ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា​រយៈពេល​៨ខែ បង្ហាញ​តម្រុយ​ថា ជិត​ដល់​ទីបញ្ចប់

  • Robert Carmichael

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ដែល​លោក​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៤។
ការចរចា​រវាង​គណបក្ស​គ្រប់គ្រង​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ក្រោយ​ការបោះឆ្នោត​នៅ​ឆ្នាំ​មុន​នោះ បាន​នៅ​ទ្រឹង​ជាច្រើន​ខែ។ គណបក្ស​ទាំងពីរ មិន​យល់ស្រប​នឹង​គ្នា​លើ​ចំណុច​មួយ​ចំនួន ក្នុង​នោះ ចំណុច​ដែល​សំខាន់​បំផុត​គឺ ការធ្វើ​កំណែ​ទម្រង់​គណៈ​កម្មការ​ធិការជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់ថា គ.ជ.ប។ ក៏ប៉ុន្តែ មាន​សញ្ញា​បង្ហាញ​ថា ច្រកចេញ​សម្រាប់​បញ្ហា​ទាំង​នេះ ហាក់​ដូចជា​បាន​បង្ហាញ​រូបរាង ហើយ​ការជួបប្រជុំ​រវាង​មេដឹកនាំ​របស់​គណបក្ស​ទាំងពីរ កាន់តែ​ទំនង​ថា នឹង​កើត​មាន។

ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្នុង​ស្ថានការណ៍​ជាប់​គាំង​នយោបាយ​តាំងពី​ការបោះឆ្នោត​ជាតិ​ដែល​មាន​ជម្លោះ ដែល​ធ្វើ​ឡើង​នៅ​ខែកក្កដា​ឆ្នាំ​មុន ដែល​ការបោះឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ធ្វើ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​ភ្ញាក់ផ្អើល ដោយសារ​ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ជិត​ពាក់​កណ្តាល​និង​អាសនៈ​សភា​៥៥ ក្នុង​ចំណោម ១២៣ អាសនៈ។

គណបក្ស​ប្រឆាំង​អះអាង​ថា ខ្លួន​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​លួច​បន្លំ​ជ័យជំនះ ហើយ​បដិសេធ​មិន​ព្រម​ឲ្យ​តំណាងរាស្រ្ត​របស់​ខ្លួន​ចូលរួម​ក្នុង​សភា រហូត​ទាល់​តែ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​គេ​ចោទ​ថា បាន​កើត​មាន​ឡើង ឬ​ ត្រូវ​មាន​ការបោះឆ្នោត​ជាថ្មី។

គណបក្ស​ប្រឆាំង ក៏​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ គណៈ​កម្មការ​ធិការជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដែល​សមាជិក​នៃ​គណៈ​កម្មការ​ធិការ​នេះ ជាក់​ស្តែង​ត្រូវ​បាន​តែងតាំង​ដោយ​គណបក្ស​គ្រប់គ្រង​អំណាច។ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ចង់​ឲ្យ​ការតែងតាំង​សមាជិក​គ.ជ.ប ព្រមព្រៀង​តាម​ការបោះឆ្នោត​ពីរ​ភាគ​បី​នៅ​ក្នុង​សភា​ និង​ផ្តល់​អំណាច​ក្នុង​ការបដិសេធ​សមាជិក​ដែល​ខ្លួន​ជំទាស់។

នៅ​ក្នុង​ការព្យាយាម​បង្កើន​ការដាក់​សំពាធ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា ចាប់ពី​ខែឧសភា​ខាង​មុខ​នេះ ខ្លួន​នឹង​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ជា​រៀងរាល់​ថ្ងៃ​រហូត​ដល់​ពេល​បោះឆ្នោត​រាជធានី-ខេត្ត នៅ​ថ្ងៃ​ទី១៨​ខែឧសភា។

ក៏ប៉ុន្តែ លោក សុន ឆ័យ ជា​តំណាងរាស្ដ្រ និង​ជា​ប្រធាន​ក្រុម​ចរចា​ខាងគណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា ការសន្ទនា​គ្នា នៅតែ​ជា​ជម្រើស​ទីមួយ។

«ដូច្នេះ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​យើង​នៅតែ​មិន​អាច​ស្វែង​រកដំណោះស្រាយ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្វែង​រក​វិធី​ផ្សេង​ទៀត គឺ​ធ្វើការ​ជាមួយ​សារធារណជន ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច​ ត្រូវតែ​ដោះស្រាយ​បញ្ហា​ទាំងនេះ។ នេះ គឺ​ជា​ជម្រើស​ទីពីរ។ ក៏ប៉ុន្តែ ក្នុង​ពេល​ឥឡូវ​នេះ​ យើង​នៅតែ​ធ្វើការ​សម្របសម្រួល ឬ ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ខ្លះៗ មុន​ខែឧសភា»។

កិច្ចព្រមព្រៀង​ហាក់​ដូចជា​អាច​នឹង​សម្រេច​បាន ដែល​ខុស​ពី​ស្ថានភាព​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ នៅ​ថ្ងៃអង្គារ៍​ទី១ ខែមេសា​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង បាន​ចង្អុល​បង្ហាញ​ថា ការជួបប្រជុំ​មួយ​រវាង​មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ កំពុងស្ថិត​នៅ​ក្នុង​ការចរចា។ បើ​ការជួប​ប្រជុំ​នេះ​កើត​មាន​ឡើង នោះ​វា​ជា​ការជួប​ប្រជុំ​លើក​ទីពីរ​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាប់តាំងពី​ការជួបប្រជុំ​របស់​អស់​លោក​លើក​ទីមួយ នៅ​ខែកញ្ញា​ឆ្នាំមុន ដែល​បាន​បញ្ចប់​ទៅ​ដោយ​ការព្រមព្រៀង​គ្នា​មិន​ច្បាស់លាស់​លើ​ការធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត។

រហូត​មក​ទល់​ពេល​នេះ គណបក្ស​គ្រប់គ្រង​អំណាច​នៅតែ​មិនទាន់​ទទួល​យក​ការទាមទារ​សំខាន់ៗ​របស់​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ ហើយ​ជាជំនួស​វិញ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សេចក្តី​ព្រាង​នៃ​តម្រូវការ​របស់​ខ្លួន ដោយ​រួម​បញ្ចូល​ទាំង​ការឃ្លាំមើល​ការបោះឆ្នោត​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​មាន​ភាពតឹងរឹង​ជាង​មុន​ផងដែរ។ ហើយ​បន្ទាប់ពី​កិច្ចចរចា​ចុងក្រោយ​ដែល​បរាជ័យ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​គ្រប់គ្រង​អំណាច​បាន​និយាយ​ថា គណបក្ស​របស់​លោក បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជំរុញ​ឲ្យ​ការធ្វើ​កំណែ​ទម្រង់​គ.ជ.ប​របស់ខ្លួនទៅមុខ។

ក៏ប៉ុន្តែ លោក អូ វីរៈ ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស និង​ជា​អ្នក​វិភាគ​នយោបាយ​ជា​យូរ​មក​ហើយ​នោះ បាន​ថ្លែង​ថា ការបោះជំហាន​តែ​ភាគី​ម្ខាង​ដូច្នេះ ទំនងជា​នឹង​មិន​បាន​ទទួល​ជោគជ័យ​ទេ ពីព្រោះ​គណបក្ស​គ្រប់គ្រង​អំណាច ដឹង​ថា នៅក្នុង​ការបោះឆ្នោតជាតិ​លើក​ចុងក្រោយ​នេះ ខ្លួន​ហៀប​នឹង​ចាញ់​ឆ្នោត​ទៅ​ហើយ ។​

«បាទ ខ្ញុំ​គិត​ថា នោះ​ជា​វិធី​តែ​មួយ​គត់ បើសិនជា​គេ​ចង់​ឲ្យ​មាន​ការបោះឆ្នោត​មួយ​ដែល​ស្របច្បាប់ និង​ដើម្បី​ជៀសវាង​មិន​ឲ្យ​មាន​ជម្លោះ​ក្រោយ​ការបោះឆ្នោត​ទៀត ដូច​ដែល​យើង​កំពុង​មាន​សព្វថ្ងៃ​នេះ។ បើសិនជា​គ្មាន​ការទុកចិត្ត​ទៅ​លើ​គណ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្មាន​ការទុកចិត្ត​ទៅ​លើ​ដំណើរ​ការ​បោះឆ្នោត​ទេ នោះ​ការជាប់គាំង​នយោបាយ​នៅ​កើត​មាន​ឡើង រាល់​ពេល​ក្រោយ​ការបោះឆ្នោត»។

អំពើ​ពុករលួយ ការរឹបអូស​យក​ដីធ្លី ប្រាក់ឈ្នួល​ការងារ​ទាប និង​កង្វះ​ការងារ​ធ្វើ ជា​មូលហេតុ​មួយ​ចំនួន​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​ពលរដ្ឋ​កម្ពុជា​ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​ការបោះឆ្នោត បាតុកម្ម​ជាច្រើន​ដែល​មាន​បាតុករ​រាប់ម៉ឺន​នាក់ ដើរ​ដង្ហែរ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញ​ពី​តំណែង។ នេះ​ជា​ការតវ៉ា​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន ប្រឆាំង​នឹង​ការគ្រប់គ្រង​អំណាច​រយៈ​ពេល​៣ទសវត្សរ៍​របស់​លោក ហ៊ុន សែន។

