ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ហេតុ​អ្វី​បាន​ជា​ចិន យក​ចិត្ត​ទុកដាក់​លើ​ការប្រើប្រាស់​ដ្រូន​ដើម្បី​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ?


រូប​ឯកសារ៖ រថយន្ត​យោធា​ចិន​មួយ​ដឹក​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ជា​ដ្រូន កាត់​តាម​មហាវិថី Jianguomenwai នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។

អ្នកវិភាគ​ជឿ​ថា ប្រទេស​ចិន​កំពុង​ពង្រឹង​ការ​នាំ​មុខ​របស់​ខ្លួន​ទាំង​ក្នុង​ការ​រុករក​ធនធាន​ធម្មជាតិ និង​ទាំង​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​នឹង​រដ្ឋាភិបាល​របស់​ប្រទេស​ចំនួន​៥​ផ្សេង​ទៀត ដោយ​បាន​បង្កើន​​ការ​ដាក់​ពង្រាយ​ដ្រូន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ និង​ធន់​នឹង​ការ​ប្រើប្រាស់។

កាលពី​ខែតុលា​កន្លង​ទៅ​នេះ កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​ដាក់​បង្ហាញ «ប្រភេទ​ដ្រូន​អេឡិចត្រូនិក​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើ​សង្គ្រាម» ដែល​ទើប​តែ​បញ្ចប់​បេសកកម្ម​ឈ្លប​យក​ព័ត៌មាន​នៅ​មុន​ការ​តាំង​បង្ហាញ​នេះ។ មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​និយាយ​ថា ការ​តាំង​ពិព័រណ៍​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​នៅ​ពេល​មាន​ចលនា​យោធា​ណា​មួយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន​បាន​និយាយ​ថា ​នៅ​ក្នុង​ខែ​កញ្ញា បណ្តាញ​ដ្រូន​មួយ​ដែល​បញ្ជា​ដោយ​ក្រសួង​ធនធាន​ធម្មជាតិ​របស់​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រាវជ្រាវ​នៅ​ដែន​ទឹក​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​កោះ​ដាច់​ស្រយាល​ដែល​មិន​មាន​មនុស្ស​រស់នៅ។ នៅ​ក្នុង​ឆ្នាំ២០១៧ អ្នក​ស្រាវជ្រាវ​ចិន​បាន​បង្ហាញ​ជា​សាធារណៈ​នូវ​ដ្រូន​ដែល​ច្នៃ​ឡើង​ដើម្បី​ឈ្លប​យក​ការណ៍ និង​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ដ្រូន​ទាំង​នោះ​អាច​យក​ការណ៍​បាន​យ៉ាង​ស្រួល ហើយ​ប្រសិន​បើ​ដ្រូន​នោះ​ត្រូវ​បាន​គេ​ចាប់​បាន អ្នក​បញ្ជា​ដ្រូន​នឹង​អះអាង​ថា ពួកគេ​ប្រើប្រាស់​ដ្រូន​ទាំង​នោះ​ដើម្បី​រុករក​ធនធាន​ធម្មជាតិ។ ក្រុម​អ្នក​ជំនាញ​បន្ថែម​ថា ដ្រូន​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រព័ន្ធ​រ៉ាដា និង​ឧបករណ៍​ស៊ើបការណ៍​ផ្សេង​ទៀត ហើយ​វា​មាន​ការខាត​បង់​តិចតួច​ ប្រសិន​បើ​ត្រូវ​បាន​គេ​ចាប់​បាន។

លោក Alan Chong សាស្ត្រាចារ្យ​នៅ​សាលា S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរិ​និយាយ​ថា៖

«ច្បាស់​ណាស់ ដ្រូន​ជា​ឧបករណ៍​យក​ការណ៍​ដ៏​ល្អ​មួយ។ ដ្រូន​មិន​សូវ​មាន​តម្លៃ​ដូច​យន្តហោះ​ចម្បាំង​ទេ។ ប្រសិន​បើ​វា​ត្រូវ​បាន​គេ​បាញ់​ទម្លាក់ ចិន​នឹង​ធ្វើ​ការ​តវ៉ា ប៉ុន្តែ​ចិន​ខាត​ត្រឹម​តែ​បាត់បង់​ដ្រូន​តែ​ប៉ុណ្ណោះ»។

ជំហរ​កាន់​តែ​រឹងមាំ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

ប្រទេស​ចិន​ត្រូវ​បាន​ប្រទេស​ទាមទារ​ចំណែក​ផ្សេង​ទៀត​ឃ្លាំ​មើល និង​ប្រទេស​មហាអំណាច​លោក​ខាង​លិច​តាមដាន។ ប្រទេស​ទាំង​នោះ​មិន​ចង់​ឲ្យ​ចិន​កាន់កាប់​កោះ​បន្ថែម​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ និង​សម្បូរ​ទៅ​ដោយ​ធនធាន​ជលផល និង​អណ្តូង​ប្រេង​នោះ​ទេ។

