ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រំលោភ​សេព​សន្ថវៈ​នៅ​តែ​រ៉ាំរ៉ៃ​ ជន​រងគ្រោះ​នៅ​តែ​រង​អយុត្តិធម៌​​


គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
គម្រប​មុខ​នៃ​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ស្តី​អំពី​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ ដែល​របាយការណ៍​នេះ​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

របាយ​ការណ៍​របស់​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​​បាន​ឲ្យ​ដឹង​ថា​ ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​អំពើ​ពុក​រលួយ​ ​និង​ការ​រើស​អើង​លើ​ស្ត្រី ​នៅ​តែ​ជា​កក្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​​១ភាគ​បី​នៃ​ករណី​រំលោភ​សេព​​សន្ថវៈ​​រង​​អយុត្តិធម៌។​​

បញ្ហា​រំលោភ​សេព​សន្ថវៈ​នៅ​តែ​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុងប្រទេស​កម្ពុជា​ ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ​និង​ ​ការ​អនុវត្តន៍​ច្បាប់​មិន​ត្រឹមត្រូវ។​ របាយ​ការណ៍​របស់អង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​ឲ្យ​ដឹង​ថា​ ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​អំពើ​ពុក​រលួយ​ ​និង​ការ​រើស​អើង​លើ​ស្ត្រី ​នៅ​តែ​ជា​កក្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ១ភាគ​បី​នៃ​ករណី​រំលោភ​សេពសន្ថវៈរងអយុត្តិធម៌។

កញ្ញា​ចាន់​ ស៊ីណេត​ ជា​បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល។ នាងបាន​រង​គ្រោះ​ក្នុង​ករណី​រំលោភ​នា​ឆ្នាំ​២០០៦ តាំង​ពី​ពេល​ដែល​នាង​មាន​អាយុ​១៦​ឆ្នាំម៉្លេះ​ ​ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​ ​ចាន់ ស៊ីណេត​ នៅ​តែ​មិន​តែ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។​

ចាន់ ស៊ីណេត​ ​ប្រាប់ ​VOA​ ​ថា​ ​ការ​សាក​សួរ​ចម្លើយធ្វើ​ឡើង​ដោយ​មន្ត្រី​នគរបាល​មិន​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​បច្ចេកទេស​ ​និង​ វិជ្ជាជីវៈ​នោះ​ទេ​ ​តែ​ធ្វើ​ឲ្យ​នាងរង​សម្ពាធ​យ៉ាង​ខ្លាំង ​និង​ភ័យ​ខ្លាច​ក្នុង​ការ​ផ្ដល់​ចម្លើយ​ទាក់ទិន​នឹង​ហេតុ​ការណ៍​រំលោភ​បំពាន​នោះ។​

«ប៉ូលិស​ប្រុស​ ​ហើយ​គេ​មាន​អ្នក​ធំ​ លើ​ប៉ូលិស​ហ្នឹង​ទៀត​ ហៅ​ខ្ញុំ​ទៅ​និយាយ​ក្នុង​បន្ទប់​គាត់​ហ្មង។​ ​គាត់​សួរ​ខ្ញុំ​ថា​ ​អូន​ឯង​ត្រូវ​គេ​ចាប់​រំលោភ​មែន​ទែន​ ឬ​ក៏​អូន​ឯង​និយាយ​កុហក​ទេ។ ​គាត់​សួរ​ខ្ញុំ​អញ្ចឹង​ ​ខ្ញុំ​យំ​ហ្មង»។​

ជន​រង​គ្រោះ​ដដែល​បាន​និយាយ​បន្ត​អំពី​ដំណើរការ​កាត់​ក្តី​ករណី​របស់​នាង​ថា៖

«គេ​ហៅ​ខ្ញុំ​ទៅ​តុលាការ​ ប៉ុន្តែ​ដោយ​សារ​តែ​ខាង​គាត់​ហ្នឹង​ យ៉ាង​ម៉េច​ ខ្ញុំ​មិន​ដឹង​ទេ។​ ​ប៉ុន្ដែ​គាត់​មិន​បាន​ឡើង​តុលាការ​ទេ​ ​ហើយ​រឿង​ហ្នឹង​ត្រូវ​បាន​គេ​អត់​ខ្វល់​ហ្មង គឺ​របៀប​ថា​ តាម​អី​ដែល​ពួក​យើង​ដឹង​គឺ​គាត់​នៅ​តែ​បង្កើត​អង្គការ​ហ្នឹង​ដដែល​ ​ហើយ​អង្គការ​ហ្នឹង​អត់​បិទ​ទេ»។​

ចាន់ ស៊ីណេតគឺ​ជា​នារី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោមជន​រង​គ្រោះ​ជា​ច្រើននាក់​ផ្សេង​ទៀតក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​ ​ក្រោយ​ពេល​មាន​ហេតុ​ការណ៍​ដូច្នេះ​កើត​ឡើង។ ​នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​របស់​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ដែល​ចេញ​ផ្សាយ​នៅ​ចុង​ខែ​វិច្ឆិកាកន្លង​ទៅ។​

របាយ​ការណ៍​របស់​អង្គការ​លីកាដូបាន​ឱ្យ​ដឹង​ថា​ មាន​ករណីរំលោភ​សេព​សន្ថវៈ​ ​និង​ការ​ប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​៧៦២​ករណីបាន​កើត​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៤​ ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ​និង​បណ្តាខេត្ត​ចំនួន​១២​ទៀត​ ​ដែល​លីកាដូ​មាន​ទី​ស្នាក់ការ។​

មួយ​ភាគ​បី​នៃ​ករណី​ទាំង​នោះ​ត្រូវ​បិទ​សំណុំ​រឿង​មុន​ពេល​បើក​សវនាការ​ ​ហើយ​ករណី​រំលោភ​សេព​សន្ថវៈ​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ជន​ល្មើស​បង់​ប្រាក់​សំណង​ឲ្យជន​រង​គ្រោះ​ដើម្បី​បញ្ចប់​រឿង​ក្តី​ ឬដោយ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ជន​រង​គ្រោះ​ ​និង​ជន​សង្ស័យ។​

ស៊ីណេត​បាន​បញ្ជាក់​ប្រាប់ ​VOA​ អំពី​ការ​អនុវត្ត​នីតិវិធី​មិន​ប្រក្រតី​ដោយស្ថាប័ន​យុត្តិធម៌ក្នុង​ករណី​របស់នាង។​ នាង​និយាយ​យ៉ាង​ដូច្នេះ​ថា៖​

«និយាយ​មែន​ទែន​ទៅ​ ​សាច់​រឿង​ហ្នឹង​ធ្វើ​យូរ​ហ្មង។​ ​ធម្មតា​បើ​និយាយ​ប្រៀប​ធៀប​គឺ​ដូច​ពេល​ឈ្លោះ​គ្នា​អី​អញ្ចឹង។​ គេ​ហៅ​ខាង​ស្ដាំ​ ​គេ​ហៅ​ខាង​ឆ្វេង​មក​ធ្វើ​ក្រដាស​[ស្នាម]។​ ដំបូង​គេ​សួរ​យើង​ ​ហើយ​វា​មាន​មនុស្ស​ច្រើន​ដែល​ត្រូវ​សួរ។​ វា​រញ៉េរញ៉ៃ​ណាស់។​ រឿង​ហ្នឹង​ ខ្ញុំ​អត់​យល់ ​តែ​ហាក់​បី​ដូច​ជា​គេ​ពន្យឺត​អា​បញ្ហា​ហ្នឹង​ឲ្យ​កាន់​តែ​យូរ​ទៅៗ»។

កញ្ញា​បាន​បន្ត​ថា៖​

«នៅ​ពេល​ដែល​គេ​ហៅ​យើង​ទៅ​ឲ្យ​សរសេរ​របាយ​ការណ៍​ហ្នឹង​ មិន​មែន​សរសេរ​ម្ដង​ទេ​ គឺ​សរសេរ​ក្រដាស​ហ្នឹង​ច្រើន​ដង​មែន​ទែន។​ ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ មាន​សម្ពាធ​ណាស់។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ គេ​អត់​ជួយ​យើង​ទេ។​ ខ្ញុំ​មាន​អារម្មណ៍​ថា ​គេ​ហៅ​យើង​ទៅ​ឲ្យ​តែ​បានៗ​ថា​ ហៅ​ទៅ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​គឺលោក​ ជិន​ ម៉ាលីនបាន​សុំ​មិន​អត្ថាធិប្បាយស៊ី​ជម្រៅ​ទាក់ទិន​នឹង​របាយ​ការណ៍​របស់​អង្គការ​លីកាដូ​នោះ​ទេ ​ដោយ​លោក​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​វិធីសាស្ត្រ​ ​និង​របៀប​ដែល​អង្គការ​លីកាដូ​ធ្វើ​ការ​ស៊ើប​អង្កេត​ ​និង​ប្រមូល​ភស្ដុតាង​ ដើម្បី​ចងក្រង​ចេញ​ជា​របាយ​ការណ៍​នោះ​ទៅ​វិញ។​

«ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ រឿង​មួយ​ចំនួនយើង​ពិបាក​នឹង​សន្និដ្ឋាន​ណាស់ ​គឺដោយ​សារ​តែ​អ្វីៗសម្រេច​ទៅ​លើ​តុលាការ​ ហើយ​តុលាការ​សម្រេច​ទៅ​តាម​នីតិ​វិធី​ច្បាប់​ ដែល​មាន​ជាធរមាន»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​អ្នកនាំពាក្យនេះ​បានទទួល​ស្គាល់​ថា​ ​កន្លងមកការ​អនុវត្តមាន​លក្ខណៈ​ចន្លោះ​ប្រហោង​ ​មិន​បាន​នាំ​ជន​សង្ស័យ​ ​ឬ​ជន​ប្រព្រឹត្ត​ល្មើសមក​ទទួល​ទោសចំពោះមុខ​ច្បាប់​ ​ក៏​បណ្ដាល​មក​ពី​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ធ្វើការ​មិនសូវ​មាន​វិជ្ជាជីវៈ​ ​និង​មិន​បង្ក​លក្ខណៈ​សម​ស្រប​ឱ្យ​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌។

«យើង​ទទួល​ស្គាល់​ថា​ ​មាន​បញ្ហា​ ​ដោយ​សារ​នៅ​មាន​កង្វះ​ខាត​ ជាពិសេសផ្នែក​សម្ភារៈ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​មួយ​ចំនួន​ក្នុង​ការ​ការពារ​ជន​រងគ្រោះ​ ​ឬ​សាក្សី។​ ​ហើយ​ក៏​អាច​ជា​បញ្ហា​អាកប្បកិរិយា​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ និង​ការ​យល់​ដឹង​ពី​ច្បាប់​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ ច្បាស់​លាស់​ [របស់​ពួក​គាត់]»។​

យោង​តាម​ច្បាប់កម្ពុជា​ ​ការ​រំលោភ​សេពសន្ថវៈ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​ជន​ល្មើសត្រូវ​ប្រឈម​នឹង​បណ្ដឹង​អាជ្ញា​ដែលមិន​អាច​រលត់​ដោយ​ការ​សម្រុះ​សម្រួល​ ​ឬ​សង​ជា​សំណង​រដ្ឋប្បវេណី​បាន​ទេ។​ ​ក៏​ប៉ុន្តែ​ឯក​រាជ្យភាព​ ​និង​សុចរិត​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដែល​មជ្ឈដ្ឋាន​អ្នក​អង្កេត​ការណ៍​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ធ្វើ​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់។ ​ក្រុម​អ្នក​រិះ​គន់​តែង​បាន​បង្ហាញ​ក្ដី​កង្វល់​អំពី​បញ្ហា​អំពើ​ពុករលួយ​ និង​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ទៅ​លើ​ជញ្ជីង​យុត្តិធម៌។​

ជាក់​ស្ដែង​របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ​ដោយ​គម្រោង​យុត្តិធម៌​ពិភព​លោក​ (World Justice Project ឬ​ WJP)​ បាន​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​លេខ​រៀង​ទី​៩៩​ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០២​ ​ដែល​អង្គការ​នេះ​បាន​ធ្វើការអង្កេត​កម្រិតអនុវត្ត​នីតិ​រដ្ឋ​ ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​គុណ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌។​

យ៉ាងណាក៏ដោយ​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ​លោក​ ​ជិន​ ម៉ាលីន​ បាន​ស្នើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពីសំណាក់ភាគីពាក់ព័ន្ធ​ ​ដើម្បីកែលម្អ​ជាប្រព័ន្ធ​ ​ដើម្បីធានាស្វែងរកយុត្តិ​ធម៌ជូនជនរងគ្រោះ​ដោយ​អំពើ​រំលោភ ​ដោយ​សុំ​ឲ្យរាយ​ការណ៍​មក​ស្ថាប័ន​ពាក់​ព័ន្ធ​ ​បើ​សិនជា​មាន​ភស្ដុតាង​អំពី​ភាព​មិន​ប្រក្រតី។​

«គាត់​អាច​ប្ដឹង​ផ្ដល់ម​កបាន​ ទៅ​តាម​ស្ថាប័នមាន​សមត្ថ​កិច្ច ​ដូច​ជា​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ គាត់​អាច​ប្ដឹងទៅ​កាន់​ ACU​ (អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ)​ ឬ​បើ​មាន​ការ​អនុវត្ត​ដំណើរ​ការ​នីតិ​វិធី​ខុស​ គេ​អាច​ប្ដឹង​មក​កាន់​ក្រសួង​យុត្តិ​ធម៌ ឬឧត្តមក្រុម​ប្រឹក្សា​ជាតិនៃ​អង្គ​ចៅ​ក្រម»។​

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ​ ​កញ្ញា​ ​ណាប់​ សុម៉ាលី មន្រ្តី​ជាន់​ខ្ពស់ផ្នែក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​ស្រ្តី​ ​និង​កុមារ​នៃ​អង្គការ​លីកាដូ​ ​បាន​ប្រាប់​ VOA​ ​ថា ​កន្លង​ទៅ​អង្គការ​ខ្លួន​តែង​តែ​ព្យាយាម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ដោះ​ស្រាយ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ ​កញ្ញា​បាន​សំណូមពរ​ឲ្យស្ថាប័ន​ពាក់​ព័ន្ធ​ ​និង​ប្រព័ន្ធ​តុលាការធ្វើការ​ទៅ​ដោយ​យុត្តិធម៌​ និង​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ទោះ​ជា​ជន​ល្មើស​ជា​បុគ្គល​បែប​ណា​ក៏​ដោយ។

«ក្នុង​ករណី​រំលោភ​មួយ​ចំនួន ​យើង​បាន​ដាក់​ទៅ​មេធាវី​ ផ្ដល់មេធាវី​ការពារ​ក្តី។​ យើង​បាន​ទាក់​ទង​ទៅ​ក្រឡា​បញ្ជី​ ​ស្នើ​សុំ​សំណុំ​រឿង​ឲ្យ​គាត់​គិត​គូរ​អី​ជា​ដើម។​ ​ប៉ុន្តែ​រឿង​មួយ​ចំនួនក៏​វា​ដំណើរ​ការ​ទៅ​ប្រក្រតី។ ​ទាក់​ទង​នឹង​ជន​ល្មើសជា​បុគ្គល​សាមញ្ញ​ រឿង​ហ្នឹង​ដំណើរ​ការ​ទៅ​ប្រក្រតី។ ​ តែ​ក្នុង​ករណី​រំលោភ​ដូច​គ្នា​តែ​ជន​ល្មើស​គាត់​ជា​បុគ្គល​ដែល​មាន​មុខ​មាត់​ ​និង​មាន​ទ្រព្យ​សម្បត្តិ​ហ្នឹង​គឺ​ច្រើន​តែ​នីតិវិធី​ហ្នឹង​មាន​ភាព​យឺត​យ៉ាវ​ខុស​ប្រក្រតី»។​

យ៉ាង​ណា​មិញ​ ជន​រងគ្រោះ​ ដូច​ជា​ ​កញ្ញា ​ចាន់ ស៊ីណេត​ ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជិត​១០​ឆ្នាំ​មក​នោះ​ ​នៅ​តែ​ស្រមៃចង់​បាន​យុត្តិធម៌​ដល់​រូប​ខ្លួន​ ​ដោយ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​នាំ​យក​ជន​ល្មើស​មក​កាត់​ទោស​តាម​ច្បាប់​កម្ពុជា។​

«បើ​សិន​គាត់​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ ​ហើយ​គេ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​អត់​ចាំ​បាច់​ដេក​យល់​សប្តិ​ស្រែក​ទាំង​កណ្តាល​យប់​ ​ដោយ​សារ​តែ​ខ្លាច​ទេ»។​

ការរំលោភ​សេព​សន្ថវៈ​នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​គួរ​ឲ្យ​បារម្ភ​សម្រាប់ប្រទេស​កម្ពុជា​ ​ដោយ​សារ​មាន​ការ​ទាក់​ទិន​នឹង​អំពើ​ពុក​រលួយ​ ​ការ​រើស​អើង​ទៅ​លើ​ស្ត្រីនិង​ក្មេង​ស្រី​ ​និង​ចន្លោះ​ប្រហោងក្នុងការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រ​ទេស​ដ៏​ក្រីក្រ​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ មាន​ជន​ល្មើសមួយ​ចំនួន​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាត់​ទោស​ជា​បន្តបន្ទាប់ផង​ដែរ៕​

XS
SM
MD
LG