ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​នានា​ប្រតិកម្ម​នឹង​មរណភាព​​អតីត​មេដឹកនាំ​សហភាព​សូវៀត​លោក Mikhail Gorbachev


រូបឯកសារ៖ អតីត​មេដឹកនាំ​សហភាព​សូវៀត​លោក Mikhail Gorbachev ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​ក្រុង Montpellier ភាគ​ខាង​ត្បូង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

លោក Mikhail Gorbachev ដែល​ជា​មេដឹកនាំ​ចុងក្រោយ​បង្អស់​របស់​សហភាព​សូវៀត បាន​ទទួល​មរណភាព​ក្នុង​អាយុ ៩១ ឆ្នាំ។ លោក​គឺ​ជា​អ្នក​ដែល​បាន​ព្យាយាម​មិន​បាន​សម្រេច​ដើម្បី​ស្រោចស្រង់​មហាអំណាច​សហភាព​សូវៀត​ពី​ការ​ដួល​រលំ ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​របស់​លោក​បាន​នាំ​ឱ្យ​មាន​កំណែ​ទម្រង់​ដ៏​អស្ចារ្យ​នានា​ដែល​នៅ​ទី​បំផុត​បាន​នាំ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់។

មន្ទីរពេទ្យ Central Clinical Hospital នៅ​ជាយ​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​ថា លោក Gorbachev បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​អង្គារ «ក្រោយ​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​យ៉ាង​យូរ»។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ក្នុង​សារ​រំលែក​ទុក្ខ​តាម Telegram នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Gorbachev «បាន​យល់​យ៉ាង​ជ្រាលជ្រៅ» អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​សហភាព​សូវៀត និង​ថា​លោក «ប្រឹងប្រែង​ផ្ដល់​ដំណោះស្រាយ​ផ្ទាល់​ខ្លួន​របស់​លោក​សម្រាប់​បញ្ហា​បន្ទាន់​នានា»។

លោក Putin ថ្លែង​ដូច្នេះ​ថា៖ «លោក Gorbachev គឺជា​អ្នក​នយោបាយ​និង​ជា​រដ្ឋ​បុរស ដែល​មាន​ឥទ្ធិពល​យ៉ាង​ធំ​លើ​ប្រវត្តិសាស្ត្រ​ពិភពលោក។ លោក​បាន​ដឹកនាំ​ប្រទេស​របស់​យើង​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ដ៏​ស្មុគស្មាញ​និង​ខ្លាំងក្លា និង​ការ​ប្រឈម​ទ្រង់ទ្រាយ​ធំ​ផ្នែក​គោល​នយោបាយ​ការបរទេស សេដ្ឋកិច្ច និង​សង្គម»។

រូប​ឯកសារ៖ អតីត​មេដឹកនាំ​សហភាព​សូវៀត​លោក Mikhail Gorbachev និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៤។
រូប​ឯកសារ៖ អតីត​មេដឹកនាំ​សហភាព​សូវៀត​លោក Mikhail Gorbachev និយាយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin នៅ​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ថា លោក Gorbachev «គឺ​ជា​បុរស​ម្នាក់​ដែល​មាន​ចក្ខុវិស័យ​ដ៏​អស្ចារ្យ»។

លោក Biden បាន​និយាយ​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​មេដឹកនាំ​សហភាព​សូវៀត លោក [Gorbachev] បាន​ធ្វើការ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក [Ronald] Reagan ដើម្បី​កាត់​បន្ថយ​ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​យើង​ទាំង​ពីរ ដើម្បី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែល​បន់ស្រន់​ឱ្យ​មាន​ការ​បញ្ចប់​ការ​ប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ​មាន​អារម្មណ៍​ធូរស្រាល»។

រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Ronald Reagan (ស្តាំ) និង​អតីត​ប្រធានាធិបតី​សហភាព​សូវៀត​លោក Mikhail Gorbachev ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​១៩៨៧។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Ronald Reagan (ស្តាំ) និង​អតីត​ប្រធានាធិបតី​សហភាព​សូវៀត​លោក Mikhail Gorbachev ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​១៩៨៧។

លោក Gorbachev កើត​នៅ​ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ ១៩៣១ ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ក្នុង​ភូមិ Privolnoye ក្នុង​តំបន់ Stavropol ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។ លោក​បាន​ក្លាយ​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​សតវត្សរ៍​ទី ២០ ដោយ​លោក​ទទួល​បាន​កិត្តិយស​នៅ​លើ​ពិភពលោក​សម្រាប់​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​ការ​បំផ្លិចបំផ្លាញ​ដោយសារ​អាវុធ​នុយក្លេអ៊ែរ និង​នៅ​ក្នុង​ការ​សង្គ្រោះ​មនុស្ស​រាប់​លាន​នាក់​ពី​ការ​ជិះជាន់​របស់​សហភាព​សូវៀត​នៅ​ក្នុង​ប្រទេស​របស់​លោក​និង​នៅ​ប្រទេស​ផ្សេងៗ​ទៀត។

លោក Gorbachev បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ ១៩៩០ សម្រាប់​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​វិញ លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម៕

លោក Jeremey Bransten នៃ​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ផ្នែក​ខ្លះ​នៃ​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG