នៅប៉ុន្មានម៉ោងមុននេះ ក្បួនដើរតវ៉ារបស់ស្ត្រីរាប់ពាន់អ្នកបានធ្វើឡើងនៅក្នុងទីក្រុងឡុងដ៏ ទីក្រុងប៉ារីស ស៊ីដនី និងទីក្រុងផ្សេងៗទៀតក្នុងទ្វីបអ៊ឺរ៉ុប និងប្រទេសអូស្ត្រាលី ដែលមានបំណងគាំទ្រ និងសាមគ្គីជាមួយនឹងការដើរក្បួនរបស់ក្រុមស្ត្រីនៅក្នុងសហរដ្ឋអាមេរិក។ ពួកគេជាច្រើនតវ៉ាប្រឆាំងនឹងរដ្ឋបាលលោកប្រធានាធិបតី Donald Trump។
ក្បួនដើរតវ៉ារបស់ស្ត្រីក្នុងឆ្នាំ២០១៨នេះ បានធ្វើឡើងនៅចំថ្ងៃគម្រប់ខួបមួយឆ្នាំនៃការស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក Trump។ បាតុករជាច្រើនបានកាន់បដា និងស្លៀកពាក់រិះគន់ដល់លោក Trump មានដូចជាស្លៀកពាក់ និងពាក់មួកស្រួចសងខាងពណ៌ផ្កាឈូកជាដើម ក្នុងន័យរិះគន់ទៅលើប្រវត្តិមិនល្អរបស់លោក Trump មុននឹងលោកធ្វើជាប្រធានាធិបតី។ លោក Trump ត្រូវបានគេរិះគន់ថាបានបៀតបៀនផ្លូវភេទទៅលើស្ត្រីយ៉ាងហោចណាស់ចំនួន១៩នាក់។ ប៉ុន្តែសេតវិមានបានច្រានចោលការចោទប្រកាន់ទាំងនោះ។
ការដើរក្បួនតវ៉ានេះ មិនមែនដើម្បីទាមទារតែសិទ្ធិស្មើរបស់ស្ត្រីប៉ុណ្ណោះ ក៏ប៉ុន្តែពួកអ្នកតវ៉ាបានទាមទារឲ្យមានដំណោះស្រាយលើបញ្ហាផ្សេងៗជាច្រើនទៀត។
មានអ្នកតវ៉ាច្រើនជាង១២ម៉ឺននាក់ បានចេញតវ៉ាកាលពីថ្ងៃសៅរ៍នៅក្នុងតំបន់ Manhattan ខណៈមានអ្នកតវ៉ារាប់សែននាក់ផ្សេងទៀតដើរក្បួនតវ៉ានៅក្នុងទីក្រុងផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក ទាមទារឲ្យមានសិទ្ធិស្មើគ្នានៅក្នុងការទទួលបានប្រាក់កម្រៃ និងសិទ្ធិស្មើគ្នាក្នុងការទទួលបានសេវាថែទាំសុខភាព លុបបំបាត់ការបៀតបៀនផ្លូវភេទ និងលើកទឹកចិត្តដល់ស្ត្រីឲ្យធ្វើជាអ្នកដឹកនាំ៕