ភាពយន្តឯកសារមួយស្តីពីវីរភាពរបស់សកម្មជនការពារព្រៃឈើកម្ពុជា ដែលបានពលីជីវិត គឺលោក ឈុត វុទ្ធី ត្រូវបានហាមប្រាមមិនឲ្យចាក់ផ្សាយជាសាធារណៈក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក្តី អ្នកដឹកនាំផលិតឯកសារនេះថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ VOA ថា ភាពយន្តនេះនិងវីរភាពរបស់លោក ឈុត វុទ្ធី នៅតែស្ថិតក្នុងចិត្តរបស់អ្នកស្រឡាញ់ព្រៃឈើគ្រប់រូប។
បួនឆ្នាំកន្លងមកហើយ ដែលសកម្មជនព្រៃឈើដ៏ក្លាហាន លោក ឈុត វុទ្ធី ត្រូវបានមន្ត្រីនៃកងរាជអាវុធហត្ថ បាញ់សម្លាប់ក្នុងព្រៃនាខេត្តកោះកុង តែវីរភាពនឹងការប្តេជ្ញារបស់លោក ក្នុងការការពារព្រៃឈើកម្ពុជានៅតែបន្ត។
លើសពីនេះទៀតរឿងរ៉ាវរបស់លោកត្រូវបានគេចងក្រងឡើងវិញ ធ្វើជាភាពយន្តឯកសារមួយដែលមានរយៈពេលជិតមួយម៉ោង។ ក្នុងនោះវាបានរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកឈុត វុទ្ធី ក្នុងការដឹកនាំសកម្មជននិងប្រជាពលរដ្ឋកម្ពុជាធ្វើការតស៊ូមតិ និងយាមល្បាតការពារព្រៃឡង់ដែលពួកគេហៅថាផ្ទះរបស់ពួកគេនោះ។
បណ្ឌិត Fran Lambrick អ្នកដឹកនាំផលិតភាពយន្តឯកសារមានចំណងជើងថា "I am Chut Wutty" ឬជាភាសាខ្មែរ «ខ្ញុំគឺឈុត វុទ្ធី» បានប្រាប់ VOA នាសប្តាហ៍នេះថា ភាពយន្តឯកសារស្តីពីលោកឈុត វុទ្ធី គឺជាការឆ្លុះបញ្ចាំងពីតថភាពនិងពលិកម្មរបស់សកម្មជនព្រៃឈើក្នុងប្រទេសកម្ពុជា ដែលមិនខ្លាចក្នុងការប្រឈមនានាក្នុងការការពារព្រៃឈើ។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ VOA កាលពីថ្ងៃអង្គារ កញ្ញា Fran Lambrick បានបញ្ជាក់ថា៖
«ខ្សែភាពយន្តនេះនិយាយអំពីសកម្មជនព្រៃឈើ ដែលពួកគាត់ការពារព្រៃឈើនៅកម្ពុជា។ ដោយចំពោះនោះ គឺភាពយន្តនេះឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់លោក ឈុត វុទ្ធី។ ខ្ញុំបានថតគាត់កាលពីឆ្នាំ២០១១។ ខ្ញុំបានជួបគាត់នៅពេលដែលខ្ញុំចុះទៅថតជាមួយបណ្តាញសហគមន៍ព្រៃឡង់ ដែលដើរល្បាតព្រៃ។ ពួកគេបានស៊ើបអង្កេតការកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់មួយដែលព្រៃឈើត្រូវបានកាប់បំផ្លាញជាទ្រង់ទ្រាយធំដើម្បីធ្វើចម្ការកៅស៊ូ»។
អ្នកផលិតភាពយន្តជនជាតិអង់គ្លេសរូបនេះ ឲ្យដឹងផងដែរថា សារៈសំខាន់របស់ភាពយន្តឯកសារ នេះមិនមែនបង្ហាញត្រឹមតែវីរភាពរបស់លោក ឈុត វុទ្ធី នោះទេ ក៏ប៉ុន្តែវាក៏បង្ហាញពីការងើបឡើង នឹងការចងក្រងគ្នារបស់អ្នកស្រឡាញ់ព្រៃឈើនិងអ្នករស់នៅតំបន់ព្រៃឡង់ ដើម្បីធ្វើការការពារនិងបញ្ឃប់ការកាប់ព្រៃខុសច្បាប់ក្នុងតំបន់ព្រៃឡង់ ដែលលាតសន្ធឹងដល់បួនខេត្ត រួមមានខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
បណ្ឌិត Fran Lambrick ថ្លែងបន្តទៀតថា៖
«ខ្ញុំយល់ថា ភាពយន្តនេះពិតជាសំខាន់ណាស់ ដោយសារតែវាមានតួអង្គគំរូមួយដែលជាស្នូលនៃសាច់រឿង។ ដូច្នេះ ឈុត វុទ្ធី គឺជាតួអង្គដែលមានភាពក្លាហាន និងបានបំផុសស្មារតីទៅដល់មនុស្សជាច្រើនរយនាក់នៅកម្ពុជាដែលបានស្គាល់គាត់ ដែលបានធ្វើតាមគាត់ និងចង់ឲ្យគាត់ជួយ ជាពិសេសនៅពេលដែលពួកគេប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ឬការកាប់ព្រៃឈើក្នុងសហគមន៍របស់ពួកគេ។ ភាពយន្តមួយនេះ បានបំផុសគំនិតមនុស្សជាច្រើន ក៏ព្រោះតែលោក ឈុត វុទ្ធី គឺជាវីរជន ក៏ព្រោះតែ លោក ឈុត វុទ្ធី ត្រូវបានសម្លាប់យ៉ាងសាហាវ»។
ភាពយន្តឯកសាររឿង “I am Chut Wutty" ឬ «ខ្ញុំគឺ ឈុត វុទ្ធី» បានចាប់ផ្តើមថតនាចុងឆ្នាំ ២០១១ គឺពេលដែលលោក ឈុត វុទ្ធី និងបណ្តាញការពារព្រៃឡង់ដែលមានសមាជិករាប់រយនាក់ក្នុងខេត្តចំនួន៤ ចាប់ផ្តើមយុទ្ធនាការដើរល្បាតព្រៃ ប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានដែលពួកគេយល់ថា បានទន្ទ្រានព្រៃនិងកាប់ឈើក្រៅដីសម្បទាន ដែលរដ្ឋាភិបាលផ្តល់ឲ្យក្នុងតំបន់ព្រៃឡង់នោះ។ ប្រាំខែក្រោយពីយុទ្ធនាការដ៏ធំនោះបានចាប់ផ្តើម លោក ឈុត វុទ្ធី ត្រូវបានគេបាញ់សម្លាប់ ពេលដែលលោកនាំអ្នកយកព័ត៌មានកាសែត The Cambodia Daily ទៅខេត្តកោះកុងនោះ។ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី។
ទស្សនាសម្រង់សង្ខេបនៃភាពយន្តនេះ៖
កញ្ញា Fran Lambrick យល់ថា វីរភាពរបស់ លោក វុទ្ធី បានជំរុញឲ្យសកម្មជនព្រៃឈើកម្ពុជា យកគំរូតាម ហើយភាពក្លាហានរបស់លោកនៅជាមួយព្រៃឡង់។ ហើយការងើបឡើងរបស់ប្រជាពលរដ្ឋក្នុងព្រៃឡង់ ធ្វើឲ្យមានការយល់ដឹងយ៉ាងច្រើនអំពីការកាប់បំផ្លាញព្រៃឈើកម្ពុជានិងសារៈសំខាន់នៃការការពារព្រៃឈើខ្មែរ។ បណ្ឌិត Lambrick បន្តថា ភាពយន្តឯកសារនេះក៏បានជំរុញឲ្យមានអ្នកស្រឡាញ់និងការពារព្រៃឈើច្រើនទៀតផងដែរ។
ផលិតករភាពយន្តរូបនេះពន្យល់ថា៖
«ខ្ញុំគិតថា ភាពយន្តនេះពិតជាបានបំផុសស្មារតីដល់អ្នកទស្សនាប្រាកដមែន។ ជាក់ស្តែងមានអ្នកទស្សនាជាច្រើនប្រាប់ខ្ញុំថា ពួកគេយល់ថា ភាពយន្តនេះមានចំណុចបំផុសស្មារតីដល់ពួកគេ។ អ្នកខ្លះយល់ថា រឿងនេះជាសោកនាដកម្ម ព្រមទាំងគួរឲ្យភ័យខ្លាចខ្លះផង ដោយសារតែមានឈុត លោក ឈុត វុទ្ធី រងការវាយប្រហារដោយអំពើហិង្សា។ ខ្ញុំក៏យល់ដូចគ្នាដែរ ការធ្វើការជិតស្និទ្ធក្នុងរឿងនេះ ខ្ញុំឃើញថា មានចំណុចខ្លះដែលធ្វើឲ្យអ្នកខ្លាច តែវាក៏ជាចំណុចដែលបំផុសស្មារតីអ្នកមើលដែរ។ ខ្ញុំយល់ថា មនុស្សគួរតែអាចឆ្លងផុតពីភាពភ័យខ្លាចនោះ។ ហេតុនេះ ខ្ញុំគិតថា មនុស្សមានប្រតិកម្មឆ្លើយតបខុសៗគ្នា ប៉ុន្តែមនុស្សភាគច្រើននឹងអាចមានការឆ្លើយតបកាន់តែសកម្ម និងប្រសើរឡើង»។
ក្នុងឈុតមួយនៃខ្សែភាពយន្ត "I am Chut Wutty" គឺក្រោយពីហេតុការណ៍ហិង្សាលើរូបលោក នាឆ្នាំ២០១១ លោក ឈុត វុទ្ធី បានប្រាប់នាង Fran Lambrick យ៉ាងដូច្នេះថា៖
«ដូចព្រឹកមិញអ៊ីចឹង ខ្ញុំបានធ្វើដំណើរចេញទៅកន្លែងនោះ ទីលាននោះមួយ ដើម្បីជូនដំណើរក្រុមការងារស្ម័គ្រចិត្ត ដែលគាត់ខំធ្វើ ជាពិសេសក្រុមការពារព្រៃឡង់នោះ ជូនដំណើរគាត់ គាត់មានការសប្បាយចិត្ត ហើយគាត់មានកាជូនពរ ការពារ ចងសំបើមណាស់ ជូនពរឲ្យខ្ញុំមានសេចក្តីសុខ ហើយថែរក្សា។ ហើយបើអត់មានខ្ញុំ គាត់មានការពិបាកណាស់ក្នុងការធ្វើ។ ម៉្លោះហើយគាត់អត់មានសង្ឃឹមអ្នកណាទេ ពេលបច្ចុប្បន្នគឺសង្ឃឹមលើខ្ញុំ។ អ៊ីចឹងជាលក្ខណៈមួយ ខ្ញុំចង់បញ្ជាក់ឡើងវិញថា ចំពោះការងារនេះ ខ្ញុំពិបាកក្នុងការទម្លាក់ចោល បើខ្ញុំមិនធ្វើ មិនសូវមានអ្នកចូលចិត្តធ្វើទេ ពីព្រោះគេខ្លាចក្នុងការធ្វើការងារហ្នឹង»។
យ៉ាងណាក៏ដោយ ភាពយន្តឯកសាររឿង«ខ្ញុំគឺឈុត វុទ្ធី» នេះ គ្រោងនឹងបញ្ចាំងជាសាធារណៈនាផ្ទះមេត្តា (Meta House) ដែលជាមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់កម្ពុជា នាល្ងាចថ្ងៃពុធនេះ ក៏ប៉ុន្តែការបញ្ចាំងជាសធារណៈនេះត្រូវបានហាមប្រាមដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អ្នកនាំពាក្យនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានអះអាងប្រាប់ VOA ថាការដាក់បញ្ចាំងនេះ គឺមិនបានសុំការអនុញ្ញាតពីក្រសួងហើយ វាក៏រំលោភលើអនុស្សរណៈរបស់ក្រសួងនិងផ្ទះមេត្តានៃជាមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់។
លោក ថៃ នរៈសត្យា ថ្លែងថា៖
«ឈរលើមូលដ្ឋានអត់មានច្បាប់ហ្នឹង ហើយដែលយើងធ្វើការហាមឃាត់ ហើយយើងសុំឲ្យគាត់ ថ្ងៃក្រោយៗទៅអនុវត្តច្បាប់ផង។ កុំឲ្យតែ... កន្លងមក វាមានហើយ មុនហ្នឹងមានអនុស្សរណៈនៃកិច្ចព្រមព្រៀងហ្នឹង យើងឃើញថា ធ្លាប់មាន NGO មួយចំនួន រួមទំាង Meta House ផងដែរ ដែលមិនបានរវីរវល់មិនពាក់ព័ន្ធនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពីការកសាងស្នាដៃអំពីការកសាងវីដេអូអីនោះទេ»។
លោកបន្ថែមថា៖
«អញ្ចឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់រួចហើយថា នឹងចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ក្នុងករណីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាអាល្លឺម៉ង់នៅតែរំលោភលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
បើទោះបីជាលោកមិនបានទស្សនាភាពយន្តឯកសារ«ខ្ញុំគឺឈុត វុទ្ធី» នេះក៏ដោយ លោក ថៃ នរៈសត្យា ឲ្យដឹងផងដែរថា ភាពយន្តឯកសារនេះគឺផលិតឡើងដោយមិនមានច្បាប់អនុញ្ញាតិ និងមិនបានធ្វើការសុំសិទ្ធិពីក្រសួងនោះទេ ហើយនេះគឺជាការរំលោភច្បាប់ក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការបញ្ឈប់និងការហាមប្រាមមិនឲ្យបញ្ចាំងរឿងនេះ បណ្ឌិត Fran Lambrick អ្នកដឹកនាំផលិតភាពយន្តឯកសារ "I am Chut Wutty" បានិយាយថា កញ្ញានិងក្រុមការងាររបស់នាងកំពុងទំនាក់ទំនងនិងសុំការអនុញ្ញាតិពីក្រសួងឲ្យមានការដាក់បញ្ចាំងរឿងនេះផងដែរ។
នាងបន្តថា៖
«ខ្ញុំគិតថា ខ្សែភាយន្តនេះគួរតែអនុញ្ញាតិឲ្យចាក់បញ្ចាំង ពីព្រោះភាពយន្តនេះពិតជាមានសារៈសំខាន់ចំពោះប្រជាជនកម្ពុជាជាច្រើន។ វាមិនមែនជារឿងដែលបង្ហាញពីការគាបសង្កត់ដល់វីរជននៃកម្ពុជានោះទេ តែជាការឲ្យតម្លៃពួកគេ និងផ្សព្វផ្សាយអំពីពួកគេទៅកាន់ពិភពលោក»។
កញ្ញាថា ដើម្បីកាន់ទុក្ខខួបបួនឆ្នាំនៃការស្លាប់របស់លោក ឈុត វុទ្ធី នាថ្ងៃទី២៦ ខែមេសានេះ ក្រុមការងាររបស់នាងនឹងដាក់ខ្សែរភាពយន្តនេះលើអ៊ីនធឺណិត ដែលជនគ្រប់រូបអាចរកមើលបាន។ ជាងនេះទៅទៀត បណ្ឌិត Fran Lambrick ថា ក្រុមការងារនាងនឹងធ្វើការបង្ហោះវីដេអូទាំងអស់លើបណ្តាញ Youtube និង Facebook។
បួនឆ្នាំបន្ទាប់ពីការស្លាប់របស់លោក ឈុត វុទ្ធី និងការពុះពារក្នុងការថែរក្សាព្រៃឈើរបស់បណ្ដាញសហគមន៍ព្រៃឡង់ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ព្រៃឡង់ដែលនៅសេសសល់ជាតំបន់ព្រៃការពារនិងអភិរក្ស៕