ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ថា គ្មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ណា​មួយ​ដែល​នឹង​ផ្លាស់ប្ដូរ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ឡើយ


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ថ្លែង​ទៅ​កាន់​បណ្ដាញ​សាព័ត៌មាន​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង Kansas City រដ្ឋ Missouri ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក William Barr បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រសួង​យុត្តិធម៌​មិន​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​លួច​បន្លំ​ការ​បោះឆ្នោត​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​អាច​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ នេះ​ឡើយ។

លោក Barr បាន​លើកឡើង​ដូច្នេះ បើ​ទោះបីជា​មាន​ការ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​លោក​ប្រធានាធិបតី Donald Trump ថា ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ ហើយ​បដិសេធ​មិន​ព្រម​ចុះចាញ់​លោក Joe Biden ក៏ដោយ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press លោក Barr បាន​និយាយ​ថា មេធាវី​អាមេរិក​និង​ភ្នាក់ងារ FBI បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​និង​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​ដែល​ពួកគេ​ទទួល​បាន ប៉ុន្តែ​មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​អាច​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឡើយ។

លោក Barr បញ្ជាក់​ដូច្នេះ​ថា៖ «មក​ទល់​នឹង​ពេល​នេះ យើង​មិន​បាន​រក​ឃើញ​ការ​ក្លែង​បន្លំ​ក្នុង​ទំហំ​ណា​មួយ ដែល​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ»៕

XS
SM
MD
LG