ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះជាតិ៖ ​បើ​មិន​ដោះស្រាយ​បញ្ហា​បោះឆ្នោត​​នឹង​មាន​បាតុកម្ម

  • ហេង រស្មី

លោកសម រង្ស៊ី​ថ្លែង​​សុន្ទរកថាទៅ​កាន់អ្នកគាំទ្រ ក្រោយ​ពី​លោក​​បាន​ទៅដល់​​ប្រទេស​​កម្ពុជា។​​
បន្ទាប់​ពី​បរាជ័យ​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ឲ្យពិនិត្យ​សើ​រើ​ឡើង​វិញ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

លោកគួយ​ ប៊ុនរឿន​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ច​ការ​បោះឆ្នោត ​បាន​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិបាន​យក​ពាក្យ​បណ្តឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហើយនៅ​ថ្ងៃ​ច័ន្ទ​នេះ ​ដើម្បី​ឲ្យរក​យុត្តិ​ធម៌​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

លោក​បាន​និយាយ​ថា ​ពាក្យ​បណ្តឹង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញគឺ​ដូច​និង​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​នៅ​គ.ជ.ប.​ដែរ។​ លោក​បាន​និយាយ​ថា គណបក្ស​ប្រឆាំង​បាន​រក​ឃើញ​ចំនួន​ឈ្មោះ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោត​ អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​គេបោះ​ឆ្នោត​ជំនួស​ ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដោយ​មេឃុំ​ចៅ​សង្កាត់​ដើម្បី​ឲ្យបោះឆ្នោត​បាន​ មាន​ភាព​មិន​ប្រក្រតី​ និង​ការ​បង្កើត​ឈ្មោះ​ស្ទួន​ ដែល​មាន​លទ្ធភាព​អាច​បោះ​ឆ្នោត​ជាច្រើន​ដង​បាន​ដោយ​សារ​ទឹក​ខ្មៅ​អាច​លាង​ជ្រះ​បាន។​

លោក​មាន​ប្រសាសន៍ថា៖​ «ជា​គោល​ការណ៍សុំ​ឲ្យក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ពិចារណា ​ព្រោះ​មាន​ផល​ប៉ះ​ពាល់​ធំ​ណាស់ ​ដូច​អ្វី​ដែល​យើង​បាន​ចែង​នៅ​ក្នុង​កម្មវត្ថុ​បណ្តឹង ​ហើយ​ស្រប​តាម​ច្បាប់​ដែល​បើក​ឱកាស​ឲ្យយើង​ប្តឹង​ជំទាស់​តវ៉ា​ទៅ​នឹង​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​គ.ជ.ប.​បាន​ប្រកាស​នោះ»។​

កាល​ពី​សប្តាហ៍មុន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​«គ.ជ.ប.»​ បាន​បដិសេធ​បណ្តឹង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បាន​លើក​ហេតុផល​ថា​ មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ និង​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​លទ្ធផល​នៅ​តាម​បណ្តា​ខេត្ត​ និង​ប៉ះ​ពាល់​ដល់​អាសនៈ​នៃ​រដ្ឋ​សភា។​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​កាល​ពី​សប្តាហ៍មុន​ដែល​បាន​បង្ហាញ​ឲ្យឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជ័យ​ជំនះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេចនេះ​ដោយ​បាន​លើក​យក​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​បាន​កើត​មាន​ឡើង​មុន​ពេល​ ​ក្នុង​អំឡុង​ពេល​ និង​ក្រោយ​ពេល​បោះ ឆ្នោត។​

កាល​បី​ថ្ងៃ​អាទិត្យ​ម្សិល​មិញគណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំសិក្ខ​សាលា​មួយ​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំមើល​ដំណើរ​ការ​បោះ​ឆ្នោត។​ សិក្ខា​សាលា​នេះ​ក៏បាន​លើក​យក​ភាព​មិន​ប្រក្រតី​ជាច្រើន​ ដែល​រួម​មាន​ការ​បិទ​ការិ​យាល័យ​បោះ​ឆ្នោត​ចំនួន​៩នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​តាំង​ពី​ព្រឹក​មិន​ឲ្យបោះឆ្នោត។​

នៅ​ក្នុង​ខេត្ក​កណ្តាល​នេះ​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​តែ​សំឡេងចំនួន​១៦៨​ទេ​និង​ទទួល​បាន​អាសនៈ​ទី​៧​តែ​បើ​ក្នុង​ករណី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ពេល​ដែល​សំឡេងរបស់​គណបក្ស​ប្រជាជន​ថយ​តែ​១១៩​វិញ ​គឺគណបក្ស​សង្គ្រោះ​ជាតិ​នឹង​បាន​ទទួល​អាសនៈ​ទី​៧​ដូច​គ្នា។​

ខេត្ត​កណ្តាល​មាន​ចំនួន​១១​អាសនៈ។ ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៦​អាសនៈ​ ចំណែក​ឯគណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥​អាសនៈ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​លោកអ៊ុច ឈន ​អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ តែ​មិន​អាច​ស្នើ​សុំ​ទំនាក់ទំនង​បាន​ទេ។​ ចំណែក​លោកឯក សំអុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​បាន​ជំនួយ​ការ​របស់​លោក​និយាយ​ថា​ លោក​កំពុង​ជាប់​ប្រជុំ។​

ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​លើក​នេះ​គណបក្ស​សង្គ្រោះ ជាតិបាន​អះអាង​ថា​ ខ្លួនជាអ្នក​ឈ្នះ​ឆ្នោត​គឺ​បាន​ចំនួន​អាសនៈ​រហូត​ដល់​ទៅ​៦៣ ​ក៏ប៉ុន្តែ​គ.ជ.ប.​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​គឺ​បាន​ចំនួន​អាសនៈ​៦៨។​

គណបក្ស​ប្រឆាំង​បានទាត់​ចោល​លទ្ធផល​បោះឆ្នោត ​និង​បានទាមទារ​ឲ្យរក​ដំណោះ​ស្រាយ​អំពី​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ឡើង​ក្រោយ​ពេល​បោះ​ឆ្នោត ​បើ​មិន​ដូច​ច្នេះទេ​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG