើ​ដំណើរ​មកពី​ទូទាំង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ការ​ទាមទារ​របស់​ពួកគេ។

ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

អ្នក​នយោបាយ សិល្បករ និង​តន្ត្រីករ បាន​ទទូច​ឲ្យ​មាន​ការ​ទប់ទល់​ប្រឆាំង​នឹង​ប្រធានាធិបតី​ថ្មី។

ប៉ុន្តែ វា​ផ្ដើម​ចេញ​ពី​អ្នក​តស៊ូ​ស្ត្រី​និយម​ម្នាក់ ពី​ជំនាន់​មុន ដែល​បាន​ប្រាប់​ក្រុម​អ្នក​ដើរ​ហែ​ក្បួន​ ឲ្យ​នាំ​ការ​តស៊ូ​របស់​ពួកគេ ទៅ​ដល់​កម្រិត​សកល​ហើយ​មិន​ត្រឹម​តែ​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ឡើយ។

អ្នកស្រី GLORIA STEINEM បាន​ថ្លែង​ថា៖

«យើង​ត្រូវ​តែ​ធ្វើ​សកម្មភាព ទៅ​តាម​ជំនឿ​របស់​ពួក​យើង»។​

តែ​២៤ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក ដូណាល់ ត្រាំ បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ ស្ត្រី​និង​បុរស​រាប់​ពាន់​នាក់ បាន​នាំ​គ្នា​ដើរ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង ដើម្បី​ឲ្យ​ប្រធានាធិបតី​ថ្មី​រូប​នេះ​ ដឹង​ថា ពួកគេ​ នឹង​តស៊ូ​ប្រយុទ្ធ​ដើម្បី​គុណ​តម្លៃ​និង​ទស្សនវិស័យ​របស់​អាមេរិក។

ហ្វូង​មនុស្សម្នា ដែល​ដើរ​ហែ​ក្បួន​ បាន​នាំគ្នា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ផ្ទះ​ថ្មី​របស់​លោក​ប្រធានាធិបតី​ថ្មី ខណៈ​ដែល​ពលរដ្ឋ​រាប់​លាន​នាក់​ទៀត បាន​ប្រមូល​ផ្គុំ​គ្នា​នៅ​តាម​ទីក្រុង​តូច​ធំ​នានា​ទូទាំង​សហរដ្ឋ​អាមេរិក។

ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

នៅ​ក្នុង​ទី​ប្រជុំ​ជន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នក​គាំទ្រ​លោក ត្រាំ ពីរបី​នាក់ បាន​ការពារ​ប្រធានាធិបតី​ថ្មី​របស់ពួកគេ ខណៈ​ដែល​អ្នក​ដើរ​ហែ​ក្បួន ស្រែក​ប្រឆាំង​នឹង​សកម្មជន​ដែលប្រឆាំង​ការ​រំលូត​កូន។​

នៅ​ពេល​ដែល​អ្នក​រៀបចំ​កម្មវិធី​ និយាយ​ថា ការ​ដើរ​ហែ​ក្បួន​នេះ មិន​មែន​សំដៅ​ត្រឹម​តែ​ការ​ប្រឆាំង​នឹង​លោក​ត្រាំ​នោះ ជំនឿ​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ បាន​បង្កើត​ឲ្យ​មាន​ចំណុច​រួម​គ្នា​មួយ​សម្រាប់​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រាប់​ចាប់​តាំង​ពី​កូន​ស្រី​របស់​ពលរដ្ឋ​អាមេរិកកាំង​ម្នាក់ ដែលកាន់សាសនា​ឥស្លាម ហើយ​ដែល​មាន​ឪពុក​មាន​ដើមកំណើត​ពី​អាហ្វ្រិក និង​ម្ដាយ​ម៉ារ៉ុក ដែល​ភ័យ​ខ្លាច​វោហារសាស្ត្រ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ ​ប្រឆាំង​នឹង​អ្នក​កាន់សាសនា​ឥស្លាម អាច​ជំរុញ​ឲ្យ​អ្នក​ដទៃ​ទៀត​ ធ្វើ​សកម្មភាព។

នាង RUQAYYAH គឺ​ជា​សិស្ស​ម្នាក់។

«ពេល​ជិះ​រថភ្លើង​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ​ ខ្ញុំ​សុខចិត្ត​ពាក់​ជិតៗ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​គេ សម្លក់ សម្លឹង​មុខក្រោយ​ទេ ព្រោះ​វា​គួរ​ឲ្យ​ខ្លាច»​។

រហូតដល់​ស្ត្រី​ជា​ម្ដាយ​ម្នាក់​គឺ​អ្នក​ស្រី RACHEL BURKHOLDER មក​ពី​រដ្ឋ​អាឡាបាម៉ា ដែល​បាន​ចំណាយ​ពេល​ជិះ​ឡាន​ក្រុង​អស់​១៤​ម៉ោង មក​កាន់​រដ្ឋធានី​នេះ។

«នេះ​គឺ​ប្រាកដជា​ដំណើរ​ផ្សងព្រេង​ដ៏​ធំ​បំផុត​ដែល​ខ្ញុំ​មិនដែល​បាន​ធ្វើ​ ហើយ​ក៏​ជា​ការ​ចូល​ប្រឡូក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ខ្លាំង​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​កន្លង​មក​ដែរ។ ខ្ញុំ​ជា​មនុស្ស​រាង​ស្ងៀមស្ងាត់​និង​ខ្លាច​ មិន​ហ៊ាន​ធ្វើ​រឿង​អ្វី​ថ្មី​ទេ ដូច្នេះ សកម្មភាព​ទាំង​នេះ គឺ​ជា​រឿង​ថ្មី​ស្រឡាង​សម្រាប់​ខ្ញុំ»។

រហូត​ដល់ ស្ត្រី​ជា​ម្តាយ​គឺ​អ្នក​ស្រី HOLLY SEIBOLD ដែល​បាន​ចែក​រំលែក​ការ​ស្រលាញ់​និង​ការចូលរួម​នយោបាយ​ ជាមួយ​កូនស្រី​របស់​ខ្លួន​ផងដែរ។

«ពិត​ណាស់​ យើង​ទទួល​ស្គាល់​លោក ត្រាំ ជា​ប្រធានាធិបតី ដោយសារ​នេះ​គឺ​ផ្នែក​មួយ​នៃ​លទ្ធិប្រជាធបិតេយ្យ ប៉ុន្តែ ខ្ញុំ​នឹង​មិន​នៅ​មើល​នឹង​ភ្នែក​នោះ​ ហើយ​បណ្ដោយ​ឲ្យ​ឥរិយាបថ​របស់​គាត់ ខ្លាច​ទៅ​ជា​របៀប​ដែល​សង្គម​ទទួលស្គាល់​ជា​ទូទៅ​នោះ​ទេ»។

ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)
ក្បួន​ដង្ហែរ​ស្ត្រី​ឬ​ដែល​ហៅថា «Women's March‍» នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែ​មករា ឆ្នាំ២០១៧។ (រូបថត​ដោយ ស្រេង លក្ខិណា/VOA Khmer)

ចំណែក អ្នកស្រី MARILYNNE STARR ស្ត្រី​វ័យ​៧៣​ឆ្នាំ​ដែល​មាន​កូន​និង​ចៅ​ប្រុសៗ ជួយ​នាំ​មក​ចូលរួម​ក្នុង​ការ​ដើរ​ហែ​ក្បួន​នេះ​ដែរ​ដោយសារ​អ្នកស្រី​មិន​អាច​ដើរ​បាន ក៏​សុខចិត្ត​ធ្វើ​ដំណើរ​តាម​យន្តហោះ រាប់ពាន់​គីឡូម៉ែត្រ ពី​ផ្ទះ មក​ចូលរួម​ ដើម្បី​ បន្ថែម​សំឡេង​របស់អ្នកស្រី នៅ​ទី​នេះ​ដែរ។

«វា​មាន​សារសំខាន់​ណាស់ ដែល​យើង​ប្រាប់ ត្រាំ​ថា យើង​ទាមទារ​ការ​គោរព​ស្ត្រី និង​អ្នក​រាល់គ្នា។ កុំ មើលស្រាល​ពួក​យើង ដោយសារ​ យើង​នឹង​វាយបក​វិញ​»។

ការ​ទាមទារ ដែល​បន្ទរ​ដោយ​ហ្វូង​មនុស្ស​ដើរ​ហែ​ក្បួន​ទាំង​នេះ ដែល​និយាយ​ថា ការ​ដើរ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ បាន​បង្ហាញ​ពី​កម្លាំង​របស់​ពួកគេ​តាម​រយៈ​ចំនួន​ពួកគេ ដែល​ចេញ​មក​ចូលរួម ​បង្ហាញ​ស្រាប់៕

ប្រែ​សម្រួល​ដោយ​ សាយ​ មុន្នី

XS
SM
MD
LG