ជាការឆ្លើយតប អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការជួបប្រជុំ​នៅ​ទីសាធារណៈ និង​ចាប់​បាតុករ​ជាង២០នាក់​ដាក់​ពន្ធនាគារ។ នៅ​ខែមករា​កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​បាញ់​កម្មករ​កាត់ដេរ​ស្លាប់​យ៉ាងតិច​ណាស់​៤​នាក់ ដែល​ពួកគេ​បាន​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរិមា។ វិស័យ​កាត់ដេរ ដែល​មាន​និយោជិក​ធ្វើការ​ប្រមាណ​ជា​៥សែន​នាក់ គឺជា​ឧស្សហកម្ម​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា។

លោក អូ វីរៈ ថ្លែង​ថា គណបក្ស​គ្រប់គ្រង​អំណាច ដែល​បាន​តាមដាន​បដិវត្តន៍​Arab Spring នោះ​ដឹង​ថា ខ្លួន​ត្រូវតែ​បង្កើន​ភាពស្របច្បាប់​របស់​ខ្លួន​នៅ​ក្នុង​ចំណោមប្រជា​ពលរដ្ឋ​កម្ពុជា។

«ដូច្នេះ ឥឡូវ​នេះ មតិ​សាធារណៈជន មាន​សារៈសំខាន់​ជាង​ពេល​មុនៗ ហើយ​ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្វះស្វែង​រក​ការគាំទ្រ​នោះ។ និយាយ​ឲ្យ​ចំ​ទៅ នេះ​ជា​ចំណុច​មួយ​ដែល​គណបក្ស​កាន់អំណាច​មិន​ធ្លាប់​ស្គាល់ មិន​ធ្លាប់​ដឹង​ពី​មុន ដែល​ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​យក​ចិត្ត​ទុកដាក់​ស្តាប់​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា»។

លោក អូ វីរៈ ថ្លែង​បន្ត​ថា ថ្វីបើ​នេះ​ជា​ការផ្តល់​ឥទ្ធិពល​ខ្លះ​ដល់​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏ពួកគេ​ត្រូវតែ​ជំរុញ​ឲ្យ​មាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​ធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត ក៏ដូច​ជា​បន្ធូរបន្ថយ​ការគ្រប់គ្រង​លើ​ការផ្សព្ធផ្សាយ​ព័ត៌មាន​តាម​វិទ្យុ និង​ទូរទស្សន៍។

«ដូច្នេះ បើសិនជា​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ដូច្នោះ​បាន នោះ​ពួកគេ​នឹង​ទទួល​បាន​ការប្រកួត​ប្រជែង​ដែល​មាន​ភាពត្រឹមត្រូវ​ជាង​នេះ​មួយ។ វា​នឹង​មិនមាន​ការប្រកួត​ប្រជែង​ដ៏ត្រឹមត្រូវ​ទេ​នៅក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ វា​នឹង​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ប្រឆាំង​ជាង​នេះ នៅក្នុង​ការបោះឆ្នោត​ខាង​មុខ។ ខ្ញុំ​គិត​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​ចូលរួម​នៅ​ក្នុង​សភា បើ​សិន​ជា ពួកគេ​បាន​ទទួល​ចំណុច​សម្បទាន​ទាំង​នេះ»។

ក្នុង​ការសម្លឹង​ទៅ​មុខ លោក អូ វីរៈ មិន​មាន​ជំនឿ​ថា គណបក្ស​គ្រប់គ្រង​អំណាច នឹង​មាន​សមត្ថភាព​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​លឿន​ល្មម ដើម្បី​ឈ្នះ​ដោយ​ត្រឹមត្រូវ​នៅក្នុង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំ២០១៨ នោះ​ទេ។ ក៏ប៉ុន្តែ ទាំងនេះ​គ្រាន់តែ​ជា​ពាក់កណ្តាល​នៃ​ការប្រកួតប្រជែង​ប៉ុណ្ណោះ​សម្រាប់​គណបក្ស​ប្រឆាំង បញ្ហា​ប្រឈម​នោះ​គឺ ការបង្ហាញ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ថា ខ្លួន​បាន​រក​ឃើញ​ជម្រើស​មួយ​ដែល​គួរ​ឲ្យជឿ​ទុកចិត្ត​បាន៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់
XS
SM
MD
LG