ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី៖ អតីត​មេដឹកនាំ​សូវៀត​លោក Mikhail Gorbachev បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហភាព​សូវៀត​លោក Mikhail Gorbachev ថ្លែង​ទៅ​កាន់​មេដឹកនាំ​ក្រុមហ៊ុន​ចំនួន​១៥០​នៅ​​ទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៩៩០។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​សហភាព​សូវៀត​លោក Mikhail Gorbachev ថ្លែង​ទៅ​កាន់​មេដឹកនាំ​ក្រុមហ៊ុន​ចំនួន​១៥០​នៅ​​ទី​ក្រុង​ San Francisco សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​១៩៩០។
លោក Mikhail Gorbachev ដែល​ជា​មេដឹកនាំ​ចុងក្រោយ​បង្អស់​របស់​សហភាព​សូវៀត បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ។ នេះ​បើ​តាម​ទីភា្នក់ងារ​ព័ត៌មាន​ AP ដែល​បាន​យោង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ។ លោក Gorbachev ព្យាយាម​មិន​បាន​សម្រេច​ដើម្បី​ស្រោចស្រង់​មហាអំណាច​សហភាព​សូវៀត​ពី​ការ​ដួល​រលំ​ ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់​លោក​បាន​នាំ​ឱ្យ​មាន​កំណែទម្រង់​ដ៏​អស្ចារ្យ​នានា​ដែល​នៅ​ទី​បំផុត​បាន​នាំ​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់។​

ទីភ្នាក់ងារ​ព័ត៌មាន​នានា​បានដកស្រង់​ពីសេចក្តី​ថ្លែងការណ៍​របស់​មន្ទីរពេទ្យ​រដ្ឋ Central Clinical Hospital នៅ​ជាយ​រដ្ឋធានី​មូស្គូ​ ដែល​ថា លោក Gorbachev បាន​ទទួល​មរណភាព​ក្រោយ​ពី​មាន​ជំងឺ​យ៉ាង​យូរ។ សេចក្តី​ថ្លែងការណ៍​នោះ មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ដទៃ​ទៀត​ទេ។

ថ្វី​បើ​លោក​បាន​កាន់​តំណែង​ត្រឹម​៧​ឆ្នាំ​ប៉ុណ្ណោះ លោក Gorbachev បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរខ្លាំងក្លា​ជា​ច្រើន។ ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​កើត​ឡើង​លឿនជាង​អ្វី​ដែល​លោក​អាច​គ្រប់គ្រង​បាន ហើយ​បាន​បណ្តាល​ឱ្យ​ដួល​រលំ​សហភាព​សូវៀត​ដែល​ប្រកាន់​របប​កុម្មុយនីស្ត​ផ្តាច់ការ។ ព្រឹត្តិការណ៍​នេះ​បាន​រំដោះ​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ខាង​កើត​ ពី​ការ​ត្រួតត្រា​របស់​រុស្ស៊ី និង​នាំ​ឱ្យ​មាន​ការ​បញ្ចប់នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​អាវុធ​នុយក្លេអ៊ែរជា​ច្រើន​ទសវត្ស​រវាង​លោកខាងលិច​និង​លោកខាងកើត។

ការ​ធ្លាក់​ពី​អំណាច​របស់​លោក​ជា​រឿង​អាម៉ាស់​មួយ។ អំណាច​របស់​លោក Gorbachev ត្រូវ​បាន​គេ​ដណ្តើម​យក​ពី​លោក​បន្តិច​ម្តងៗ​តាម​រយៈ​ការ​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​លោក​នៅ​ខែ​សីហា​ឆ្នាំ​១៩៩១ ហើយប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ការ​កាន់​តំណែង​របស់​លោក លោក ​Gorbachev ត្រូវ​ឈរ​មើល​សាធារណរដ្ឋ​នានា​ដែលធ្លាប់​ចំណុះ​សូវៀត ប្រកាស​ឯករាជ្យ​ម្តង​មួយៗ រហូតលោក​បាន​លាលែង​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ឆ្នាំ​១៩៩១។ មួយ​ថ្ងៃ​បន្ទាប់​មក សហភាព​សូវៀត​ក៏បាន​រលាយ​បាត់​សូន្យ។

២៥​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​របស់​សហភាព​សូវៀត លោក Gorbachev បាន​ថ្លែង​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AP ថា លោក​សម្រេច​មិន​ប្រើ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ព្យាយាម​រក្សា​ដែនដី​សហភាព​សូវៀត​កុំ​ឱ្យ​បែកបាក់ ដោយ​សារ​នៅ​ពេល​នោះលោក​ខ្លាច​មាន​ចលាចល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​មួយ​នេះ។

លោក Gorbachev បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ​១៩៩០ ចំពោះ​តួនាទី​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ ប៉ុន្តែ​នៅ​ប្រទេស​រុស្ស៊ី​វិញ លោក​ត្រូវ​ប្រជាជន​ស្អប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG