ខណៈដែលទំនាក់ទំនងកម្ពុជាចិន មានភាពជិតស្និទ្ធកាន់តែខ្លាំងជាងមុន ក្រោយពីមានការបង្ក្រាបដ៏ធ្ងន់ធ្ងរក្នុងនៅប្រទេសកម្ពុជា រយៈពេលមួយឆ្នាំចុងក្រោយ មន្ត្រីជាន់ខ្ពស់មួយរូបនៃស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានព្រមានកាលពីសប្ដាហ៍កន្លងទៅថា កម្ពុជាគួរណាស់តែប្រយ័ត្នប្រយែងក្នុងការជឿទុកចិត្តលើប្រទេសចិនកុម្មុយនីស្ត។
ក្នុងសិក្ខាសាលាមួយនៅភ្នំពេញកាលពីសប្ដាហ៍មុន ដែលមានការជជែកពិភាក្សាអំពីខ្លឹមសារនៃគំនិតផ្ដួចផ្ដើមភូមិសាស្ត្រនយោបាយដែលដឹកនាំដោយសហរដ្ឋអាមេរិក ឬដែលគេស្គាល់ថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Michael Newbill ភារធារីនៃស្ថានទូតអាមេរិក បានលើកឡើងជាឧទាហរណ៍ដែលមានស្រាប់ នៅប្រទេសស្រីលង្កា ជីប៊ូទី និងកោះម៉ាល់ឌីវ ដែលលង់ផុងខ្លួនក្នុងគម្រោងកម្ចីជាមួយប្រទេសចិន ដែលនៅទីបំផុតគ្មានលទ្ធភាពសងត្រឡប់។
លោកភារធារីរូបនេះបានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖
«បណ្ដាមេដឹកនាំរបស់ប្រទេសកម្ពុជាត្រូវចាំបាច់ទទួលស្គាល់នូវហានិភ័យក្នុងការពឹងផ្អែកតែទៅលើដៃគូតែមួយ ហើយនិងលើចំណុចថាតើប្រជាជនរបស់ខ្លួននឹងទទួលយកបានឬទេ នូវការផ្លាស់ប្ដូរដ៏ចម្បងនៃទិសដៅដំណើររបស់ប្រទេស»។
មន្ត្រីលំដាប់ទីពីរនៅស្ថានទូតអាមេរិករូបនេះបានបន្តសុន្ទរកថាលោក ដោយបានស្នើរដ្ឋាភិបាលកម្ពុជា ឱ្យបើកចំហរលំហរនយោបាយនិងសិទ្ធិសេរីភាព «សម្រាប់ប្រជាជនកម្ពុជាឱ្យមានចំណែកចូលរួមជាមតិយោបល់ទៅលើអនាគតប្រទេសរបស់ពួកគេ» មុននឹងលោកបន្តនូវសំណូមពរដល់កម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។
លោក Michael Newbill បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ការវិនិយោគរបស់ចិនអាចនិយាយថាបានថាផ្ដល់នូវសារៈប្រយោជន៍ តែកិច្ចព្រមព្រៀងទាំងនេះត្រូវការចាំបាច់នូវការត្រួតពិនិត្យពិច័យ និងការណែនាំឱ្យបានដិតដល់ ដើម្បីធ្វើឱ្យប្រាកដថា ផលប្រយោជន៍នឹងបានទៅដល់ប្រទេសទាំងមូល មិនមែនបានតែអ្នកសរសេរកិច្ចព្រមព្រៀងនោះទេ។ តម្លាភាពមានគុណតម្លៃខ្លាំងណាស់ក្នុងការរក្សាអធិបតេយ្យភាព»។
មន្ត្រីការទូតសហរដ្ឋអាមេរិករូបនេះបានថ្លែងបន្តយ៉ាងដូច្នេះទៀតថា៖
«បណ្ដាប្រទេសជាច្រើនបានប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងពេលដ៏យូរលង់ណាស់មកហើយ ដើម្បីរក្សាសេរីភាពនិងឯករាជ្យភាពរបស់ខ្លួន ហើយបណ្ដាប្រទេសទាំងនោះមិនអនុញ្ញាតដាច់ខាត ក្នុងការដាក់លក់អធិបតេយ្យភាពរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយ»។
ការថ្លែងរបស់អ្នកការទូតអាមេរិកនេះធ្វើឡើងខណៈប្រទេសចិនបានគាំទ្រកម្ពុជាយ៉ាងពេញទំហឹង ក្នុងបរិបទនៃការចាត់វិធានការច្បាប់ដាក់គោលដៅលើអ្នករិះគន់ និងក្រុមគណបក្សជំទាស់ ដែលកើតមានមុនការឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានក្រសោបអសនៈទាំងអស់១២៥ នៅក្នុងរដ្ឋសភា។
ទីក្រុងប៉េកាំងបានសម្ដែងការយល់ស្របនឹងទីក្រុងភ្នំពេញ ដែលថាការចាត់វិធានការច្បាប់លើអ្នកជំទាស់មុនការបោះឆ្នោត មានសារៈសំខាន់ក្នុងការថែរក្សាសន្តិសុខផ្ទៃក្នុង និងស្ថិរភាពនៅប្រទេសកម្ពុជា ដែលបានទទួលទុនវិនិយោគផ្ទាល់ពីចិនដីគោកប្រមាណ ៥,៣ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០១៣មកឆ្នាំ២០១៧។
សំណូមពររបស់អ្នកការទូតអាមេរិកាំងក៏ធ្វើឡើងនៅចំកណ្ដាលចំណុចរំពុះនៃព្រឹត្តិការណ៍ជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក ដែលបានលើករនាំងពន្ធគយដាក់ទំនិញនាំចូលពីគ្នាទៅវិញទៅមក បង្កជាភាពតានតឹងកម្រិតសាកល ហើយដែលបណ្ដាប្រទេសកាន់តែច្រើននៅក្នុងតំបន់បានសម្ដែងក្ដីមន្ទិលសង្ស័យអំពីចេតនារបស់ចិន ក្នុងគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវ៉ាត់ (Belt and Road Initiative) ក្នុងការពង្រីកមាគ៌ាពាណិជ្ជកម្មបុរាណផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ។
ប្រទេសម៉ាឡេស៊ី ដែលទើបនឹងទទួលការវិលត្រឡប់មកចូលកាន់អំណាចវិញនៃបុរសខ្លាំង Mahathir Mohamad ជានាយករដ្ឋមន្ត្រី បានសម្រេចប្រកាសចរចា និងត្រួតពិនិត្យឡើងវិញនូវគម្រោងហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ និងទុនវិនិយោគអភិវឌ្ឍន៍តម្លៃសរុបប្រមាណ ៤០ពាន់លានដុល្លារ ជាមួយប្រទេសចិន ដែលត្រូវបានអនុម័តយល់ព្រមដោយរដ្ឋាភិបាលលោក Najib Razak ដែលធ្លាក់ពីដំណែងក្នុងការបោះឆ្នោតកាលពីខែឧសភា។
ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ ជំហរគាំទ្រគំនិតផ្ដួចផ្ដើម និងរបៀបវារៈថ្នាក់តំបន់របស់ចិននៅក្នុងតំបន់នៅតែមានសភាពក្លៀវក្លា។
នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសចិន ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងក្រោយបង្កើតរដ្ឋាភិបាលថ្មីនាដើមខែនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយធានាប្រាប់វិនិយោគិនចិនថា រដ្ឋាភិបាលរបស់លោកនឹងនៅបន្តការពារផលប្រយោជន៍នៃការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាបន្តទៅទៀត។
បើទោះជាសម្ដែងនូវសំណូមពរដល់កម្ពុជាឱ្យសម្គាល់ឥរិយាបថរបស់ប្រទេសចិន និងបើទោះជាស្ថានភាពទំនាក់ទំនងខ្មែរ-អាមេរិកាំងស្ថិតក្នុងកម្រិតទាបបំផុតចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់មកយ៉ាងណាក្ដី លោកភារធារី Michael Newbill នៅតែបង្ហាញក្ដីសង្ឃឹមថា សហរដ្ឋអាមេរិក «នឹងបន្តជាមិត្ត និងជាដៃគូជាមួយនឹងប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែរក្សាសេរីភាព និងឯករាជ្យភាពរបស់ពួកគេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវប្រឈមមុខនឹងសម្ពាធដាក់ដោយសេតវិមាន និងរដ្ឋសភាអាមេរិក ដែលបានព្រាងច្បាប់មួយដាក់រូបលោក និងមន្ត្រីជំនិតជាន់ខ្ពស់១៧រូបរបស់លោក ក្នុងបញ្ជីស្នើឱ្យទទួលទណ្ឌកម្មយ៉ាងណាក្ដី នឹងទៅដល់បុរីញូវយ៉កនាសប្ដាហ៍នេះ ដើម្បីចូលរួមអង្គមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសរបស់លោក ក៏ត្រូវបានប្រកាសថា នឹងជួបមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកផងដែរ។
ក្នុងខែនេះដែរ លោក ជុំ សុន្ទរី អតីតអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានចូលជួបលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបង្ហាញសារតាំង ក្លាយជាឯកអគ្គរាជទូតថ្មីរបស់កម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។
គិតត្រឹមរសៀលថ្ងៃអង្គារនេះ ស្ថានទូតចិននៅភ្នំពេញ មិនបានធ្វើសេចក្ដីអធិប្បាយអ្វីឡើយ ក្នុងការឆ្លើយឆ្លងទៅនឹងសំណើតាមសារអេឡិចត្រូនិករបស់ VOA ដើម្បីសុំការឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិកខាងលើ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិយាយថារដ្ឋអំណាច កម្ពុជាមានគោលការណ៍ក្នុងការការពារមិនឱ្យធ្លាក់ចូលទៅក្នុងស្ថានការណ៍ដែលខ្ចីបំណុលមិនអាចសងបាននោះទេ ហើយថាបរិយាយរបស់លោកភារធារីស្ថានទូតអាមេរិកគ្រាន់តែជាការទាញចំណាប់អារម្មណ៍ពី «ការធ្វើឱ្យឯកោខ្លួនឯង» តាមរយៈការផ្លាស់ប្ដូរឥរិយាបថទំនាក់ទំនងសេដ្ឋកិច្ចសកល ដោយរដ្ឋការលោក Donald Trump ពីពហុភាគីនិយម មកទ្វេភាគីនិយមតែប៉ុណ្ណោះ។
«ហើយសម្រាប់កម្ពុជា យើងប្រយ័ត្នប្រយែង។ គឺបំណុលទាំងនោះស្ថិតក្នុងលទ្ធភាពដែលយើងអាចសងបាន។ យើងមិនឱ្យបំណុលទាំងនោះក្លាយជាឥទ្ធិពលនយោបាយលើកម្ពុជានោះទេ។ ព្រោះរាជរដ្ឋាភិបាលបានប្ដេជ្ញាដាច់ខាតមិនឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ»។
គួររំឭកផងដែរថា ឆ្នាំ២០១៨នេះ គឺជាខួបគំរប់៦០ឆ្នាំ នៃទំនាក់ទំនងខ្មែរចិន ដែលបានចាប់ផ្ដើមតាំងតែឆ្នាំ១៩៥៨មក ក្រោមការត្រួសត្រាយផ្លូវដោយ ព្រះបាទ នរោត្តម សីហនុ និងអតីតមេដឹកនាំចិន លោក Zhou Enlai៕