កូរ៉េខាងជើងបានធ្វើការបាញ់កាំជ្រួចចម្ងាយជិតចំនួនបីគ្រាប់ក្នុងថ្ងៃចន្ទនេះ ដែលជាការបាញ់សាកល្បងលើកទីពីរក្នុងរយៈមួយសប្តាហ៍ បើទោះបីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងព្យាយាមទប់ទល់នឹងការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃមេរោគកូរ៉ូណា Covid-19។
កូរ៉េខាងជើងបានប្រើយានបំពាក់ដោយកាំភ្លើងបាញ់កាំជ្រួចផ្លោងចម្ងាយជិតជាច្រើន បាញ់ចេញពីទីក្រុង Sondok ភាគខាងកើតប្រទេស ក្នុងខេត្ត Hamgyong ភាគខាងត្បូង នេះបើតាមមន្ត្រីកូរ៉េខាងត្បូង។ មន្ត្រីទាំងនោះបន្ថែមថា កាំជ្រួចផ្លោងទាំងនេះបានហោះចម្ងាយ២០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ប្រហែល៥០គីឡូម៉ែត្រ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនិយាយថា ការធ្វើការសាកល្បងកាំជ្រួចនេះ មិនជួយអ្វីដល់កិច្ចប្រឹងប្រែងសន្តិភាពលើឧបទ្វីបកូរ៉េទេ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលថាខ្លួននឹងបន្តតាមដានមើលការបាញ់សាកល្បងជាបន្ត។
មន្ត្រីជប៉ុននិយាយថា កាំជ្រួចទាំងនេះទំនងជាប្រភេទកាំជ្រួច ballistic ហើយវាមិនបានធ្លាក់ក្នុងដែនសមុទ្រ សេដ្ឋកិច្ចពិសេសផ្តាច់មុខ របស់ជប៉ុនទេ។
កូរ៉េខាងជើងកំពុងការពារខ្លួនពីការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី។ ទោះបីមកទល់នឹងពេលនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់បានរាយការណ៍ពីករណីការឆ្លងណាមួយទេនោះ ក៏មានការបារម្ភថា កូរ៉េខាងត្បូងកំពុងលាក់បាំងពីការឆ្លងមេរោគថ្មីនេះ ដែលអាចក្លាយជាវិបត្តិមនុស្សធម៌នៅក្នុងប្រទេសកុំម្មុយនិស្តមួយនេះ។
អ្នកវិភាគថា បើទោះបីប្រព័ន្ធសុខាភិបាលសាធារណៈរបស់កូរ៉េខាងជើងមិនមានសមត្ថភាពគ្រប់គ្រងការការផ្ទុះរាលដាលនៃមេរោគ Covid-19 ណាមួយបាន ក៏មេដឹកនាំ លោក Kim Jung Un ព្យាយាមបង្ហាញនូវរូបភាពនៃភាពជឿជាក់ពីសមត្ថភាពលោកទៅកាន់ពលរដ្ឋកូរ៉េខាងជើងនិងពិភពលោកទាំងមូល៕