ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ជា​ស្ត្រី​ចង់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា លោក Trump បាន​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​នានា


លោកស្រី​សមាជិក​ព្រឹទ្ធសភា Kirsten Gillibrand ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​រដ្ឋសភា Capitol Hill កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី​សមាជិក​ព្រឹទ្ធសភា Kirsten Gillibrand ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​រដ្ឋសភា Capitol Hill កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជា​ស្ត្រី​ជាង ៥០ នាក់ ចង់​ឲ្យ​មេដឹកនាំ​នានា​នៅ​រដ្ឋសភា​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​បំពាន​ផ្លូវ​ភេទ ដែល​ធ្វើ​ឡើង​ដោយ​លោក Donald Trump មុន​ពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី។

សមាជិក​រដ្ឋសភា​ទាំង​នោះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ទៅ​កាន់​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Trey Gowdy និង​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Elijah Cummings ដែល​ជា​សមាជិក​មួយ​រូប​ផង​ដែរ​នៃ​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​លើ​ការ​គ្រប់គ្រង និង​ការ​កែ​ទម្រង់​រដ្ឋាភិបាល។

លិខិត​របស់​ក្រុម​ការងារ​សមាជិក​សភា​ជា​ស្ត្រី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​សរសេរ​ថា៖ «យ៉ាង​ហោច​ណាស់​មាន​ស្ត្រី ១៧ នាក់ បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី Trump ជា​សាធារណៈ​អំពី​ការ​បៀតបៀន​ផ្លូវ​ភេទ‍»។

ខ្លឹមសារ​របស់​លិខិត​នោះ​ត្រូវ​បាន​សរសេរ​បន្ថែម​ទៀត​ថា៖ «ប្រជាពលរដ្ឋ​អាមេរិកាំង​គួរតែ​ទទួល​បាន​នូវ​ការ​ផ្ដល់​ការ​ស៊ើប​អង្កេត​ពេញលេញ​មួយ​ទៅ​លើ​ការ​ពិត​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ ការ​លើក​ឡើង​ផ្ទាល់​ខ្លួន​របស់​លោក Trump ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​ត្រឹមត្រូវ។ លោក​គិត​ថា ខ្លួន​លោក​មាន​សេរីភាព​ក្នុង​ការ​បន្ត​ធ្វើ​ដូច្នេះ​ចំពោះ​ស្ត្រី​ភេទ។ យើង​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ស្ត្រី​ជា​ច្រើន ដែល​បាន​ចេញ​មុខ​ចោទ​ប្រកាន់​លើ​លោក Trump ទាំង​នេះ​ទេ‍»។

លិខិត​នោះ​ក៏​បាន​អញ្ជើញ​លោក Trump ឲ្យ​បង្ហាញ​ភស្តុតាង​ដើម្បី​ការពារ​ខ្លួន​លោក​ផង​ដែរ។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ សមាជិក​ព្រឹទ្ធសភា ៤ រូប បាន​អំពាវនាវ​ឲ្យ​លោក Trump ចុះ​ចេញ​ពី​តំណែង ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG