អាជ្ញាធរកូរ៉េខាងជើងបានបិទព្រំដែនរបស់ផងខ្លួនហើយបានដាក់កំហិតវិធានការដាក់អ្នកជំងឺឱ្យនៅដាច់ពីគេ ដោយប្រកាសថាវិធានការបញ្ចៀសកុំឱ្យមានមេរោគវីរុសកូរ៉ូណាជា«ការធ្វើឱ្យប្រទេសជាតិរស់រាន្ត»។
នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េ ស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានពន្យាពេលរហូតសមយុទ្ធយោធារួមគ្នាដោយសារមានកំណើនករណីមនុស្សមានផ្ទុកមេរោគវីរុសកូរ៉ូណាដោយមានរួមបញ្ចូលទាំងនៅក្នុងមូលដ្ឋានយោធាផងដែរ។
អាជ្ញាធរនៅក្នុងប្រទេសកូរ៉េទាំងពីរបានខិតខំប្រឹងប្រែងរកមធ្យោបាយបញ្ចៀសកុំឱ្យមានការរាលដាលនៃមេរោគវីរុសឆ្លងនេះ ដោយបង្វែរការយកចិត្តទុកដាក់ពីកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើងដែលបានគាំងដំណើរហើយនោះ។
អាស្រ័យទៅលើថាតើការរាលដាលជំងឺនេះនឹងមានរហូតដល់ពេលណា ការណ៍នេះអាចមានន័យថាកិច្ចចរចានុយក្លេអ៊ែរនឹងនៅតែផ្អាករហូតដល់ការចប់អាណត្តិទីមួយរបស់លោក Trump។
អ្នកការទូតអឺរ៉ុបម្នាក់ប្រចាំការក្នុងក្រុងសេអ៊ូលបាននិយាយប្រាប់វីអូអេថា«ខ្ញុំយល់ថាពួកកូរ៉េខាងជើងយកចិត្តទុកដាក់ខ្លាំងណាស់លើការភ័យខ្លាចជំងឺនេះនិងអំពីការទប់ទល់នឹងមេរោគវីរុសនេះ។ នៅពេលនេះបញ្ហាល្បិចកលនិងបញ្ហាសាំញ៉ាំក្នុងរយៈពេលយូរឋិតនៅជាបញ្ហាបន្ទាប់បន្សំ»។
លទ្ធភាពនៃការមានកិច្ចចរចានុយក្លេអ៊ែរមានភាពស្រពិចស្រពិលរួចស្រេចហើយ។ ជាច្រើនខែមកហើយពួកមន្ត្រីកូរ៉េខាងជើងបានចៀសវាងពីកិច្ចចរចានេះដោយបានចោទប្រកាន់ស.រ.អា.ថាមិនបានផ្តល់អ្វីៗឱ្យបានគ្រប់គ្រាន់ជាថ្នូរនឹងវិធានការសម្រាប់ការចាប់ផ្តើមរុះរើកម្មវិធីនុយក្លេអ៊ែររបស់ផងខ្លួន។
កាលពីដើមខែមករា មេដឹកនាំកូរ៉េខាងជើង Kim Jong Un បានព្រមានថាលោកលែងធ្វើតាមការទុកឱ្យនៅដដែលនៃកម្មវិធីកាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការឆ្ងាយឬការធ្វើតេស្តនុយក្លេអ៊ែររបស់ប្រទេសលោក ហើយលោកបានសន្យាថានឹងលាតត្រដាងអំពី«អាវុធយុទ្ធសាស្ត្រថ្មី»មួយផងដែរ។