ភរិយារបស់លោក Najib អតីតនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីមិនបានសារភាពទទួលទោសកំហុសលើបទចោទប្រកាន់ជាច្រើនពីការជាប់ទាក់ទិនទៅនឹងរឿងអាស្រូវការលួចបន្លំប្រាក់នៅឯមូលនិធិវិនិយោគទុនដែលកាន់កាប់ដោយរដ្ឋឈ្មោះ1MDB ដែលបាននាំឲ្យស្វាមីរបស់លោកស្រីធ្លាក់ចេញពីដំណែងនៅដើមឆ្នាំនេះ។
លោកស្រី Rosmah Mansor បានបង្ហាញខ្លួននៅតុលាការក្រុង Kuala Lumpurនៅថ្ងៃព្រហស្បតិ៍នេះ ហើយបានរងការចោទប្រកាន់ចំនួន១២ពីការលាងលុយកខ្វក់និងការលួចបន្លំពន្ធដារ។ រដ្ឋអាជ្ញាចោទប្រកាន់លោកស្រីពីការទទួលប្រាក់ជាង១លានដុល្លារនៅក្នុងខ្ទង់គណនីធនាគាររបស់លោកស្រីពីចន្លោះឆ្នាំ២០១៣ និង២០១៧ ហើយមិនបានប្រកាសពីការបង់ពន្ធប្រាក់នេះ។
លោកស្រី Mansor បានត្រូវចាប់ខ្លួនហើយឃុំខ្លួនរយៈពេលមួយថ្ងៃមុនដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ី ហើយត្រូវបានសាកសួរជាលើកទី៣នៅក្នុងការទាក់ទិននឹងរឿងអាស្រូវនេះ។
លោកស្រីត្រូវបានដោះលែងចេញពីការឃុំឃាំង បន្ទាប់ពីការបង់ប្រាក់៤សែន៨ម៉ឺនដុល្លារដើម្បីធានានៅក្រៅឃុំឃាំង។លោកស្រីបានប្រឈមការជាប់គុកពី៥ទៅ១៥ឆ្នាំលើបទចោទប្រកាន់នីមួយៗ ប្រសិនតុលាការរកឃើញថា មានទោសនោះ។
លោក Najib Razak ក៏បានស្ថិតនៅក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍នេះដែរចំពោះសវន ការមុនពេលជម្រះក្តីលើបទចោទប្រកាន់ចំនួន៣២ដែលលោកប្រឈមក្នុងរឿងអាស្រូវមូលនិធិ1MDBរួមមានការរំលោភភាពទុកចិត្ត អំពើពុករលួយនិងការលាងលុយ កខ្វក់។ លោកបានរងការចោទប្រកាន់ពីការផ្ទេរប្រាក់ប្រហែល១០លានដុល្លារពីមូលនិ ធិ 1MDBចូលក្នុងគណនីធនាគាររបស់លោក ដែលផ្នែកមួយនៃប្រាក់៤ពាន់៥រយ លានដុល្លារ ដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនិយាយថា លោកNajib និងបក្សពួករបស់លោកបានជួយលួចមកពីមូលនិធិនោះ៕