ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Software ចិន​ចំនួន ៨


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​​ក្នុង​ពិធី​មួយ ដើម្បី​បំពាក់​មេដាយ​សេរីភាព​របស់​ប្រធានាធិបតី​ដល់​កីឡាករ​​បោក​ចំបាប់​លោក​​ Dan Gable នៅ​សេតវិមាន ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​​ក្នុង​ពិធី​មួយ ដើម្បី​បំពាក់​មេដាយ​សេរីភាព​របស់​ប្រធានាធិបតី​ដល់​កីឡាករ​​បោក​ចំបាប់​លោក​​ Dan Gable នៅ​សេតវិមាន ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​អង្គារ​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​មួយ​ដែល​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Software របស់​ប្រទេស​ចិន​ចំនួន ៨ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ក្រុមហ៊ុន Ant Group's Alipay ផងដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សេតវិមាន។ វិធានការ​នេះ​នឹង​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​បន្ថែម​ទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មុន​ពេល​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ​នេះ។

បទ​បញ្ជា​នេះ ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​គេ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters តម្រូវ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​កំណត់​ថា​តើ​ការ​ធ្វើ​អាជីវកម្ម​ណា​មួយ​ដែល​នឹង​ត្រូវ​ហាម​ឃាត់ និង​មាន​គោល​បំណង​សំដៅ​លើ​ក្រុមហ៊ុន QQ Wallet របស់​ក្រុមហ៊ុន Tencent Holdings Ltd ក្រុមហ៊ុន WeChat Pay ក្រុមហ៊ុន CamScanner ក្រុមហ៊ុន SHAREit និង​ក្រុមហ៊ុន​ផ្សេង​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អាមេរិក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ចំណាត់ការ​នេះ​មាន​គោល​បំណង​ទប់ស្កាត់​ការ​គំរាម​កំហែង​ចំពោះ​ពលរដ្ឋ​អាមេរិកាំង ដែល​បង្ក​ឡើង​ដោយ​កម្មវិធី software របស់​ចិន ដែល​អាច​មាន​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

បទ​បញ្ជា​នេះ​បាន​បញ្ចាក់​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ចាត់​វិធានការ​ខ្លាំងក្លា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទាំង​នេះ «ដើម្បី​ការពារ​សន្តិ​សុខ​ជាតិ​របស់​យើង»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​នានា​ដើម្បី​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ទាំង​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG