អ្នកជំនាញមើលឃើញថា ស្រីកម្ពុជាមិនទាន់ទទួលបានការគាំទ្រពេញលេញ ដើម្បីឲ្យពួកគេអាចចេញទៅបំពេញការងារនៅក្រៅផ្ទះនោះទេ ហើយការចែករំលែកការទទួលខុសត្រូវការងារក្នុងគ្រួសារក៏នៅមានកម្រិតនៅឡើយ។
កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយនៃអង្គការសីលការ យល់ថា ស្ត្រីកម្ពុជាមួយចំនួនពិតជាត្រូវប្រឈមនឹងការសម្រេចចិត្តជ្រើសរើសរវាងក្រុមគ្រួសារ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
«ពេលខ្លះគាត់ចង់ អភិវឌ្ឍខ្លួនឯង ក៏ប៉ុន្តែគាត់សម្រេចដោយសារគ្រួសារ ឬគំនាបសង្គម។ គេអត់មើលឃើញថា អាហ្នឹង វាមិនមែនជាតួនាទីតែស្ត្រីម្នាក់ទេ ប៉ុន្តែវាជាការចែករំលែក ការទទួលខុសត្រូវរវាងបុរស និងស្ត្រីនៅក្នុងគ្រួសារមួយហ្នឹង»។
យ៉ាងណាក៏ដោយ កញ្ញា រាសី សម្គាល់ឃើញថា ការឲ្យតម្លៃស្ត្រីក្នុងការបំពេញការងារ មានភាពប្រសើរជាងមុន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសង្គមចាប់ផ្ដើមមើលឃើញពីគុណសម្បត្តិនៃការចូលរួមរបស់ស្ត្រីក្នុងការផ្លាស់ប្ដូរសង្គមឲ្យមានភាពប្រសើរឡើង។
«យូរមកហើយ គាត់ធ្វើកិច្ចការខាងក្រៅផ្ទះផង គាត់ធ្វើការផ្ទះផង គាត់នៅតែធ្វើបាន។ អីចឹងខ្ញុំជឿជាក់ថា គាត់ប្រាកដជាអាច ធ្វើឲ្យមានតុល្យភាពរវាងគ្រួសារ និងការងារ ដរាបណា មានការគាំទ្រ និងចែករំលែកអំពីបុរសដែរ។ ស្ត្រីទាំងអស់ សុទ្ធតែមានទេពកោសល្យ និងភាពប៉ិនប្រសប់របស់គាត់។ អីចឹងបើយើងទុកគាត់តែនៅក្នុងផ្ទះ ហើយអត់ឲ្យគាត់បញ្ចេញសក្ដានុពលរបស់គាត់ វាខាតមែនទែន»។
អ្នកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍដើម្បីកម្ពុជា ហៅកាត់ថា (GADC) ថ្លែងប្រាប់ VOA ថាស្ត្រីមិនគួរត្រូវបានគេកំណត់ថាអ្វីដែលស្ត្រីគួរធ្វើ ឬមិនគួរធ្វើនោះទេ។ ប៉ុន្តែ ស្ត្រីគួរទទួលបាននូវការផ្ដល់ឱកាស ការគាំទ្រ និងការលើកទឹកចិត្តចំពោះការសម្រេចចិត្តរបស់ពួកគេ។
«ឧទាហរណ៍ថា បើគាត់ជាក្រុមប្រឹក្សាឃុំ គាត់សម្រេចដោយខ្លួនគាត់ហើយ ក្រុមគ្រួសារហ្នឹងអាចជួយគាំទ្រគាត់ដោយ ជួយគាត់ លើកទឹកចិត្តគាត់ ហើយកុំឲ្យនៅពេលដែលគាត់ទៅធ្វើការហើយ ពេលត្រលប់មកវិញ ឲ្យគាត់ទទួលខុសត្រូវទៅលើផ្ទះសម្បែង អាហារហូបចុក កូនចៅអីជាដើម។ យើងចង់ឲ្យបុរស ជាដៃគូ គួរតែយកចិត្តទុកដាក់ ជួយសម្របសម្រួលគាត់ផង»។
ដូចជាស្ត្រីកម្ពុជាដទៃទៀតដែរ ក្រៅអំពីបំពេញការងារនៅកន្លែងធ្វើការហើយនោះ អ្នកស្រីក៏ត្រូវទទួលខុសត្រូវចំពោះក្រុមគ្រួសារដែរ។ ក៏ប៉ុន្តែ អ្នកស្រីលើកឡើងថា ភាពជោគជ័យនៃតុល្យភាពការងារ និងគ្រួសាររបស់អ្នកស្រី អាចកើតមានឡើងដោយសារមានការជួយជ្រោមជ្រែងពីស្វាមីរបស់អ្នកស្រីដែរ។
«ដោយសារប្ដីរបស់ខ្ញុំជាមនុស្សដែលយល់បានយ៉ាងទូលំទូលាយអំពីតួនាទីរបស់ខ្ញុំនៅការិយាល័យ។ ខ្ញុំដើរហើរទៅណាអី គាត់អត់មានសួរនាំខ្ញុំអីទេ។ ការគាំទ្រហ្នឹងហើយជាការលើកទឹកចិត្ត ដែលខ្ញុំអាចធ្វើការងារបានជោគជ័យ។ ហើយគាត់ដឹងច្បាស់ណាស់ថា នៅពេលដែលស្ត្រីចូលរួមប្រលូកក្នុងការងារសង្គម ស្ត្រីបានយល់ដឹងអំពីការរស់នៅបានច្រើន ហើយស្ត្រីអាចជួយអប់រំកូនក្នុងគ្រួសារបានប្រសើរ»។
អ្នកស្រីបន្ថែមថា ក្នុងភាពជាអ្នកដឹកនាំ គុណសម្បត្តិដ៏លេចធ្លោមួយរបស់ស្ត្រី គឺភាពម៉ត់ចត់ក្នុងការបំពេញការងាររបស់ខ្លួន។
អ្នកស្រី មើលឃើញថា ចំនួនស្ត្រីដែលកំពុងបម្រើការងារក្នុងសង្គម មានការកើនឡើងហើយ ក៏ប៉ុន្តែចំនួនស្ត្រីដែលមានតួនាទីក្នុងការសម្រេចចិត្តសំខាន់ៗនៅមានចំនួនតិចតួចនៅឡើយ។
អ្នកជំនាញខាងការលើកកម្ពស់ស្ត្រីឲ្យដឹងថា បើទោះជាស្ត្រីនៅកម្ពុជាមានជាង៥០% នៃចំនួនប្រជាជនសរុបក្ដី ក៏ចំនួនស្ត្រីដែលមានតួនាទីក្នុងកិច្ចការនយោបាយ និងតំណែងធ្វើសេចក្ដីសម្រេចចិត្តទៅលើបញ្ហាសំខាន់ៗក្នុងសង្គម នៅតែមានចំនួនតិចតួច។
អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និយាយថា សម្ពាធក្នុងក្រុមគ្រួសារ និងភាពជាម្ដាយ បានធ្វើឲ្យស្ត្រីកម្ពុជា មានការលំបាកក្នុងការបំពេញការងារខ្លួន ជាពិសេសក្នុងវិស័យនយោបាយ។
«ឯស្ត្រីវិញ ច្រើនតែជាប់ពេលវេលាដែលត្រូវមកប្រជុំរឿងគណបក្ស ឬចុះទៅមូលដ្ឋាន ស្ត្រីមិនទាន់បានបំពេញបានដោយសារតួនាទីជាមាតា។ ក៏ប៉ុន្តែ នៅពេលដែលស្ត្រី និងបុរស នៅក្នុងគណបក្សមានសកម្មភាពស្មើគ្នា បានបំពេញភារកិច្ចស្មើគ្នា គឺស្ត្រីជាប់មុនបុរស»។
ការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រនារីរតនៈ ដើម្បីបង្កើនសមាមាត្រស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងអភិវឌ្ឍសមត្ថភាពស្ត្រីក្នុងការបំពេញមុខងារសាធារណៈ។
ក្រសួងកិច្ចការនារីឲ្យដឹងថា ស្ត្រីដែលកំពុងបម្រើការងារជាមន្ត្រីរាជការ មានចំនួន៣២%កាលពីឆ្នាំ២០០៧ និងមានការកើនឡើងដល់៤០% នៅក្នុងឆ្នាំ២០១៦។ រីឯ តំណាងស្ត្រីថ្នាក់មូលដ្ឋានមានចំនួនត្រឹមតែ១៧% ខណៈតំណាងស្ត្រីថ្នាក់ជាតិមានត្រឹមតែជាង២០%ប៉ុណ្ណោះ។
អ្នកជំនាញរំពឹងថា ភាគីពាក់ព័ន្ធ ដែលរួមមានក្រុមគ្រួសារ សង្គមស៊ីវិលនិងរដ្ឋាភិបាល នឹងសហការគ្នាកាន់តែខ្លាំងថែមទៀត ក្នុងការជួយលើកទឹកចិត្តស្ត្រីឲ្យអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីឲ្យពួកគេកាន់តែសកម្មក្នុងការអភិវឌ្ឍសង្គម។
ថ្លែងនៅក្នុងពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៦ នាព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នរដ្ឋនានាបន្ថែមថវិកាជាតិលើការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។
លោកនាយករដ្ឋមន្ត្រី លើកឡើងថា សមាសភាពយេនឌ័រមានសារៈសំខាន់ចំពោះការបង្កើតសន្តិភាព និងទប់ស្កាត់ជម្លោះនៅក្នុងសង្គម៕