មូលនិធិបេតិកភណ្ឌ ឬ Heritage Foundation បានរៀបចំកិច្ចពិភាក្សាមួយស្ដី អំពី «សារៈសំខាន់នៃទន្លេមេគង្គ និងជម្រើសគោលនយោបាយសហរដ្ឋអាមេរិក» កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្នាក់ការរបស់មូលនិធិបេតិកភណ្ឌក្នុងរដ្ឋធានី Washington។ អ្នកជំនាញមកពីមជ្ឈមណ្ឌល Stimson និងមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ពន្យល់ពីមូលហេតុដែលសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពទន្លេមេគង្គនេះ។
ទន្លេមេគង្គ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និងកម្ពុជា គឺជាខ្សែទឹកដ៏សំខាន់បំផុតមួយក្នុងពិភពលោក ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងបរិស្ថាន។ សហរដ្ឋអាមេរិកមិនទទួលបានអត្ថប្រយោជន៍អ្វីដោយផ្ទាល់ពីទន្លេមេគង្គឡើយ ក៏ប៉ុន្តែអ្នកជំនាញផ្នែកគោលនយោបាយអន្តរជាតិ លើកឡើងថា សហរដ្ឋអាមេរិកនៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថានភាពទន្លេមេគង្គនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងកិច្ចពិភាក្សាមួយស្ដីពី «សារៈសំខាន់នៃទន្លេមេគង្គ និងជម្រើសគោលនយោបាយសហរដ្ឋអាមេរិក» រៀបចំដោយមូលនិធិបេតិកភណ្ឌ កាលពីថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ ២០១៧ នៅរដ្ឋធានី Washington លោក Richard Cronin អ្នកស្រាវជ្រាវដ៏ជំនាញខាងទន្លេមេគង្គនៅតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson បញ្ជាក់ថា អត្ថប្រយោជន៍ដែលអាមេរិកទទួលបានពីគោលនយោបាយការបរទេសរបស់ខ្លួនស្ដីពីទន្លេមេគង្គគឺ ការលើកកម្ពស់ការផ្សារភ្ជាប់ក្នុងតំបន់ សន្តិសុខស្បៀងពិភពលោក និងការគាំពារបរិស្ថាន។
លោក Richard បានប្រាប់ VOA ថា៖ «ខ្ញុំគិតថាអត្ថប្រយោជន៍ដែលរដ្ឋាភិបាលអាមេរិកទទួលបាន គឺគ្រាន់តែការលើកកម្ពស់ការផ្សារភ្ជាប់ក្នុងតំបន់ សន្តិសុខស្បៀងពិភពលោក និងបញ្ហាបរិស្ថាន ជាដើម។ មិនតែប៉ុណ្ណោះ ក៏លើកកម្ពស់ការដល់ដឹងពីចំណុចអវិជ្ជមាននៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីធំៗ»។
លោក Richard ក៏បានបន្ថែមថា ការឈឺឆ្អាលរបស់អាមេរិក ទៅលើបញ្ហាទន្លេមេគង្គ គឺជាយុទ្ធសាស្ត្រមួយ ក្នុងការបង្អាក់ដំណើររបស់ចិន ដើម្បីកុំឲ្យចិនពង្រីកខ្លួនចូលក្នុងតំបន់អាស៊ីអាគ្នេយ៍បានលឿន និងស៊ីជម្រៅពេក។
លោក Richard ថា៖ «លើសពីនេះ យើងមិនមែនព្យាយាមកំណត់គោលដៅទេ ប៉ុន្តែនេះជាឧបសគ្គមួយដល់ការពង្រីកខ្លួនរបស់រដ្ឋាភិបាលចិនចូលក្នុងតំបន់ ដោយយើងមិនប្រើយុទ្ធសាស្ត្រដូចចិនទេ តែប្រើយុទ្ធសាស្ត្រដែលសមស្របតាមវប្បធម៌នយោបាយរបស់អាមេរិក។ ហើយគ្មានអ្វីច្រើនទេដែលយើងនឹងទទួលបាន ក្រៅពីការលើកកម្ពស់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។
ជាការពិតណាស់ដែលថា សព្វថ្ងៃនេះ ស្ថានភាពទន្លេមេគង្គស្ថិតក្នុងភាពស្មុគស្មាញ ព្រោះប្រទេសនីមួយដែលជាម្ចាស់ទន្លេមេគង្គដូចជាចិន មីយ៉ាន់ម៉ា ថៃ វៀតណាម ឡាវ និងកម្ពុជា កំពុងប្រើប្រាស់ និងគ្រប់គ្រងទន្លេនេះតាមរបៀបខុសគ្នា ដើម្បីទាញយកផលប្រយោជន៍រៀងខ្លួន។ ផលប្រយោជន៍ទាំងនោះរួមមាន ទិន្នផលនេសាទ ការដាំដំណាំ ការរុករកធនធានធម្មជាតិដូចជារ៉ែ ការបូមខ្សាច់លក់ ការរកចំណូលពីវិស័យទេសចរណ៍ ការដឹកជញ្ជូន និងការសាងសង់ទំនប់វារីអគ្គិសនី ដើម្បីទាញយកថាមពលជាដើម។
យ៉ាងណាក៏ដោយមូលនិធិបេតិកភណ្ឌបានកត់សម្គាល់លើបញ្ហានេះ នៅលើគេហទំព័ររបស់ខ្លួនថា ទោះបីជាប្រទេសទាំងនេះ ជាម្ចាស់ទន្លេមេគង្គមែន តែប្រទេសខ្លះមានសិទ្ធិក្នុងការសម្រេចច្រើនជាងប្រទេសដទៃ។ ឧទាហរណ៍ ប្រទេសចិន ដែលជាអ្នកគ្រប់គ្រងតំបន់ទន្លេមេគង្គលើ មានសិទ្ធិទូលំទូលាយក្នុងការប្រើប្រាស់ទន្លេនេះ ច្រើនជាងប្រទេសគ្រប់គ្រងតំបន់មេគង្គក្រោម។ ហើយការសម្រេចចិត្តរបស់ចិនភាគច្រើន ជិះឥទ្ធិពលអវិជ្ជមានដល់បណ្ដាប្រទេសគ្រប់គ្រងទន្លេមេគង្គក្រោម។
គួរបញ្ជាក់ថា កិច្ចផ្ដួចផ្ដើមតំបន់ទន្លេមេគង្គក្រោម ឬ Lower Mekong Initiativeបានបង្កើតឡើងរវាងអតីតរដ្ឋមន្ត្រីក្រសួងការប្រទេស លោកស្រី Hillary Clinton និងរដ្ឋមន្ត្រីការបរទេស វៀតណាម ថៃ ឡាវ និងកម្ពុជា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០០៩ ក្នុងខេត្តភូកេត ប្រទេសថៃ។ កិច្ចផ្ដួចផ្ដើមនេះ ត្រូវបានគេបង្កើតឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបរិស្ថាន សុខាភិបាល អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ។
ការសាងសង់ទំនប់វារីអគ្គិសនីជាបញ្ហាប្រឈមធំបំផុត នៅលើទន្លេមេគង្គក្នុងពេលបច្ចុប្បន្ន ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ការនេសាទ ការដឹកជញ្ជូន ជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាជន ប៉ះពាល់តំបន់ដីសណ្ដក្នុងប្រទេសវៀតណាម និងផលប៉ះពាល់ដល់បរិស្ថានផ្សេងៗទៀត។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Amy Searight ទីប្រឹក្សាជាន់ខ្ពស់ និងជានាយកកម្មវិធីប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ។
អ្នកស្រីមានប្រសាសន៍ថា យុទ្ធសាស្ត្រនៃកិច្ចផ្ដួចផ្ដើមតំបន់មេគង្គក្រោម ត្រូវបានបង្កើតឡើងដើម្បី ឲ្យប្រទេសទាំងអស់ចូលរួម និងយល់ដឹងពីផលប៉ះពាល់ របស់ទំនប់វារីអគ្គិសនី និងចែករំលែកបទពិសោធន៍ពីសហរដ្ឋអាមេរិកស្ដីពីផលប៉ះពាល់ទាំងឡាយដល់ប្រទេសទាំងនោះ ដើម្បីឲ្យពួកគេ ពិភាក្សាគ្នា ក៏ជាមួយពិភាក្សាសហរដ្ឋអាមេរិក ដើម្បីបង្កើតយន្តការគ្រប់គ្រងទឹករួមគ្នាមួយ ដែលអាចឈានទៅរកការចរចាជាមួយប្រទេសចិន ដើម្បីឲ្យចិនចូលរួមក្នុងយន្តការគ្រប់គ្រងទឹករួមនេះដែរ។
ការពង្រីកឥទ្ធិពលរបស់ចិន ចូលក្នុងតំបន់តាមរយៈ ការទាក់ទងថ្នាក់ដឹកនាំកំពូលនៃប្រទេសមួយចំនួនដូចជាកម្ពុជា និងឡាវ តាមរយៈការផ្ដល់ជំនួយឥតសំណង ឬការផ្ដល់កម្ចីដែលមានលក្ខខណ្ឌធូររលុង គឺជាបញ្ហាគួរឲ្យព្រួយបារម្ភមួយទៀត ហើយការណ៍នេះទំនងជាអាចអនុញ្ញាតឲ្យចិនធ្វើអ្វីៗ តាមអំពើចិត្តនៅលើទន្លេមេគង្គ។ នេះបើតាមការលើកឡើងក្នុងកិច្ចពិភាក្សា។
ហើយអ្នកស្រី Amy បានលើកឡើងពីដំណោះស្រាយចំពោះបញ្ហានេះថា៖
«ប្រសិនបើអ្នកពង្រឹងប្រទេសម្ចាស់ទន្លេមេគង្គមួយចំនួន ដែលជាប្រទេសក្រីក្រក្នុងតំបន់ និងព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ក្នុងចំណោមប្រទេសទាំងនេះ នោះពួកគេមិនត្រឹមតែមានភាពរឹងមាំខ្លួនឯងនោះទេ ថែមទាំងមានការផ្សារភ្ជាប់ដ៏រឹងមាំក្នុងចំណោមពួកគេផងដែរ។ ដូច្នេះក្នុងកម្រិតណាមួយ ពួកគេអាចដើរតួនាទី ជាហ្វ្រាំង ដើម្បីទប់ការជ្រាបចូលនៃឥទ្ធិពលអវិជ្ជមានរបស់ចិន»។
អ្នកស្រីបន្ថែមថា៖ «តាមគំនិតរបស់ខ្ញុំ បើតាមទ្រឹស្ដី កិច្ចផ្ដួចផ្ដើមទន្លេមេគង្គក្រោម គឺជាគោលនយោបាយសមស្របមួយ ក្នុងការឆ្លើយតប ទៅនឹងការព្រួយបារម្ភនេះ បើទោះបីជាការអនុវត្ត កិច្ចផ្ដួចផ្ដើមទន្លេមេគង្គក្រោម រាងឃ្លាតឆ្ងាយបន្តិចពីរចនាសម្ព័ន្ធ និងគោលជំហរការិយាធិបតេយ្យ។ ប៉ុន្តែវាវិធីសាស្ត្រដ៏សមស្របមួយ ព្រោះយើងពិតជាត្រូវការវិធីសាស្ត្រក្នុងតំបន់មួយ ដើម្បីដោះស្រាយបញ្ហានេះ»។
បើទោះបីជាកិច្ចផ្ដួចផ្ដើមតំបន់មេគង្គក្រោម ត្រូវបានអ្នកជំនាញផ្នែកគោលនយោបាយអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ គិតថាល្អចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សម្រាប់ដោះស្រាយបញ្ហាប្រឈមនៅលើទន្លេមេគង្គក៏ដោយ ក៏នៅមានសំណួរសំខាន់ពីរទៀតចោទសួរថា តើរដ្ឋបាលថ្មីរបស់ប្រធានាធិបតីដូណាល់ ត្រាំនឹងអនុម័តថវិកា ឲ្យទៅក្រសួងការបរទេស ដើម្បីទ្រទ្រង់កិច្ចផ្ដួចផ្ដើមតំបន់មេគង្គក្រោមនេះបន្តទៀតដែរឬទេ? ហើយថាតើប្រទេសឡាវដែលជាប្រទេសទទួលបានផលចំណេញច្រើនពីទំនប់វារីអគ្គិសនី ព្រមបញ្ឈប់កម្មវិធីអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់ខ្លួនដែរឬទេ?
លោក Regard គិតថា រឿងទីមួយគឺជារឿងពិបាកនឹងកើតឡើងណាស់ ព្រោះរដ្ឋបាលលោកត្រាំបច្ចុប្បន្នមានគម្រោងកាត់ថវិកាយ៉ាងច្រើនក្រាស់ក្រែលពីក្រសួងការបរទេស។ ហើយថាតើឡាវព្រមលះបង់មហិច្ឆតា ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអាគុយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរឬទេ? លោក Rechard ឆ្លើយថា នេះក៏ជារឿងពិបាកដែរ ប៉ុន្តែឡាវអាចនឹងបោះបង់ចោលគំនិតនេះ បើសិនជាគ្មានអ្នកវិនិយោគ ឬការវិនិយោគ បង្កឲ្យមានការប្រឆាំងតវ៉ាច្រើនឡើង និងខ្លាំងឡើង ពីសកម្មជនបរិស្ថាន និងពីប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីទាំងនេះ៕