អ្នកវិភាគនិយាយថា ការសម្រេចរបស់សហរដ្ឋអាមេរិកជាបឋមក្នុងការដាក់ពន្ធគយនាំចូលពិសេសទៅលើសំបកកង់រថយន្ត ដែលផលិតនៅក្នុងប្រទេសចំនួន ៤ នៅអាស៊ី នឹងធ្វើវិស័យឧស្សាហកម្មក្នុងស្រុកមានការភ្ញាក់ផ្អើល។ ការសម្រេចនេះជាការគាំទ្រដល់គោលជំហរពាណិជ្ជកម្មបរទេសដ៏តឹងរ៉ឹងរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងរយៈពេលចុងក្រោយនៃការកាន់តំណែងរបស់លោក។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃទី៣០ ខែធ្នូ ថា ខ្លួនបានធ្វើ«ការកំណត់ជាបឋម» ដើម្បីដាក់ពន្ធគយទៅលើសំបកកង់រថយន្តដែលផលិតសម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល។ ក្រសួងពាណិជ្ជកម្មបានលើកឡើងនៅលើគេហទំព័ររបស់ខ្លួនថា ពន្ធគយនេះអាចនឹងប៉ះពាល់ដល់អ្នកនាំចេញនៅក្នុងប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ថៃ និងវៀតណាម ប្រសិនបើការសម្រេចនេះចូលជាធរមាន នៅថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីមានការស៊ើបអង្កេតតាមដានជាបន្តបន្ទាប់ៗ។
លោក Danny Ho អគ្គនាយកនៃក្រុមហ៊ុនប្រឹក្សាយោបល់តៃវ៉ាន់ DMI សម្រាប់វិស័យគីមីចម្រាញពីប្រេងបា ននិយាយក្នុងន័យដើមថា «ផលប៉ះពាល់ពីបញ្ហានេះ គឺពិតជាធំធេងណាស់សម្រាប់តៃវ៉ាន់»។
នៅក្នុងពាក្យបច្ចេកទេសពាណិជ្ជកម្មការនាំចូលបង្ខូចថ្លៃសំដៅដល់ការអនុវត្តដោយប្រទេស និងក្រុមហ៊ុនផលិត ក្នុងការដាក់តម្លៃទំនិញដែលនាំចូលទៅក្នុងទីផ្សារបរទេស ឱ្យតិចជាងតម្លៃដែលអ្នកប្រើប្រាស់ក្នុងស្រុក ត្រូវចំណាយនៅក្នុងប្រទេសដើម។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និយាយថា មន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានរកឃើញជាបឋមថា អ្នកនាំចូល «បាននាំចូលបង្ខូចថ្លៃ» សំបកកង់រថយន្តនៅក្នុងសហរដ្ឋអាមេរិក។ ការរកឃើញទាំងនេះឆ្លើយតបទៅនឹងញត្តិមួយ ដែលដាក់ដោយសហជីពអាមេកាំងមួយឈ្មោះហៅកាត់ថា USW (United Steel, Paper and Forestry, Rubber, Manufacturing, Energy, Allied Industrial and Service Workers International Union)។
ប្រទេសថៃជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ
ប្រទេសថៃនឹងរងផលប៉ះពាល់ ដោយសារតែវិស័យផលិតសំបកកង់រថយន្តដ៏ធំខុសប្រក្រតីរបស់ខ្លួន។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និយាយថា ការនាំចូលសហរដ្ឋអាមេរិកពីវិស័យផលិតរថយន្តដែលដឹកនាំដោយអ្នកវិនិយោគជប៉ុន និងសហរដ្ឋអាមេរិកមានចំនួនទឹកប្រាក់ ១,៩៦ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៩។
លោក Richard Doner សាស្ត្រាចារ្យចូលនិវត្តន៍ជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Emory ក្នុងសហរដ្ឋអាមេរិក និយាយថា វិស័យផលិតរថយន្តគឺជាវិស័យផ្តល់ការងារបានច្រើនបំផុត ក្នុងចំណោមវិស័យទាំង ៥ របស់ថៃ និងបានផលិតរថយន្តរហូតដល់ ២លានគ្រឿង ក្នុងមួយឆ្នាំ។
លោក Doner បាននិយាយថា ពន្ធគយទាំងនេះ «អាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនេះ» ទោះបីជាផលិតផលសម្រេចភាគច្រើនមិនត្រូវបាននាំចូលសហរដ្ឋអាមេរិកក្តី។
លោកបាននិយាយថា៖ «វាមិនមែនមានន័យថា ប្រទេសថៃពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាប្រហែលជាមានសារៈសំខាន់ និងដោយសារតែសារៈសំខាន់នៃវិស័យផលិតរថយន្តសម្រាប់ប្រទេសថៃ វាប្រហែលជាបញ្ហាដ៏ធំមួយ»។
ផលប៉ះពាល់ចំពោះតៃវ៉ាន់
លោក Liang Kuo-yuan នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវ Polaris ដែលស្រាវជ្រាវលើគោលនយោបាយនៅក្នុងក្រុងតៃប៉ិ បាននិយាយថា ក្រុមហ៊ុនសំបកកង់រថយន្ត Cheng Shin Tyre និងក្រុមហ៊ុន Nankang Tyre គឺជាអ្នកផ្គត់ផ្គង់សំបកកង់រថយន្តទៅក្រៅប្រទេសដ៏សំខាន់របស់តៃវ៉ាន់។
លោកបានប៉ាន់ស្មានថា ក្រុមហ៊ុន Nankang ទទួលបានចំណូលចំនួន ៣៧% ពីការនាំចេញទៅសហរដ្ឋអាមេរិក និងមានការភ័យខ្លាចចំពោះការដាក់ពន្ធគយខ្ពស់ ដោយសារតែរោងចក្ររបស់ក្រុមហ៊ុននេះប្រមូលផ្តុំនៅកោះតៃវ៉ាន់ច្រើនជាងនៅក្រៅប្រទេស ដែលជាកន្លែងអាចរួចផុតពន្ធគយបាន។
ក្រុមហ៊ុន Nankang មិនបានឆ្លើយតបចំពោះការស្នើសុំអធិប្បាយសម្រាប់រឿងនេះទេ។
លោក Ho និយាយថា ក្រុមហ៊ុននាំចេញសំបកកង់រថយន្តតៃវ៉ាន់អាចនឹងមានចេតនាទម្លាក់តម្លៃឱ្យនៅទាបសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការមិនផ្តល់ការលើកទឹកចិត្តពន្ធគយពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ ប្រទេសនាំចេញទៀតសំបកកង់រថយន្តមួយទៀត គឺកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១២។
លោក Liang បាននិយាយថា៖ «ការសន្និដ្ឋានគឺថា មិនមានផលប៉ះពាល់ភ្លាមៗនោះទេ ប៉ុន្តែគិតពីទស្សនៈរបស់តៃវ៉ាន់ ប្រសិនបើពួកគេត្រូវបានគេរកឃើញថា ពិតជាបាននាំចូលបង្ខូចថ្លៃមែននោះ វានឹងមានគុណវិបត្តិទៅលើពាណិជ្ជកម្មគ្រប់ប្រទេសរបស់តៃវ៉ាន់ ដែលកំពុងសម្រុកចូលទៅក្នុងប្រទេសវិញ»។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រក្នុងក្រុងហូជីមិញ និយាយថា ក្រុមហ៊ុនផលិតវៀតណាម និងអ្នកជំនួញសហរដ្ឋអាមេរិកនៅក្នុងប្រទេសវៀតណាម បានប្រឆាំងនឹងការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកនេះ។
លោក Nguyen ដែលបាននិយាយប្រឆាំងខ្លះៗ បាននិយាយថា៖ «ពួកគេមិនពេញចិត្តនឹងអ្វីដែលក្រសួងកំពុងយកជាគោលដៅ នៅក្នុងវិស័យផលិតសំបកកង់រថយន្តនៅក្នុងប្រទេសវៀតណាមនោះទេ។ ពួកគេគិតថា ខ្ញុំបានធ្វើការសម្រាប់ក្រុមហ៊ុនទាំងនេះអស់រយៈពេលយ៉ាងយូរ ហើយខ្ញុំដឹងថា តើវាមានភាពស្របច្បាប់កម្រិតណា និងតើវាល្អកម្រិតណា ដូច្នេះវាមិនមានហេតុផលត្រឹមត្រូវនោះទេក្នុងការដាក់ពន្ធគយខ្ពស់ទៅលើវិស័យនេះ»។
ក្រសួងពាណិជ្ជកម្មនិយាយថា ការនាំចេញសំបកកង់រថយន្តរបស់កូរ៉េខាងត្បូងទៅកាន់សហរដ្ឋអាមេរិកកើនឡើងដល់ ១,១៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៩ ដែលតាមពីក្រោយដោយវៀតណាមក្នុងទឹកប្រាក់ ៤៦៩,៦លានដុល្លារ និងតៃវ៉ាន់ក្នុងទឹកប្រាក់ ៣៧៣លានដុល្លារ។
កេរដំណែលរបស់លោកត្រាំ
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា «ការអនុវត្តដ៏ម៉ឺងម៉ាត់» នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកគឺជា «ការផ្តោតអារម្មណ៍ចម្បង» របស់រដ្ឋបាលលោក ត្រាំ។
នៅក្នុងអាណត្តិរបស់លោក ក្រសួងនេះបានបើកការស៊ើបអង្កេតប្រឆាំងការនាំចូលបង្ខូចថ្លៃ និងការវាយបកតាមរយៈការដាក់ពន្ធគយថ្មីៗចំនួន ៣០៦ ករណី ដែលនេះជាការកើនឡើង ២៧៨% បើប្រៀបធៀបនឹង «រយៈពេលដូចគ្នា» នៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោក Ho និយាយថា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើងជាមួយនឹងកាណាដា និងម៉ិកស៊ិក ព្រមទាំងដកសហរដ្ឋអាមេរិកចេញពីតំបន់ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលឥឡូវនេះមានសមាជិកត្រឹមតែ ១១ ប្រទេសប៉ុណ្ណោះ។
លោក Ho បាននិយាយបន្ថែមថា គោលនយោបាយពាណិជ្ជកម្មទូលំទូលាយរបស់លោក ត្រាំ «ច្បាស់ណាស់» នឹងធ្វើឱ្យមានសំណើដាក់ពន្ធគយលើវិស័យសំបកកង់រថយន្ត។
លោក Nguyen បាននិយាយថា លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden អាចនឹងផ្លាស់ប្តូរសេចក្តីសម្រេចពាក់ព័ន្ធនឹងពន្ធគយនេះ។ លោក Biden នឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករានេះ៕