ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ព្រមាន​កុំ​ឱ្យ​បក្ស​ប្រឆាំង​បង្ក​ហិង្សា


​លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។
​លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។
នាយករដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន សែន ​បាន​ព្រមានដោយ​បញ្ឆិត​បញ្ឆៀង​ដល់​គណបក្ស​ជំទាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះកុំ​ឲ្យ​បង្ក​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ទៀត​នៅ​ក្នុង​ប្រទេស។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ គ្រោង​នឹង​ធ្វើ​សមាជមហាជន​មួយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​៣០​ខែមីនា​នេះដែលនឹងមាន​ប្រជា​ពលរដ្ឋ​ចំនួន​៥.០០០​ពាន់​នាក់​ចូល​រួម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ។

សមាជ​នេះ​មាន​គោល​ដៅ​បញ្ជាក់បង្ហាញ​លទ្ធ​ផល​នៃ​កិច្ច​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ព្រម​ទាំង​បញ្ជាក់​ជំហររបស់​គណបក្ស​ជំទាស់និង​ស្នើ​សុំ​មតិ​យោបល់​របស់​មហាជន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទំបន់​វារី​អគ្គិសនី​ស្ទឹង​អាតៃ​នៅ​ខេត្ដ​ពោធិ៍សាត់ ​លោកហ៊ុន សែន​ ព្រមាន​ថា ​លោក​បើក​ឱកាស​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ប៉ុន្តែ​មិនអនុញ្ញាត​ឲ្យ​មាន​ការ​បង្ក​សង្គ្រាម​ស៊ីវិល​នោះទេ។

«បញ្ចេញ​មតិអ្វី​បញ្ចេញ​ទៅ​តែកុំ​នាំ​គ្នា​បង្កើត​សង្គ្រាម​ព្រោះ​សង្គ្រាម​នេះ​បើ​កើត​ហើយ​មិន​ងាយ​រំលត់​ទេ»។

​លោក​ហ៊ុន សែន​ ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បា​ន​រុញ​ច្រាន​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​ខ្មែរ​ក្រហម​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ពីរលាន​នាក់។

​លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បានព្រមាន​បន្ថែម​ថាការបង្ក​អំពើ​ហិង្សា​ណាមួយ​នឹង​ទទួល​រង​ការ​បង្រ្កាប។

«ចង់​បញ្ជាក់​ថា​ច្បាប់​មាន​កំណត់​របស់​វា។​មិនមែន​បាន​សេចក្តី​ថា​ទៅ​ហួស​ពី​ច្បាប់​បាន​ទេ។​បើ​ទៅ​ហួស​ចូល​ដល់​ហឹង្សា​ហើយ​គឺ​អស់​ខន្តី​ហើយ​ គឺ​ច្បាប់ត្រូវ​ធ្វើ​សកម្មភាព​ហើយ»។​

​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​ធ្លាប់​បាន​បង្ក្រាប​ក្រុមបាតុករ​ជា​បន្ត​បន្ទាប់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។មាន​មនុស្ស​យ៉ាង​តិច​ចំនួន​ប្រាំពីរ​នាក់​បាន​ស្លាប់​និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស។

​លោកស្រី​មួ សុខហួរ ​តំណាងរាស្ដ្រ​ប្រចាំមណ្ឌល​ខេត្ត​បាត់​ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ព្រមាន​ទុក​ជាមុន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

​លោកស្រី​យល់​ថា​នេះ​គឺជា​ការគំរាម​កំហែង​របស់​លោក​ប្រមុខ​រដ្ឋា​ភិបាល៖

«ជារៀង​រាល់​ពេល​លោក​ហ៊ុន សែន​ តែងតែ​ចូល​ដល់​ភាសា​ដែល​យើង​យល់​ឃើញ​ថា​ជា​ភាសា​គំរាម​កំហែង​ទៅ​លើ​អ្វី​ដែល​ជាសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ មិន​បាច់​លោក​ហ៊ុន សែន មក​ប្រដៅ​ប្រជា​ពលរដ្ឋ​ទេ។ ​សូម​ឲ្យ​លោក​ហ៊ុន សែន ​ទុក​ភាសា​ហ្នឹង​សម្រាប់​ក្រុម​គាត់ ​សម្រាប់​គ្រប់​គ្រង​ជន​ខិល​ខូច​ដទៃ​ទៀតចុះ។​បើ​សិន​មិន​អញ្ចឹង​ទេ​សុំឲ្យ​លោក​ហ៊ុន សែន ​អញ្ជើញ​មក​ទីលាន​ប្រជាធិបតេយ្យ​ជួប​ជាមួយ​ប្រជា​ពលរដ្ឋ​ទៅ»។

សមាជ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចំ​ថ្ងៃ​រំលឹក​ខួប​លើក​ទី​១៧​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កម្មករ​រោង​ចក្រកាត់ដែរ។ ​ការ​វាយ​ប្រហារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​១៦​នាក់​ស្លាប់​និង​ជាង​១០០​នាក់​រង​របួស។ ​ហើយ​រហូត​មក​ទល់​ពេល​នេះ​ជនរងគ្រោះ​នៅ​តែ​ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ៕
XS
SM
MD
LG