ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​​​ជា​​​​​​​កន្លែង​ដ៏​​​​​​​មាន​​​គ្រេាះ​​​ថ្នាក់​​​បំផុត​មួយ​​​​សម្រាប់​​​អ្នក​​​កាសែត​​​​​​បរិស្ថាន


ក្នុង​​​រូបថត​​​ថ្ងៃ​​​ទី​​​៦ ខែ​​​កុម្ភ:​​​ឆ្នាំ​​​២០១២​​​នេះ ដែល​​​ត្រូវ​​​បាន​​​​​ផ្សាយ​​​ដោយ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា លោក ឈុត វុទ្ធី សកម្ម​ជន​​បរិស្ថាន​​​ល្បី​​ល្បាញ​​ ​នៅ​​​កន្លែង​​​កាប់ឈើ​​​​​​មួយ​​​កន្លែង​​​កណ្តាល​​​ព្រៃ​​​ខេត្ត​​​កំពង់ធំ។
ក្នុង​​​រូបថត​​​ថ្ងៃ​​​ទី​​​៦ ខែ​​​កុម្ភ:​​​ឆ្នាំ​​​២០១២​​​នេះ ដែល​​​ត្រូវ​​​បាន​​​​​ផ្សាយ​​​ដោយ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា លោក ឈុត វុទ្ធី សកម្ម​ជន​​បរិស្ថាន​​​ល្បី​​ល្បាញ​​ ​នៅ​​​កន្លែង​​​កាប់ឈើ​​​​​​មួយ​​​កន្លែង​​​កណ្តាល​​​ព្រៃ​​​ខេត្ត​​​កំពង់ធំ។

ចាប់​​​​តាំង​​​​ពី​ឆ្នាំ​២០១២​មក​ ​យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌មាន​​​​​និង​​​​សក​ម្មជន​​​​បរិស្ថាន​​​​​បួន​​​​រូប​​​​ត្រូ​​​វ​​​​បាន​​​​គេ​​​​សម្លាប់​នៅ​​​​ក្នុង​​​​ប្រទេស​​​​កម្ពុជា​។

ចាប់តាំងពី​ឆ្នាំ​២០១២​មក​ ​យ៉ាង​ហោច​ណាស់​មាន​អ្នក​សារ​ព័ត៌មាន​និងសក​ម្មជនបរិស្ថាន​បួនរូបត្រូ​វបានគេសម្លាប់​នៅក្នុងប្រទេសកម្ពុជា​ ​ពេលដែលពួកគាត់កំពុងបំពេញ​ការ​ងារ​។​ ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន​ (Reporters Sans Frontières - RSF)​ ​ដែលជាអង្គការឯករាជ្យមួយមានមូល​ដ្ឋាននៅប្រទេសបារាំង​បាន​ដាក់ប្រ​ទេស​កម្ពុជា​ ​ជា​កន្លែង​ដ៏​មាន​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​សារ​ព័ត៌​មាន​បរិស្ថាន​។​

កម្ពុជាគឺ​ជា​ប្រទេសមួយក្នុងប្រទេសប្រកប​ដោយគ្រោះថ្នាក់បំផុតសម្រាប់អ្ន​ក​កាសែតបរិស្ថាន​ ​ដែល​ធ្វើការ​រាយការណ៍ព័ត៌មានទាក់​ទងនឹង​បរិស្ថាន​ ​និងការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍ថ្មី​មួយ​របស់អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែន។​

​របាយ​ការណ៍​ដែល​មាន​កម្រាស់​២៨​ទំព័រ​ក្រោមចំណង​ជើង​ថា​ «​បរិយាកាស​អមិត្ត​ប្រឆាំង​នឹង​អ្នកសារព័ត៌​មាន​បរិស្ថាន» នេះ ​ហើយបានចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន​ ​ក៏​បាន​ឱ្យ​ដឹង​ថា​ មាន​អ្នក​កាសែតបរិស្ថាន​ចំនួន​១០​ត្រូវ​បាន​គេសម្លាប់​ទូ​ទាំង​ពិភពលោក​ ក្នុង​នោះ​មាន​៤នាក់​ជា​អ្នក​កាសែត​មក​ពី​ប្រទេស​កម្ពុជា​។​

​របាយ​ការណ៍​ខាង​លើបាន​ដាក់​ប្រទេស​កម្ពុជានឹងប្រទេសឥណ្ឌា​ជាទី​ដែល​អ្នកកាសែត​បរិស្ថាន ​ជួប​បញ្ហាប្រឈម​គ្រោះ​ថ្នាក់​បំផុត​ ដោយ​លើក​អំណះ​អំណាង​របស់​ខ្លួន​ថា​មាន​សញ្ញា​នៃ​ការ​គម្រាម​កំហែង​និង​ការ​បាញ់​សម្លាប់​អ្នកព័ត៌មាន​ក្នុង​ស្រុក​នោះ។

​អង្គការ​អ្នក​សារ​ព័ត៌​មាន​គ្មាន​ព្រំដែនបាន​សរសេរ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖​ ​«​RSF ​សូម​ស្នើឱ្យអាជ្ញាធរ​ទាំង​ពីរ​ប្រទេ​សរៀប​ចំ​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ម៉ត់​ចត់​ និងតម្លា​ភាព​ទៅ​លើករណី​ឃាតកម្ម​ដែល​មាន​ចរឹត​ព្រៃ​ផ្សៃ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ​ ​ក្នុងគោលដៅ​ស្វែង​រក​ជនដៃដល់មកទទួលខុសត្រូវចំពោះមុខច្បាប់»។​

របាយការណ៍ដ​ដែលបានបន្តថា​ ចាប់តាំង​ពីឆ្នាំ​២០១២​មក​ ហេតុការណ៍​បាញ់បាញ់​សម្លាប់​ ​អ្នក​សារ​ព័ត៌មាន​និង​សកម្ម​ជន​ព្រៃឈើ​ចំនួន​៤លើក​។ RSF​ ​ក៏​បាន​បញ្ជាក់​ថា ​ករណី​ទាំង​បួន​នៅ​កម្ពុជារួម​មាន​ ​ការ​សម្លាប់​ញាត់​ក្នុង​រថយន្ត​ទៅ​លើ​លោក ​ហង្ស សេរី​ឧត្ដម​ ​អ្នក​កាសែត«វីរជន»​ ​នៅ​ខេត្ត​រតន​គីរី ក្នុង​ឆ្នាំ​២០១២​។​ ​នៅ​ឆ្នាំ​ដដែល​ ​សកម្ម​ជនបរិស្ថាន​ល្បីល្បាញ ​លោក​ ឈុត វុទ្ធី ត្រូវបាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាញ់​ស្លាប់​ក្នុង​ខេត្ត​កោះកុង​ ​ពេលដែលលោក​ ​នាំផ្លូវ​អតីត​ ​អ្នក​សារព័ត៌មាន​ពីរ​រូប​របស់​កាសែត​ដឺ​ខេម​បូឌា​ដេលី​ ​ចុះពិនិត្យមើលករណីកាប់ឈើរបស់ក្រុម​ហ៊ុនដី​សម្បទាន​មួយ​កន្លែង​នៅ​ទី​នោះ​។​ ​ហើយ​មូល​ហេតុនៃ​ការបាញ់សម្លាប់​រូប​លោក​ មិន​ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​។

RSF​ ​ក៏​បាន​រាប់​បញ្ចូល​ផង​ដែរ​ករណី​សម្លាប់​របស់​លោក តាំង ទ្រី អ្នក​កាសែត «​វាល​ឥន្ទ្រីយ៍​« នៅ​ខេត្ត​ក្រចេះ និងការវាយ​សម្លាប់​លោក​ សួន ចាន់ អ្នក​កាសែត​ «​មាគ៌ា​កម្ពុជា​»​ ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ឆ្នាំ​២០១៤​។​

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គីម​សេង បាន​យល់​ស្រប​ថា​ អ្នក​កាសែតបរិស្ថានដែលធ្វើ​កា​ររាយ​ការណ៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តាម​ខេត្ត​នា​នា​នៃ​ប្រទេស​កម្ពុជា ពិតជាជួបបញ្ហាប្រឈមទាក់​ទិន​នឹង​បញ្ហា​សុខ​សុវត្ថិភាព​ពេល​បំពេញ​ការ​ងារ​ពិត​មែន​។​

លោក​ គឹមសេង​ បាន​លើក​ឡើង​ថា​ អ្នក​សារ​ព័ត៌មាន​ខ្លួន​ឯង​ ​គួរ​តែ​មាន​ស្មារតី​ ​ប្រយ័ត្ន​ប្រយែង​ ​និងត្រូវ​ពិចារណាឡើងវិញ​ ​បើ​សិន​ជា​ត្រូវ​ធ្វើ​ការ​ចុះ​ទៅ​យក​ព័ត៌​មាន​នៅ​តំបន់​ដែល​ខ្លួន​ត្រូវ​ប្រឈម​នឹងបញ្ហាសុវត្ថិភាពខ្លាំង​ ដែល​ជា​ចំណុច​ដែល​លោក​ស្នើ​ដល់​ការ​ធ្វើ​រ​បាយ​ការណ៍​ក្រោយៗ​របស់​ RSF​។​

«​ក្រុម​អង្គការ​ទាំង​នោះ​ គួរ​តែ​ពិនិត្យ​មើល​ថា​តើ​អ្នក​សារ​ព័ត៌មាន​ស្រុក​ខ្មែរ នៅ​ខ្វះ​ចន្លោះ​ត្រង់​ណា ដោយ​ពួក​គាត់ជា​អង្គការ​អន្តរ​ជាតិ គាត់​មាន​បច្ចេក​ទេស គាត់​មាន​ថវិកា គាត់​[​គួរតែ]ដាក់​ធនធាន​ទាំង​នោះ​មក ​បង្ហាត់​បង្រៀន​ណែនាំ​អ្នក​កាសែត​យើង​ទៅ​។ ហើយ​បើ​គាត់​ចង់​ដឹង​[​លម្អិត​] គាត់ហៅអ្នកសារព័ត៌​មាន[បរិស្ថាន]​ទាំងនោះ​តាម​តំបន់​ដាច់​ស្រយាល​មក​ជួប​ជុំ ថា​តើ​គាត់​ធ្វើការរបៀប​ណា គាត់យកព័ត៌​មានរបៀ​ប​ណា យើង​ធ្វើ​ដូច្នេះ​ក៏​ល្អ​ម្យ៉ាងដែរ​»។

ប្រធាន​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក​ សេក បរិសុទ្ធ ​បាននិយាយ​ថា​ ថ្វី​បើ​កន្លងមក​មាន​ករណី​ខ្លះ​ដែល​អ្នក​សារ​ព័​ត៌​មាន​មួយ​ចំនួន ធ្វើ​ខុស​ពី​គន្លង​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​ខ្លួន ដោយ​ប្រើឈ្មោះ​ស្ថាប័ន​របស់​ខ្លួន​ ​ទៅ​ជម្រិត​ទារ​លុយ​ក្រុម​អ្នក​រក​ស៊ី​ឈើ​ក៏​ពិត​មែន​ តែ​ករណី​ធ្វើ​ឃាត​ប្រឆាំង​ពួក​គេ​ ​គួរ​តែ​ត្រូវ​បាន​ថ្កោលទោស​ ​និង​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ធ្ងន់​ធ្ងរ។​

«​វាមិ​នមាន​ហេតុ​ផល​អ្វី​ដែល​អ្នក​កាសែត​ត្រូវ​ទទួល​ផល​លំបាក​មក​វិញ​ដោយសារ​ការងារ​របស់​ខ្លួន​រហូត​ដល់​មាន​គ្រោះ​ថ្នាក់​ ​ត្រូវ​បាន​សម្លាប់​នោះ​ ​វា​មិន​ត្រឹម​ត្រូវ​ទេ»។​ ​លោកបានបន្តថា៖ «ខ្ញុំយល់ថាអ្នកកាសែត​ត្រូវតែទទួលកិច្ចការ​ពារ»។​

លោក សេក បរិសុទ្ធ បាន​បន្ថែម​ទៀត​ថា ការ​ប្រើអំពើ​ហិង្សា​ ​កម្លាំង​បាយ ​និងឃាតកម្មប្រឆាំងអ្នកកាសែត​បរិស្ថាន បាន​ផ្ដល់​ជា​ការ​គំរាម​កំហែង​ដល់​វិស័យ​សារ​ព័ត៌មាន​ជា​ទូទៅ ហើយប៉ះពាល់ដល់ការអនុវត្តលទ្ធិ​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​ទៀត​ផង។​

​គ្រាន់​តែ​ក្នុងសប្ដាហ៍​ទីមួយ​នៃ​ខែ​ធ្នូ​នេះ ​សារ​ព័ត៌មាន​ក្នុង​ស្រុក​របស់​កម្ពុជាបាន​រាយ​ការណ៍​រហូត​ដល់ទៅពីរករណី​ ​ទាក់​ទិន​អំពើ​ហិង្សា​ ​និង​ការ​ប៉ុន​ប៉ង​ប្រើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​ពី​សំណាក់ក្រុ​មអ្នក​រក​ស៊ី​ឈើ​ក្នុង​ខេត្ត​កំពង់ធំ​ ​និង​ខេត្ត​បន្ទាយ​មានជ័យ​។

​យ៉ាង​ណា​ក៏​ដោយ​ ​មក​ទល់​នឹង​ដំណាច់​ឆ្នាំ​២០១៥​នេះ ដំណើរ​ស្វែង​រក​យុត្តិ​ធម៌​ នាំ​យក​ជន​ដៃ​ដល់​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​ដែល​មាន​ចរឹត​ព្រៃ​ផ្សៃ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ព្រៃ​ឈើ​កម្ពុជា​ទាំង​៤រូបនោះ​នៅ​មិន​មិនទាន់​ប្រព្រឹត្ត​ទៅ​ដោយ​ពេញ​លេញ​នៅ​ឡើយ​ទេ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG