មេធាវីដែលតំណាងឲ្យបុរសម្នាក់ដែលត្រូវបានគេអូសចេញពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines នៅដើមសប្តាហ៍នេះនិយាយថា លោកទំនងជាប្តឹងក្រុមហ៊ុនអាកាសចរណ៍នោះបន្ទាប់ពីលោករងរបួសជាទម្ងន់ មកពីឧបទ្ទវហេតុនោះ។
លោក Thomas Demetrio ជាមេធាវីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នោះបានធ្វើបាបពួកអ្នកដំណើរជាយូរយារណាស់មកហើយ។ លោកប្រហែលនឹងដាក់ពាក្យប្តឹងដែលតំណាងឲ្យលោកវេជ្ជបណ្ឌិត David Dao ដែលឥឡូវនេះនឹងត្រូវវះកាត់របួសរបស់លោក។
លោក Demetrioបាននិយាយទៀតថា លោក Daoត្រូវការវះកាត់ដើម្បីកែកុនខ្ទង់ច្រមុះ និងធ្មេញ២ដែលបានបាក់។ លោក Daoបានរងគ្រោះដោយការប៉ះទង្គិចយ៉ាងខ្លាំងក្នុងអំឡុងនៃការឈ្លោះប្រកែកជាមួយប៉ូលិស ក៏ប៉ុន្តែ លោកបានចេញពីមន្ទីរពេទ្យហើយ។
ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីថ្ងៃអាទិត្យនៅពេលដែលលោក Dao បានបដិសេធពុំព្រមចេញពីកៅអីរបស់លោកនៅជើងហោះហើរពីក្រុងឈីកាហ្គោទៅកាន់ទីក្រុង Louisville។
វីដេអូដែលថតតាមទូរស័ព្ទចល័តពីការឈ្លោះប្រកែក បង្ហាញពីការហូរឈាមតាម របួសផ្ទៃមុខរបស់លោក Dao ដែលត្រូវបានប៉ូលិស៣នាក់កន្ទ្រាក់ចេញពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines នៅចំណតយន្តហោះអន្តរជាតិ O’Hare នៃទីក្រុងឈីកាហ្គោ៕