ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បាន​ជា​លោក Kim Jong Un មិន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជីតា​របស់​លោក​ដូច​រាល់​ឆ្នាំ?


រូប​ឯកសារ៖ លោក Kim Jong Un បក់​ដៃ​បន្ទាប់​ពី​មាន​ការ​ដើរ​ក្បួន​មួយ នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។

ព័ត៌មានចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ដែល​ជា​ប្រទេស​មួយដែល​​រក្សា​ការ​សម្ងាត់​ខ្ពស់​បំផុត​ បាន​ឲ្យ​ដឹង​ថា គ្មាន​ការ​បញ្ជាក់​មូលហេតុ​ពី​អវត្តមាន​របស់​លោក Kim Jong Un ឡើយ។

នៅ​ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋរបស់​ប្រទេស​កូរ៉េខាងជើង គេ​មិន​បាន​ឃើញ​មេដឹកនាំ Kim Jong Un បង្ហាញ​ខ្លួន​ដូច​សព្វ​ដង នៅ​ក្នុងព្រឹត្តិការណ៍នយោបាយ​ដ៏​សំខាន់​បំផុត​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​៨ ខែមេសា ឡើយ ដែលនេះ​គឺ​ជា​ការ​មិន​បង្ហាញ​ខ្លួន​ដ៏​ចម្លែក​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋ​ មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong Un មិន​បានបង្ហាញ​ខ្លួន​នៅ​ក្នុងពិធីបុណ្យ​ព្រះអាទិត្យ ឬ Day of the Sun ដែល​ជា​ទិវា​គម្រប់​ខួប​ជីតា​របស់លោក ដែល​ជា​មេដឹកនាំ​ស្ថាបនិក​របស់​ប្រទេស​កូរ៉េខាង​ជើង​ គឺ​លោក Kim Il Sung ទេ។​

ជាធម្មតា​ សារព័ត៌មាន​ផ្លូវការ Rodong Sinmum រាយការណ៍​មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ​នេះ​ អំពី​មេដឹកនំា​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន​ទៅ​ទស្សនា​កន្លែង​តម្កល់​សព​ជីតា​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​រក្សាទុក​នៅ​ក្នុង​វិមាន​ព្រះអាទិត្យ Kumsusan ក្នុង​រដ្ឋធានី​ព្យុងយ៉ាង។

យ៉ាង​ណា​ក៏​ដោយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ ខែមេសា សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា មាន​តែ​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ ដែល​បាន​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​នៅ​ឯទី​បញ្ចុះសព ដែល​ទីនោះ​ក៏​ជា​ទី​បញ្ចុះ​សព​របស់​លោក Kim Jong Il ដែលត្រូវ​ជា​ឪពុក​របស់ Kim Jong Un។

ព័ត៌មានចុង​ក្រោយ​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ដែល​ជា​ប្រទេស​មួយដែលរក្សា​ការ​សម្ងាត់​ខ្ពស់​បំផុត​ បាន​ឲ្យ​ដឹង​ថា គ្មាន​ការ​បញ្ជាក់​មូលហេតុ​ពី​អវត្តមាន​របស់​លោក Kim Jong Un ឡើយ។ អ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​ភ្ជាប់​អវត្តមាន​របស់​មេដឹកនាំ​រូប​នេះ​ទៅ​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អះ​អាង​ថា ប្រទេស​ខ្លួន​គ្មាន​ការ​ឆ្លង​ជំងឺ​នេះ​ទេ។ អ្នកសង្កេតការណ៍​ផ្សេង​ទៀត លើក​ឡើង​ថា លោក Kim Jong Un ប្រហែល​ជា​ចង់​ឃ្លាត​នៅ​ឲ្យ​ឆ្ងាយ​ពីអ្នក​កាន់​តំណែង​មុនៗ។

សាស្ត្រាចារ្យ Ramon Pacheco Pardo អ្នក​ជំនាញ​ខាង​ឧបទ្វីប​កូរ៉េ​ ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ King's College London បាន​លើក​ឡើង​ថា៖ «អាច​និយាយ​បាន​ថា​ អវត្តមាន​របស់​លោក [Kim Jung Un] កាល​ពី​ថ្ងៃ​មុន​គឺ​ជា​រឿង​ចម្លែក។ ការណ៍​នេះ​វា​ផ្ទុយ​ពី​អ្វី​ដែល​កូរ៉េខាង​ជើងតែងតែ​អនុវត្ត​កន្លង​មក»។

ដូចគ្នា​ទៅ​នឹង​ប្រទេស​នានា​ផ្សេងទៀត​ដែរ ប្រទេស​កូរ៉េខាងជើង​បាន​ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​រួម​មាន​ការ​បិទ​ព្រំដែន និង​ការ​ដាក់​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​បណ្ដោះអាសន្ន។ កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ ប្រទេស​ខ្លួន​គ្មាន​វីរុស​កូរ៉ូណា​ទេ ប៉ុន្តែ​ការ​អះអាង​នេះ​ត្រូវ​បានច្រាន​ចោល​យ៉ាង​ទូលំទូលាយ។​

លោក Kim Jong Un វ័យ​៣៦​ឆ្នាំ បាន​បង្ហាញ​មុខជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសានៅ​ក្នុង​កិច្ច​ប្រជុំ​គណបក្ស​ពលករ​កូរ៉េ​ ដែល​ពេល​នោះ​មេដឹក​នាំ​រូប​នេះ​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​តឹង​រ៉ឹង​ដើម្បី​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី។ កាល​ពី​ថ្ងៃ​អាទិត្យ ទី១២ មេសា លោក Kim Jong Un បាន​អវត្តមាន​ក្នុង​សម័យ​ប្រជុំ​ដ៏​សំខាន់​មួយ នៅ​ឯមហាសន្និបាត​ប្រជាជន​ជាន់​ខ្ពស់។​

គេ​នៅ​មិន​ច្បាស់​ទេ​ថាតើ លោក Kim Jong Un បាន​បង្ហាញ​វត្តមាន នៅ​ពេល​ដែល​ប្រទេស​កូរ៉េខាងត្បូង​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​កាំជ្រួច​រយៈចម្ងាយ​ខ្លី​លើក​ចុង​ក្រោយ​របស់​ខ្លួន។​ ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​កូរ៉េ​ខាងជើង​មិន​បាន​រាយការណ៍​អំពី​ការ​បាញ់ទាំង​នោះ ដូចដែល​ពួក​គេ​តែង​តែរាយការណ៍កន្លង​មក នៅ​ថ្ងៃ​បន្ទាប់​នោះ​ទេ។​

អ្នកស្រី Rachel Minyoung Lee អ្នក​វិភាគ​កិច្ចការ​កូរ៉េខាង​ជើង​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា៖ លោក [Kim Jong Un] មាន​ភាព​សកម្ម​ច្រើន​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ហើយ​មាន​មន្ត្រីជាន់​ខ្ពស់​ជា​ច្រើន​រូប​ដែល​មិន​ពាក់​ម៉ាស់​នៅ​ហែរ​ហម​ជុំ​វិញលោក។ គេ​ពិបាក​នឹង​ជឿ​ណាស់​ថា​ លោក​ស្រាប់​តែយក​ចិត្ត​ទុក​ដាក់​ភ្លាមៗ​យ៉ាងខ្លាំង​ចំពោះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ។

ការផ្លាស់ប្ដូរ​ឥរិយាបថ​

កាល​ពី​អតីត​កាល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​យោធា ឬ​ធ្វើ​រឿង​បង្ក​ហេតុ​ផ្សេងៗ ក្នុង​អំឡុង​ពិធីបុណ្យ​ព្រះអាទិត្យ ឬ Day of the Sun នេះ។ ប៉ុន្តែ​ឆ្នាំ​នេះ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​អំពី​ពិធីបុណ្យនេះ​ ដូច​ជា​ស្ងប់​ស្ងាត់។ មិន​ត្រឹម​តែ​មេដឹកនាំ​ Kim Jong Un មិន​បាន​ទៅ​សម្តែង​ការ​គោរព​នៅ​ទី​បញ្ចុះសព​នោះ​ទេ ថែម​ទាំង​មិន​មានការ​ចេញ​ផ្សាយ​បទ​វិចារណកថា​ពិសេស​ ឬ​សេចក្ដី​រាយការណ៍​អំពី​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ ដូចពេល​កន្លង​ទៅ​ទាល់​តែ​សោះ។

អ្នកស្រី Lee អតីត​អ្នក​វិភាគ​កិច្ចការ​សម្ងាត់លើ​ប្រភព​បើកចំហ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​អំពី​ប្រទេស​កូរ៉េខាងជើង​បាន​និយាយ​ថា៖ «ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​បែប​នេះ អាច​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដើម្បី​ពង្រឹង​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ Kim Jong Un និង​ដើម្បី​ឲ្យ​លោក​ជៀស​ឆ្ងាយ​ពី​គន្លង​ដឹកនាំ​ចាស់​របស់​ឪពុក​ និង​ជីតា​របស់​លោក»។

អ្នកស្រី​បន្ថែម​ថា៖ «ចាប់​ពី​ឆ្នាំ​មុន​មក ប្រទេស​កូរ៉េខាងជើង​ បាន​ប្រឹង​ប្រែង​បញ្ចៀស​ លោក Kim Jong Un ពី​គន្លងនៃ​អ្នក​កាន់​តំណែង​មុនៗ ដើម្បី​រំលេច​គុណ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​មេដឹកនាំ​រូប​នេះ...ដូច្នេះ​អ្វី​ដែល​យើង​កំពុង​តែ​ឃើញ​ពេល​នេះ​គឺ​ដាន​នៃ​និន្នាការ​នេះ​ឯង»។

អ្នកស្រី Lee ក៏បាន​និយាយ​ថា ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី​១០ នៃ​ការ​កាន់​តំណែង​ជា​សាធារណៈ​របស់​លោក Kim Jong Un បន្ទាប់​ពី​ការ​ស្លាប់​របស់​ឪពុក​របស់​លោក។ អ្នកស្រី​បន្ថែម​ថា៖ «ប្រព័ន្ធផ្សព្វផ្សាយ​របស់​រដ្ឋ​ គួរ​តែ​ជួយ​ត្រួស​ត្រាយ​ផ្លូវ​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ការ​ដឹកនាំ​របស់​លោក ​Kim Jong Un នៅ​ក្នុង​ខួប​ទី​ ១០​ នៃ​ការ​កាន់​តំណែង​នេះ ក៏ដូច​ជា​សម្រាប់​ខួប​ទី៧៥ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​នៅ​ក្នុង​ខែ​តុលា​ខាង​មុខនេះ»។

លោក Andray Abrahamian ដែល​ផ្តោត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​នាម​ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្នុង​វេទិកា​ប៉ាស៊ីហ្វិក​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ហាវ៉ៃ​បាន​យល់ស្រប​ថា លោក Kim Jong Un ពិតជា​បាន​ព្យាយាម​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ ថា​លោក​មិន​មែន​គ្រាន់​តែ​អ្នក​ទទួល​តំណែង​បន្ត​ពី​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​លោក​នោះ​ទេ។

លោក Abrahamian បាន​និយាយ​ថា៖ «ការ​បង្ហាញ​តែ​ទស្សនិកជន​ក្នុង​ស្រុក​គឺ​ជា​រឿង​មួយ​ខុស​ទាំង​ស្រុង»។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្យាយាម​អស់​ជា​ច្រើន​ទសវត្សរ៍​ ដើម្បី​បង្កើត​ទេវកថា និង​វប្បធម៌​បែប​បុគ្គល​ ជុំវិញ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល Kim។ យ៉ាង​ណា​ក៏​ដោយ​ពេល​ខ្លះ​មេដឹក​នាំ​វ័យ​ក្មេង​បំផុត លោក​ Kim Jong Un បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​ចាត់​ចែង​ការងារ តួយ៉ាង​ដូច​ជា​ការ​បញ្ជា​ឲ្យ​អាជ្ញាធរ​នានា​ឃ្លាត​ឆ្ងាយ​ពី «ភាពមិន​ពិត» ឬ «ការ​បង្កើត​រឿង​រ៉ាវ​ផ្ដេសផ្ដាស» អំពី​មេ​ដឹកនាំ​របស់​ខ្លួន។​

ចាប់​តាំង​ពីឆ្នាំ ២០១៨ មក លោក Kim Jong Un ក៏​បានចូល​រួម​ក្នុង​ការ​ប្រជុំ​ការ​ទូត​ដែល​ទំនងជា​មិន​អាច​កើត​ឡើង រួម​មាន​ការ​ជួប​ជា​មួយ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ជា​ដើម។ ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ទាំង​នោះ លោក Kim Jong Un ម្ដង​ម្កាល​បាន​បង្ហាញ​អាការៈ​ពិបាក​ដកដង្ហើម ដែល​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ ប៉ុន្តែ​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក​មាន​ជំងឺ​ឡើយ។

លោក Abrahamian បាន​និយាយ​ថា៖ «ការ​ទស្សន៍ទាយ​របស់​ខ្ញុំ​គឺថា លោក [Kim Jong Un] នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​នឹង​មិន​និយាយ​អ្វី​ពី​រឿង​នេះទេ ចំណែក​ព័ត៌មានគ្មាន​ប្រភព​ច្បាស់​លាស់​ដែល​បញ្ចេញ​ដោយ​ប្រទេស​កូរ៉េខាង​ត្បូង​ថា​ លោក Kim Jong Un ផ្ដាសាយ ឬវះ​កាត់​ផ្លែ​សាច់​ចោល​នោះ​នឹងត្រូវ​បាន​គេ​បំភ្លេច​ចោល​ក្នុង​ពេល​ពីរ​បី​ខែ​ខាង​មុខ»៕

ប្រែសម្រួលដោយ សឿន​ ​វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG