ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទទួល​ខុស​របស់​អ្នក​នយោបាយ​ក្នុងផ្នែក​សន្តិសុខ​និង​ការ​ព្រួយ​បារម្ភ​របស់​ម្ចាស់ឆ្នោត


លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី
លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី
ទាញ​យក​ពី​តំណភ្ជាប់​ដើម
ភ្នំពេញ- «គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រទេស​ជាតិ»។ ​លោក​យឹម ​សុវណ្ណ​បាន​ប្រកាស​យ៉ាងដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​រាត្រី​ថ្ងៃ​ច័ន្ទទី​២៦​ខែ​សីហា​ដើម្បី​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​លើ​ផ្នែក​សន្តិសុខ​និង​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត។​

ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ​ រដ្ឋា​ភិបាល​ ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ប៉ូលិស​ ទាហាន​និង​កង​រាជ​អាវុធ​ហត្ថ​ រួម​ទាំង​រថពាស​ដែក ​ក្នុង​ក្រុង​ភ្នំពេញ ​និង​តំបន់​ចេញ​ចូល​ភ្នំពេញ។ ​ដោយ​ឡែក ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត ​ប្រសិន​បើ​មិន​មាន​ការ​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ត្រឹម​ត្រូវ​នោះ​ទេ។

ហេតុការណ៍​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​មូលហេតុ​នៃ​ក្តី​កង្វល់​របស់​ប្រជាពល​រដ្ឋ​ក្នុង​ពេល​នេះ។​

លោក​ជាម​ យៀប ​សមាជិក​គណៈ​អចិន្ត្រៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បកស្រាយ​តាម​ទូរស័ព្ទ​លើ​បញ្ហា​នេះ​ថា ​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​«គឺ​ជា​ការ​ការពារ​មុន​ការ​ព្យាបាល»​ ហើយ​ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​ធ្វើឡើង​ដោយសារ​មាន​ការ​គំរាម​ពី​បាតុកម្ម​របស់​គណបក្ស​ជំទាស់។​

លោក​ថ្លែង​ថា៖​ «គណបក្ស​ប្រជាជន​ចង់​បាន​សុខសន្តិភាព ​និង​សណ្តាប់​ធ្នាប់​សង្គម»។​
ប៉ុន្តែ​លោក​យឹម​ សុវណ្ណ​និយាយថា​ ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​គំរាម​ប្រជាពល​រដ្ឋ​«មិន​មែន​ជា​ជម្រើស​ដ៏ឈ្លាស​វៃ​ទេ»។​

ដោយឡែក​លោក​នី ​ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ថ្លែង​ក្នុង​កម្ម​វិធី​ហេឡូ​វីអូអេ​ដែរ​ថា៖​ «បញ្ហា​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ជា​កត្តា​សំខាន់»​ក្នុង​ប្រទេស។​

ប៉ុន្តែ​ការ​ពង្រាយ​កងទ័ព​និង​កង​កម្លាំង​ប្រដាប់​អាវុធក្នុង​ពេល​នេះ​បាន​បង្ក​ឲ្យ​មាន​«អសន្តិសុខ​ផ្លូវ​ចិត្ត​ដល់​ប្រជាពល​រដ្ឋ​ដោយសារ​តែ​ខ្វះ​តម្លាភាព​ក្នុង​ទង្វើ​នេះ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG