ក្រុមតំណាងរាស្ត្រប្រឆាំងទាំងនេាះបានដាក់លិខិតទៅរដ្ឋមន្រ្តីចំនួនបី តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យក្រសួងទាំងបីនោះស្វែងរកយុត្តិធម៌ជូនស្ត្រីរកស៊ីផ្លូវភេទម្នាក់ដែលបានលង់ទឹកទន្លេសាបស្លាប់ ខណៈដែលនាងរត់គេចពីការតាមចាប់របស់សន្តិសុខខណ្ឌដេញកាលពីដើមខែមករានេះ។
លិខិតចំនួនបីច្បាប់របស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងនោះ ត្រូវបានលោក ហេង សំរិន ប្រធានរដ្ឋសភាបញ្ជូនទៅឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីថ្ងៃទី២៤ ខែមករា។
លិខិតទាំងបីច្បាប់នោះសរសេរថា៖«ស្រ្តីរងគ្រោះឈ្មោះ ប៉ែន សុគន្ធា អាយុ៣៣ឆ្នាំ ជាស្ត្រីរកស៊ីផ្លូវភេទ បានស្លាប់នៅពេលនាងព្យាយាមរត់គេចពីសន្តិសុខខណ្ឌដូនពេញ ដែលបានឆ្មក់ចាប់ស្ត្រីរកស៊ីផ្លូវភេទនៅម្តុំទន្លេសាបក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមករា។ សាក្សីបាននិយាយថា នាងបានរអិលជើងដួលបោកក្បាលហើយធ្លាក់ចូលទៅក្នុងទឹក ពេលលោតពីទូកមួយទៅទូកមួយនៅកំពង់ផែក្បែរវត្តភ្នំ ហើយសន្តិសុខបានទុកនាងឲ្យលង់ទឹកស្លាប់ ព្រមទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋចុះជួយសង្គ្រោះពេលនាងស្រែកហៅឲ្យជួយ»។
ក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រុមតំណាងរាស្រ្តបក្សប្រឆាំងបានស្នើឲ្យលោក អង្គ វង្សវឌ្ឍានា ធ្វើអន្តរាគមន៍ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យកសាងសំណុំរឿង និងឈានទៅចោទប្រកាន់ក្រុមសន្តិសុខខណ្ឌដូនពេញដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។ ពួកគេបានផ្ញើលិខិតទៅរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយស្នើសុំអន្តរាគមន៍ការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីទូទៅ។
តាមរយៈលិខិតផ្ញើជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុមតំណាងរាស្រ្តទាំងនោះបានអំពាវនាវឲ្យក្រសួងមហាផ្ទៃបង្កើតគណៈកម្មការអព្យាក្រឹត្យដើម្បីស៊ើបអង្កេតទៅលើការស្លាប់នេះ។ ក្រុមតំណាងរាស្រ្តបក្សប្រឆាំងទាំងនោះ បន្ថែមថា ពួកគេនៅតែព្រួយបារម្ភលើវិធានការការពារសុវត្ថិភាពសង្គម ដោយការប្រើអំពើហិង្សាដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កុមារនិងស្រ្តី។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំងប្រាប់ VOA ថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងទាំងបីត្រូវតែធ្វើអន្តរាគមន៍ និងបើកការស៊ើបអង្កេតរកយុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ លោកស្រីបន្ថែមថា ប្រសិនជាមិនមានការឆ្លើយតបណាមួយពីក្រសួងទាំងបីពាក់ព័ន្ធនឹងករណីនេះទេ នោះគណៈកម្មការរដ្ឋសភាដែលមានសមត្ថកិច្ចនឹងកោះហៅរដ្ឋមន្រ្តីទាំងនោះមកបំភ្លឺ។
