ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពី​មុន​រារែក តែ​ឥឡូវ​ហេតុអ្វី​ចិន​ស្រាប់តែ​ចង់​ពិភាក្សា​​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ


រូបឯកសារ៖ នៅក្នុង​រូបភាព ដកស្រង់​ចេញ​ពី​វីដេអូ ដែល​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​ទូរទស្សន៍ VTV បង្ហាញ​អំពី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន លោក Wang Yi ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​អ៊ិនធឺរណេត​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រមប្រតិបត្តិសមុទ្រចិន​ខាងត្បូង នឹងផ្តល់​ដំណោះស្រាយ​មួយ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិចគ្នា​រវាង​រដ្ឋាភិបាល​ក្រុងប៉េកាំង និង​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១០​នៅ​តំបន់​សមុទ្រ​ដែល​មានជម្លោះ បើសិន​ក្រមប្រតិបត្តិ​នេះ ត្រូវបាន​ចុះ​ហត្ថលេខា​បន្ទាប់ពី​ការជជែក​តស៊ូមតិ​អស់រយៈ​ពេល​១៨ឆ្នាំ​មក​នេះ។

ក្រុម​អ្នក​វិភាគ​នយោបាយ​និយាយ​ថា ចិន​មាន​បំណង​ទប់ទល់នឹង​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​ តាមរយៈ​ការ​សើរើ​កិច្ចពិភាក្សា​អំពី​ក្រមប្រតិបត្តិ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ឡើង​វិញ​ជា​មួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ដែល​ក្រមប្រតិបត្តិ​នេះ​ នឹង​ជួយ​បញ្ចៀសគ្រោះថ្នាក់​ដោយ​ចៃដន្យ​នានានៅ​តំបន់​ដែន​សមុទ្រដ៏​កកកុញ និង​ដែល​មាន​ជម្លោះ​មួយ​នេះ។ ​

បណ្តាញ​ព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ប្រទេស​ចិន​បាន​លើកឡើងថា កាលពី​ខែ​សីហា រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang Yi បាន​ជំរុញ​នូវ​ការ​បន្ត​កិច្ចពិភាក្សា​ឡើង​វិញ​រវាង​ប្លុក​អាស៊ាន​និង​ចិន​ពាក់ព័ន្ធ​នឹងក្រមប្រតិបត្តិ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​ បណ្តាញ​ព័ត៌មាន​ China Central Television បានរាយការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ថា នៅ​ក្នុង​កិច្ចប្រជុំពិភាក្សា​មួយ​នៅទីក្រុង​ប៉េកាំង​ នៅ​ខែ​កញ្ញា​ លោក Wang Yi បាន​ថ្លែង​ថា ក្រុម​អ្នក​ចរចា​គួរ​តែ​ព្យាយាម​សម្រេច​នូវ​ក្រមប្រតិបត្តិ​ «ឲ្យ​បានលឿន​ជាង​នេះ»។

ការ​អំពាវនាវពី​សំណាក់​រដ្ឋមន្ត្រី​ការបរ​ទេស​ចិនរូប​នេះ​ ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ផ្សេងៗ​ពី​សំណាក់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo កាល​ពី​ខែ​កក្កដា ដែល​ថា​ ការ​ទាមទារ​របស់​ចិន​នៅ​តំបន់​ដែន​សមុទ្រនោះ​ គឺខុស​ច្បាប់​ ហើយ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​នឹង​ជួយ​បណ្តា​ប្រទេស​ណា​ដែល​រងសម្ពាធ​ពី​រដ្ឋាភិបាល​ក្រុងប៉េកាំង។​ ប្រទេស​ចិន​បាន​ទាមទារ​កម្មសិទ្ធិ​ប្រមាណ​៩០​ភាគរយ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាប់​នៅ​ក្នុង​ជម្លោះអធិបតេយ្យភាព​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ​ ៣,៥​លាន​គីឡូម៉ែត្រ​ការេ​ជាមួយប្រទេស​សមាជិក​អាស៊ាន​ ដូចជា ​ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន។

ក្រុម​អ្នក​វិភាគ​ជឿ​ថា ការ​មិន​អើពើ​លើ​កិច្ចពិភាក្សា​អំពី​ក្រមប្រតិបត្តិ​ ដែលមាន​ប្រជាប្រិយភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ និង​មិន​ទាន់​ពិភាក្សា​ចប់សព្វគ្រប់​នៅ​ឡើយ​ចាប់​តាំង​ពី​ភាគី​ចរចា​ បាន​សម្រេច​កិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ​ពាក់ព័ន្ធ​នឹង​ក្រមប្រតិបត្តិ​នេះ​កាល​ពីឆ្នាំ ២០០២ នឹង​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជាភាគី​មិន​ល្អ​សម្រាប់​បណ្តា​ប្រទេស​នៅ​អាស៊ាន និង​ធ្វើ​ឲ្យ​ប្លុក​អាស៊ានខិត​ទៅ​ជិត​សហរដ្ឋអាមេរិក។ កិច្ចពិភាក្សា​លើ​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​បរាជ័យ​កាល​ពីឆ្នាំ​ ២០១៩។

អ្នកស្រី Yun Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​កម្មវិធី​អាស៊ី​បូព៌ា​នៅ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ Stimson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​និយាយ​ថា៖ «ហេតុផល​ដែល​ខ្ញុំ​គិតថា ចិន​បាន​ព្រមព្រៀង​ចំពោះកិច្ចពិភាក្សា​លើ​ក្រមប្រតិបត្តិ​នេះ​ គឺ​ដើម្បី​ផាត់​សហរដ្ឋអាមេរិក​ចេញ ហើយ​ចិន​អាច​និយាយ​បាន​ថា «យើង​បាន​រៀប​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ដោះស្រាយ​បញ្ហា​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​រួច​ហើយ​ ដូច្នេះ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មាន​សន្តិភាព និង​ស្ថិរភាព អ៊ីចឹងសហរដ្ឋអាមេរិក​មិន​ត្រូវ​លូក​ដៃ​នោះ​ទេ»។

ដោយ​មាន​យោធា​ខ្លាំង​ជាង​គេ​ទី​បី​នៅ​លើ​ពិភពលោក ចិន​បាន​ធ្វើ​ឲ្យប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មិន​ពេញចិត្ត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ តាមរយៈ​ការ​ចាក់​បំពេញ​តំបន់​កោះ​តូចៗ​ ដែល​ពេល​ខ្លះ​ គឺ​សម្រាប់​ការ​ប្រើប្រាស់ផ្នែក​យោធា។ ​ប្រទេស​ភាគី​ទាមទារ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​សម្លឹង​ឃើញ​ធនធាន​មច្ឆា និងប្រភព​ថាមពល​នៅបាត​សមុទ្រ​នៅ​ដែន​សមុទ្រ​មួយ​នេះ។ រដ្ឋាភិបាល​អាមេរិក​មិន​មាន​ការ​ទាមទារ​ណាមួយនោះ​ទេ​នៅ​តំបន់​សមុទ្រ​នេះ ប៉ុន្តែ​បាន​តវ៉ា​ប្រឆាំង​នៅ​ពេលប្រទេស​ចិន​ ដែល​ជា​គូប្រជែង​មហាអំណាច​របស់ខ្លួន​ ព្យាយាម​គ្រប់គ្រងជ្រុល​ពេក​លើ​តំបន់​សមុទ្រ​នេះ។

ក្រុម​អ្នក​វិភាគ​ជឿ​ថា មន្ត្រី​ចិន​ព្រួយបារម្ភ​ពី​អ្វី​ដែល​សហរដ្ឋអាមេរិក​នឹង​ធ្វើ​បន្ទាប់។ ប្រទេសមហាអំណាច​ទាំង​ពីរ​ កំពុង​ជាប់​ក្នុងជម្លោះ​ផ្នែក​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​កុងស៊ុលរួច​ស្រាប់​ទៅ​ហើយ។

លោក Aaron Rabena អ្នកស្រាវជ្រាវ​នៅ​មូលនិធិមាគ៌ា​អាស៊ីប៉ាស៊ីហ្វិក​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព(Asia-Pacific Pathways to Progress Foundation) មាន​មូលដ្ឋាននៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ឥឡូវ​នេះ ប្រទេស​ចិន ពិតជា​ចង់​សម្រេចក្រមប្រតិបត្តិ​នេះ​ ដោយសារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នាពេល​បច្ចុប្បន្ន ​អាច​ក្លាយ​ជា​ចំណុច​ពុះ​កញ្ជ្រោល​មួយ​នៅ​ពេល​ណា​ក៏​បាន។ តំបន់​សមុទ្រ​នេះ​ ពិតជា​ចំណុច​រសើប​មួយ​រវាង​ចិន និង​សហរដ្ឋអាមេរិក ហើយ​ចិនមិន​ចង់​ឲ្យមាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​នោះ​ទេ»។

ឥឡូវ​នេះ បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កំពុង​តែ​មានភាព​ប្រយ័ត្នប្រយែង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នារវាង​នាវានិង​នាវា​ជាមួយ​នឹង​ប្រទេស​ចិន​កាល​ពីឆ្នាំ ២០១២ មក ​ប្រទេស​ហ្វីលីពីន បាន​ឈ្នះ​ក្តីពី​តុលាការ​អន្តរជាតិ​តតាំងនឹង​ប្រទេស​ចិន​នៅ​ឆ្នាំ ២០១៦ ហើយ​វៀតណាម​កំពុង​តែ​ពិចារណា​ដាក់​បណ្តឹង​ផ្ទាល់​ខ្លួន​ផង​ដែរ។

​អ្នកស្រី Yun Sun និយាយ​ថា​ បណ្តា​ប្រទេស​ដែល​មាន​អារម្មណ៍​ថា​«អស់សង្ឃឹម» នឹង«បង្កើតនូវ​យុទ្ធសាស្ត្រ​ថ្មី ​ដើម្បី​ទទួលបាន​អ្វី​ដែល​ពួកគេ​ចង់បាន»។

ចិន និង​សមាគម​អាស៊ាន ​បានចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៧ ដើម្បី​បន្ត​កិច្ចពិភាក្សា​ឡើង​វិញ ហើយ​បន្តាប់​មក ​បាន​កំណត់​គោលដៅ​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ ២០២១។​ ក្រមប្រតិបត្តិ​មួយ ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ដោយ​ចៃដន្យផ្សេងៗ រូម​មាន​ការ​ពន្លិច​ទូក​នេសាទ​ ដែល​ជា​ហេតុការណ៍​កើត​មាន​ឡើង​ជា​ញឹកញយ ក៏ដូចជា ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ប្រល័យ​ ដូចជា ​ករណី​ប៉ះទង្គិច​គ្នា​រវាង​ចិន និង​វៀតណាម​នៅឆ្នាំ ១៩៧៤ និង​ឆ្នាំ​១៩៨៨។

ការ​ចរចា​បាន​ជាប់គាំង​អស់រយៈពេល​ជា​ច្រើនឆ្នាំ ដោយ​មូលហេតុ​ចម្បង​ គឺដោយសារ​តែខ្លឹមសារ​នៃ​ក្រមប្រតិបត្តិ​នោះ ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​អធិបតេយ្យ។​ ឧទាហរណ៍ ​នៅ​តែ​មាន​ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ដើម្បី​បញ្ជៀស​គ្រោះថ្នាក់​ដោយ​ចៃដន្យផ្សេងៗ​នៅ​ជិត​តំបន់​កោះតូចៗ​គ្រប់គ្រង​ដោយ​ចិន ការ​ដាក់​ឲ្យ​កថាខណ្ឌ​មួយ​ចំនួន​នៅ​ក្នុង​ក្រមប្រតិបត្តិ​នោះជាប់ចំណង​ខាង​ផ្លូវ​ច្បាប់ និង​ការ​បង្កើតអង្គភាព​អនុវត្ត​ច្បាប់​មួយ។ កោះតៃវ៉ាន់ ដែល​ជា​ភាគី​ទី​ប្រាំមួយ ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងដែរ​នោះ ​ត្រូវ​បាន​កាត់ផ្តាច់​ពី​កិច្ចពិភាក្សា​អំពី​ក្រមប្រតិបត្តិ​នេះ ប៉ុន្តែ​នៅ​តែ​ប្រើប្រាស់​ផ្លូវ​ទឹក​ក្នុង​តំបន់សមុទ្រ​នេះ។

លោក Huang Kwei-bo ព្រឹទ្ធបុរសរង​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ជាតិ​ Chengchi ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា អាស៊ាន​ និង​ចិន​ នៅ​ជាប់​គាំង​ជុំវិញ​ «សេចក្តី​លម្អិត​» នៅ​ក្នុង​ក្រមប្រតិបត្តិ​នោះ។ ​

ប៉ុន្តែ​លោក Huang បាន​បន្តថា ​ចិន​ដឹង​ថា ​ការ​គ្រាន់​តែ​ប្រើប្រាស់​កិច្ចចរចា​នឹង​អាចធ្វើ​ឲ្យរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ឆ្ងាយ​បាន។ លោក​បាន​មាន​ប្រសាសន៍ថា៖

«អ្នក​អាច​និយាយ​បាន​ថា នេះ​គ្រាន់​តែ​ជា​ចំណាត់ការការទូត​បែប​ទទេរស្អាត​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា យោង​ទៅ​តាមបរិបទ​ទំនាក់ទំនង​អន្តរជាតិ ការ​ចរចា​គឺ​តែងតែ​ល្អ​ជាង​មិន​ចរចា»៕​

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG