មន្ត្រីអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃសៅរ៍នេះថាមានមនុស្សយ៉ាងតិចណាស់ពីរនាក់បានស្លាប់ហើយបួននាក់ទៀតបានត្រូវរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅជិតការិយាល័យបោះឆ្នោតមួយក្នុងក្រុង Jalalabad ប៉ែកឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីបានថ្លែងថាការផ្ទុះនេះបានកើតមានឡើងនៅពេលដែលអ្នកវាយប្រហារបានទៅជិតពួកបាតុកររាប់សិបនាក់នៅជិតការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត។ បាតុករទាំងនេះបានប្រមូលផ្តុំគ្នាដើម្បីតវ៉ាអំពីសេចក្តីសម្រេចមួយដោយដកហូតសិទ្ធិបេក្ខជនម្នាក់មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះក្រោមការចោទប្រកាន់ថាបេក្ខជនរូបនេះមានចំណងទាក់ទងជាមួយជនសកម្មប្រយុទ្ធ។
លោក Najib Kamawal នាយកសុខាភិបាលខេត្តនិងលោក Attahullah Khogyani អ្នកនាំពាក្យអភិបាលខេត្ត Nangarhar បានបញ្ជាក់ថាមានមនុស្សពីរនាក់បានបាត់បង់ជីវិតមែន។
លោក Khogyani បាននិយាយថា «យើងបានសុំដល់ពួកបាតុករឱ្យបញ្ឈប់ការតវ៉ារបស់ពួកគេពីព្រោះពួកជនសកម្មប្រយុទ្ធអាចយកពួកគេធ្វើជាទីដៅនៃការវាយប្រហារ ក៏ប៉ុន្តែបាតុករបានច្រានចោលសារខាងសន្តិសុខរបស់យើង»។ លោក Khogyani បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថាចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនថែមទៀត៕