លោកស្រីបញ្ជាក់ថា៖ «បើសិនជាមានកង្វះខាតក្នុងការអនុវត្តច្បាប់ យើងជំរុញបន្តទៀត នៅមាននីតិវិធីបន្តទៀតដូចជាកោះអញ្ជើញរដ្ឋមន្រ្តីពាក់ព័ន្ធមកឆ្លើយនៅសភាជាតិ។ ហើយបន្ទាប់ទៀតយើងសូមអំពាវនាវសូមឲ្យដៃគូដទៃទៀតគឺ សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល អ្នកការពារសិទ្ធិមនុស្ស ស្រ្តីទាំងអស់គ្នា ពលរដ្ឋទាំងអស់គ្នាតាមដានដោយយើងផ្តល់មតិរបស់យើង សូមឲ្យមានយុត្តិធម៌ គឺមិនមែនដើម្បីតែស្រ្តីតែមួយរូបទេ គឺបំបាត់វប្បធម៌និទណ្ឌភាពក្នុងព្រះរាជាណាចក្រកម្ពុជា។»
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានទេ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធមិនបង្កើតគណៈកម្មការស៊ើបអង្កេតតាមការស្នើសុំរបស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំង។ ទោះជាយ៉ាងណាលោកថា ក្រសួងនឹងពិនិត្យលើសំណើនេះ ហើយក្រសួងនឹងធ្វើទៅតាមលទ្ធភាព។
លោកមានប្រសាសន៍ថា៖
«ពិចារណាដើម្បីធ្វើការស៊ើបអង្កេត។ វាច្បាស់លាស់ត្រង់កម្រិតណា? បើមានមនុស្សស្លាប់ហើយ យើងឧទាហរណ៍បង្កើតគណៈកម្មការឯករាជ្យ ថ្ងៃនេះបង្កើតមួយ ថ្ងៃក្រោយបង្កើតមួយតែរហូតហ្នឹង ឲ្យតែស្លាប់បង្កើតតាមគាត់យ៉ាងម៉េចហ្នឹងកើត រដ្ឋអធិបតេយ្យមួយអញ្ចឹង?»។
ក្រោយហេតុការណ៍នោះកើតឡើងបានជិត១សប្តាហ៍ គណៈអភិបាលខណ្ឌដូនពេញដែលដឹកនាំដោយលោក សុខ ពេញវុធ ជាអភិបាល បានឧបត្ថម្ភទឹកប្រាក់មួយចំនួនដល់ក្រុមគ្រួសាររបស់ជនរងគ្រោះនោះ។
ក្រុមតំណាងរាស្រ្តបក្សប្រឆាំងលើកឡើងថា ក្រុមសន្តិសុខពិតជាមានបំណងទុកឲ្យជនរងគ្រោះលង់ទឹកស្លាប់មែន ដូច្នេះក្រុមសន្តិសុខខណ្ឌដូនពេញមានពិរុទ្ធភាពពីបទឃាតកម្ម និងឃាតកម្មគិតទុកជាមុន។ ពួកគេបន្ថែមថា ករណីព្រហ្មទណ្ឌត្រូវតែបើកការស៊ើបអង្កេត ទោះបីជាជនរងគ្រោះយល់ព្រមទទួលយកជំនួយឧបត្ថម្ភពីអាជ្ញាធរខណ្ឌ ជាថ្នូរនឹងការមិនបន្តដំណោះស្រាយផ្លូវច្បាប់ក៏ដោយ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់ VOA ថា អាជ្ញាធរមានសមត្ថកិច្ចគួរតែបើកការស៊ើបអង្កេតរកការពិត ។
លោកមានប្រសាសន៍ថា៖
«វាធ្វើឲ្យមានការបាត់បង់ជំនឿទុកចិត្ត ហើយបើសិនជារឿងនេះវាកើតឡើងហើយ មិនបានធ្វើការស៊ើបអង្កេត គឺវាប៉ះពាល់ធ្ងន់ធ្ងរ វាទៅជានិទណ្ឌភាព ហើយការប្រព្រឹត្តនូវទង្វើទាំងអស់នេះវាអាចនឹងបន្តទៅទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយើង»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតតាមនីតិវិធីលើករណីនេះ ទោះបីជាមិនមានលិខិតរបស់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងក៏ដោយ ដោយសារករណីនេះជាបទល្មើស៕