ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​កើន​ឡើង


រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងបំពេញការងារនៅមន្ទីរពេទ្យនៅក្រុង Mandalay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងបំពេញការងារនៅមន្ទីរពេទ្យនៅក្រុង Mandalay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ឬ COVID-19 នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​កើន​ឡើង។ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​ចំនួន ១១០ ករណី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៩០០ នាក់។

ភាគ​ច្រើន​នៃ​ការ​ឆ្លង​ថ្មី​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួបជុំ​បែប​សាសនា​នៅ​វិហារ​ឥស្លាម​មួយ​កន្លែង ដែល​មាន​អ្នក​ចូលរួម ១ ម៉ឺន ៦ ពាន់​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី។

រី​ឯ​នៅ​ក្នុង​ប្រទេស​ថៃ​ឯណោះ​វិញ រដ្ឋាភិបាល​ថៃ​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​មេរោគ​នេះ​ថ្មី​ចំនួន ៦០ ករណី​ទៀត ដែល​ជា​ការ​កើន​ឡើង​ខ្លាំង​បំផុត​ប្រចាំ​ថ្ងៃ​នៃ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​កន្លង​មក ដោយ​ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់ ២៧២ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កន្លង​មក​ប្រទេស​ថៃ​ប្រកាស​ថា​មាន​អ្នក​ស្លាប់​ម្នាក់​ដោយសារ​មេរោគ​នេះ អ្នក​ជំងឺ​ចំនួន ៤២ នាក់​បាន​ជា​សះស្បើយ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​អ្នក​ជំងឺ ២២៩ នាក់​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ។

ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​វិញ ក្រសួង​សុខាភិបាល​ប្រទេស​នេះ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​មេរោគ​នេះ​ចំនួន ១៥ ករណី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ២១៧ នាក់​នៅ​ទូទាំង​ប្រទេស។

ក្រសួង​សុខាភិបាល​ហ្វីលីពីន​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ COVID-19 ម្នាក់​បាន​ជា​សះស្បើយ ដោយ​ធ្វើ​ឲ្យ​អ្នក​ជា​ពី​ជំងឺ​នេះ​កន្លង​មក​សរុប​មាន​ចំនួន ៨ នាក់។ កន្លង​មក​ប្រទេស​ហ្វីលីពីន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន ១៧ នាក់៕

XS
SM
MD
LG