បុរសជនជាតិអាមេរិកាំងដែលល្បីឈ្មោះពីរនាក់ផ្សេងទៀតរងការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទទៅលើបុគ្គលិកជាស្ត្រីរបស់ពួកគេ។ លោក Alex Kozinski ជាចៅក្រមតុលាការឧទ្ធរណ៍មួយស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិកអស់រយៈពេល៣២ឆ្នាំ បានប្រកាសចូលនិវត្តន៍ភ្លាមៗបន្ទាប់ពីស្ត្រីចំនួន១៥នាក់បានចោទប្រកាន់លោកថាបានបៀតបៀនផ្លូវភេទពួកគេ ដោយរួមទាំងបានបញ្ចាំងវីដេអូអាសអាភាសនៅក្នុងការិយាល័យរបស់លោកផងដែរ។ លោកចៅក្រមដែលមានវ័យ៦៧ឆ្នាំរូបនេះបានសុំទោសសម្រាប់អាកប្បកិរិយាខុសឆ្គងទាំងនេះ ប៉ុន្តែបានការពារខ្លួនលោកថា «ទាំងនេះគ្រាន់តែជាការលេងសើច និងការនិយាយត្រង់ទៅត្រង់មករវាងបុគ្គលិកជាស្ត្រី និងបុរសនៅក្នុងការិយាល័យធ្វើការតែប៉ុណ្ណោះ»។
លោក Kozinski បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការធ្វើដូច្នេះ ខ្ញុំប្រហែលជាមិនបានដឹងគ្រប់គ្រាន់ពីភាពលំបាកនានា និងសម្ពាធដែលស្ត្រីត្រូវប្រឈមនៅកន្លែងធ្វើការនោះទេ។ វាធ្វើឲ្យខ្ញុំពិបាកចិត្ត ដែលបានដឹងថាទង្វើទាំងនោះបានបណ្តាលបុគ្គលិករបស់ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ ខ្ញុំគ្មានចេតនាធ្វើដូច្នេះទេ។ ខ្ញុំសុំទោសចំពោះទង្វើទាំងនោះ»។
លោក Jerry Richardson ជាម្ចាស់ក្រុមកីឡាបាល់អោបអាជីពឈ្មោះថា Carolina Panthers ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយក្លឹបកីឡាបាល់អោបជាតិ ពីបទមានអាកប្បកិរិយាមិនសមរម្យនៅកន្លែងធ្វើការនោះ បានប្រកាសពីការលក់ក្រុមកីឡារបស់លោក ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣៕