ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​នាយក​ក្រុមហ៊ុន Korean Air ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​ពី​ការប្រើ​អំពើ​ហិង្សា


បុគ្គលិក​ក្រុមហ៊ុន Korean Air ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​លើ​ផ្លូវ​មួយ​ដោយ​ទាមទារ​ឲ្យ​គ្រួសារ​ដែល​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ចុះចេញ​ពី​តំណែង នៅ​ក្នុង​តំបន់ Gwanghwamun កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។
បុគ្គលិក​ក្រុមហ៊ុន Korean Air ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​លើ​ផ្លូវ​មួយ​ដោយ​ទាមទារ​ឲ្យ​គ្រួសារ​ដែល​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​នេះ​ចុះចេញ​ពី​តំណែង នៅ​ក្នុង​តំបន់ Gwanghwamun កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨។

ភរិយា​របស់​នាយក​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air លោក Cho Yang-ho ត្រូវ​បាន​ប៉ូលិស​ប្រទេសកូរ៉េ​ខាងត្បូង​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​លោកស្រី​បាន​រំលោភបំពាន​លើ​បុគ្គលិក​ធ្វើការ។​

លោកស្រី Lee Myung-hee​ បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ក្រុម​អ្នកសារព័ត៌មាន​ពី​ការ​បង្ក​បញ្ហា ខណៈ​ដែល​លោកស្រី​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប៉ូលិស​នៅ​ថ្ងៃចន្ទ​នេះ។

លោកស្រី Lee ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ជេរប្រមាថ​ និង​ច្រាន​កម្មករ​សំណង់​កាល​ពី​ឆ្នាំ២០១៤​ នៅ​ឯសណ្ឋាគារ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Hanjin Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air។ លោកស្រី​ក៏​បាន​ត្រូវ​សង្ស័យ​ថា​បាន​ធ្វើ​បាប​រាងកាយ​ និង​ជេរប្រមាថ​អ្នក​ធ្វើ​ការ​នៅក្នុង​គេហដ្ឋាន​របស់​លោកស្រី​ក្នុង​ទីក្រុងសេអ៊ូល​ និង​មាន​អត្តចារឹក​បំពាន​លើ​បុគ្គលិក​ក្រុមហ៊ុន​ សន្តិសុខ​ និង​អ្នកធ្វើការ​ក្នុង​ផ្ទះ​ផងដែរ។

ការ​ចោទប្រកាន់​ទាំងនោះ​រួមមាន​ការ​ធាក់ច្រំ​ ទះកំផ្លៀង​ និង​ចោល​កន្ត្រៃ​ដាក់​បុគ្គលិក​ក្រុមហ៊ុន។

គ្រួសារ​ត្រកូល Cho​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាមដាន​ចាប់តាំង​ពី​មាន​រឿង​អាស្រូវ​កាល​ពី​ឆ្នាំ២០១៤មក​ជុំវិញ​នឹង​ករណី​ប្រើប្រាស់​ហិង្សា​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​កូនស្រី​ច្បង​ឈ្មោះ Cho Hyun-ah ដែល​បាន​ជះ​កំហឹង​លើ​បុគ្គលិក​បម្រើ​លើយន្ត​ហោះ Korean Air ម្នាក់​ដែល​បាន​យក​អាហារ​សម្រន់​ដាក់​ក្នុង​ថង់ ជាជាង​ដាក់​ក្នុង​ចាន។ ចំណែក​ឯ​កូនស្រី​ប្អូន​ឈ្មោះ Cho Hyun-min បាន​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​ជះ​ទឹក​នៅក្នុង​កិច្ចប្រជុំ​អាជីវកម្ម​មួយ។ គ្រួសារ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការស៊ើបអង្កេត​ពី​ការ​នាំ​មនុស្ស​ចូល​ គេចវៀស​បង់ពន្ធ​ និង​បំពាន​ច្បាប់​អន្តោប្រវេសន៍៕

XS
SM
MD
LG