ប៉ុន្តែ​ ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ដ្រូន រួម​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​ទាំង​ផ្នែក​យោធា​និង​ស៊ីវិល​ផ្សេង​ទៀត នឹង​ជួយ​ចិន​ឲ្យ​រុករក​ប្រេង​ឥន្ធនៈ​នៅ​បាត​សមុទ្រ និង​យក​ការណ៍​បាន​លឿន​ប្រសិន​បើ​ប្រទេស​ណា​ពង្រីក​ការ​កាន់កាប់​ដែន​ទឹក ជាពិសេស​ដែន​ទឹក​នៅ​ក្បែរ​ប្រទេស​ចិន។

លោក Alexander Huang សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​នៅ​សាកលវិទ្យាល័យ Tamkang នៅ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា៖

«សមុទ្រ​ចិន​ខាង​ត្បូង​មាន​ទំហំ​ធំ ដូច្នេះ​ប្រសិនបើ​ពួកគេ​ចង់​ឈ្លប​យក​ការណ៍​ក្នុង​ទ្រង់ទ្រាយ​មធ្យម​ ខ្ញុំ​គិត​ថា ដ្រូន​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ និង​មាន​ប្រសិទ្ធភាព​ជាង។ នៅ​ក្នុង​ពេល​មិន​មាន​ភាព​ចម្រូងចម្រាស​ ដូច​ជា​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ដ្រូន​មាន​ការ​ចំណាយ​តិច​ និង​មាន​ប្រសិទ្ធភាព»។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​មាន​ជម្លោះ​លើ​ផ្នែក​ខ្លះ ឬ​ផ្នែក​ទាំង​ស្រុង​នៃ​ការ​ទាមទារ​របស់​ចិន​ទៅ​លើ​សមុទ្រ​នេះ ដែល​លាត​សន្ធឹង​ពី​ហុងកុង ទៅ​ភាគ​ខាង​ត្បូង​រហូត​ដល់​កោះ Borneo។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​ជួនកាល​គាំទ្រ​ដោយ​ប្រទេស​ជប៉ុន និង​អូស្ត្រាលី ប្រើ​នាវា​ចម្បាំង​របស់​ខ្លួន​ធ្វើ​នាវាចរណ៍​នៅ​លើ​សមុទ្រ​នេះ​ម្តងម្កាល ដើម្បី​ត្រួតពិនិត្យ​មើល​សកម្មភាព​របស់​ចិន។ ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ការ​ខឹងសំបារ។

ប្រទេស​ចិន​បាន​លើក​ឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន​ដែល​មាន​ចំនួន​ប្រមាណ​ជា​៩០%​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

ដ្រូន៖ មាន​តម្លៃ​ធូរ​ថ្លៃ និង​ធន់​នឹង​ការ​ប្រើប្រាស់

លោក Chong និយាយ​ថា ពី​មុន​ដ្រូន​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សមុទ្រ​ដើម្បី​ពិនិត្យ​មើល​ជម្រៅ​ទឹក​សមុទ្រ​ វាស់ស្ទង់​សីតុណ្ហភាព និង​ពិនិត្យមើល​ថា​តើ​មាន​ផ្លាតុង​ច្រើន​ប៉ុន​ណា​នៅក្នុង​ទឹក។ ទិន្នន័យ​ទាំង​នេះ​នឹង​ជួយ​គេ​ឲ្យ​យល់​បាន​ពី​ជីវិត​ក្នុង​សមុទ្រ​ និង​គន្លឹះ​សម្រាប់​ការ​រុករក​ប្រេង ឬ​ឧស្ម័ន។

អ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ University of the Philippines Diliman ​និយាយ​ថា៖

«ប្រសិន​បើ​ចិន​ប្រើប្រាស់​ដ្រូន​ ប្រហែល​ជា​ពួកគេ​ចង់​ដឹង​មុន​ថា​មាន​សក្តានុពល​អ្វី​ខ្លះ​នៅ​ក្នុង​តំបន់​ទាំង​នោះ។ ច្បាស់​ណាស់​ តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ធនធាន​ថាមពល និង​ធនធាន​សេដ្ឋកិច្ច​ផ្សេង​ទៀត»។

លោក Chong និយាយ​ថា រូបភាព​ដែល​ថត​បាន​ដោយ​ដ្រូន​អាច​ត្រូវ​បាន​គេ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​បន្ទាយ​យោធា​នៅ​លើ​កោះ​តូច​មួយ ដើម្បី​ព្យាយាម​កុំ​ឲ្យ​បាត់​ព័ត៌មាន ប្រសិន​បើ​ដ្រូន​ទាំង​នោះ​ត្រូវ​បាន​គេ​ចាប់​បាន។

លោក​ Huang និយាយ​ថា ចិន​អាច​នឹង​បញ្ចូល​ការ​ប្រើប្រាស់​ដ្រូន​របស់​ខ្លួន​ទៅ​ក្នុង​ផែនការ​មួយ​ដែល​បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ២០១៨ ដើម្បី​ធ្វើ​សមាហរណកម្ម​សកម្មភាព​យោធា និង​ស៊ីវិល​របស់​ខ្លួន។ លោក​បន្ត​ថា មន្ត្រី​យោធា​នឹង​បញ្ជា​ដ្រូន​ទាំង​នោះ​ដើម្បី​ឈ្លប​យក​ការណ៍​សម្ងាត់ អង្កេត​ជន​ស៊ីវិល និង​ឈ្លប​យក​ព័ត៌មាន ឬ​គេ​ហៅ​ថា «យុទ្ធសាស្ត្រ ISR»។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​មិន​ដឹង​ថា​ កម្មវិធី​ដ្រូន​នោះ​មាន​ប្រយោជន៍​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ខ្លាំង​ប៉ុន​ណា​នៅ​ក្នុង​សមុទ្រ​ដ៏​ធំ​ល្វីងល្វើយ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ច្បាស់​ណាស់ថា កម្មវិធី​ដ្រូន​មាន​បេសកកម្ម​បម្រើ​យុទ្ធសាស្ត្រ​ ISR»។

ការ​ប្រើប្រាស់​ដ្រូន​លក្ខណៈ​ការទូត

ប្រទេស​ទាមទារ​ចំណែក​ផ្សេង​ទៀត​មាន​កម្លាំង​យោធា​ខ្សោយ​ជាង​ប្រទេស​ចិន ហើយ​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ចិន​បង្កើន​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ដែន​ទឹក​របស់​ខ្លួន។

ប្រទេស​វៀតណាម និង​ចិន​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ដើម​ឆ្នាំ​នេះ​ទៅ​លើ​ការ​រុករក​ថាមពល​នៅ​តាម​បណ្តាយ​ឆ្នេរ​សមុទ្រ​វៀតណាម ហើយ​ប្រទេស​ហ្វីលីពីន​កាន់​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​សម្ពាធ​ចិន​ទៅ​លើ​ការ​កាន់កាប់​ដែន​ទឹក​របស់​ខ្លួន ទោះ​ជា​ប្រទេស​ទាំង​២​ចុះ​សម្រុង​ជាមួយ​នឹង​គ្នា​ក្នុង​កម្រិត​ថ្នាក់​រដ្ឋ​ក៏ដោយ​ក្តី។

អ្នកស្រី Atienza បាន​និយាយ​ថា៖

«មនុស្សម្នា​មាន​ការ​បារម្ភ​ថា ចិន​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​មិន​ត្រឹម​តែ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ គឺ​ថែម​ទាំង​ប្រើ​បច្ចេកវិទ្យា​នោះ ដើម្បី​ឈ្លប​យក​ការណ៍​ទៅ​លើ​ប្រជាជន​ហ្វីលីពីន​ជា​ទូទៅ​ផង​ដែរ។ អ្នកស្រី​បន្ថែម​ថា មេដឹកនាំ​ទទួល​បន្ទុក​ការពារ​ជាតិ និង​អ្នក​តាក់តែង​ច្បាប់​មួយ​ចំនួន បាន​ចាប់ផ្តើម​ជួប​សាធារណជន​ដើម្បី​បង្ហាញ​ក្តីបារម្ភ​របស់​ពួកគេ។

ប្រទេស​ចិន​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​ដាក់​ពង្រាយ​ដ្រូន​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​ខែ​មិថុនា​ថា ខ្លួន​យល់​ថា ដ្រូន​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ។

បន្ទាប់​ពី​មាន​ការ​បញ្ជាក់​នោះ​មក គេហទំព័រ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ឈ្មោះ China.mil ​បាន​បង្ហាញ​ការ​ជាប់ទាក់ទង​នឹង​ផែនការ​របស់​អាមេរិក​ក្នុង​ការ​លក់​ដ្រូន​មក​ឲ្យ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ប្រឆាំង​ចិន។ មន្ទីរ​បញ្ចកោណ​បាន​និយាយ​នៅ​ពេល​នោះ​ថា ខ្លួន​នឹង​លក់​ដ្រូន ScanEagle ចំនួន​៣៤គ្រឿង​ ដែល​មាន​តម្លៃ​៤៧លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​វៀតណាម៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG