ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋចិនឈ្មោះ Xinhua បានរាយការណ៍ថា ប្រទេសចិនបានបូមយកដុំទឹកកកដែលអាចឆេះបាននេះចំនួន៨៦១.៤០០ម៉ែត្រគូប ដែលជាមធ្យមគេអាចរកបានចំនួន២៨.៧០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅក្នុងបេសកកម្មមួយដែលចិនបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ដុំទឹកកកដែលអាចឆេះនោះគឺជាប្រភេទឧស្ម័នធម្មជាតិម្យ៉ាង។
អ្នកវិភាគនិយាយថា ការរកឃើញនេះធ្វើឱ្យចិនមានមូលហេតុថ្មីដើម្បីប្រើប្រាស់ដែនសមុទ្រនេះ ទោះជាមានការតវ៉ាពីប្រទេសផ្សេងក្តី ក្នុងពេលដែលខ្លួនត្រូវធានាឱ្យមានការផ្គត់ផ្គង់ថាមពលដល់ពលរដ្ឋចំនួនជាង១.៤០០លាននាក់របស់ចិន។ ក្រុមអ្នកវិភាគទាំងនោះនិយាយបន្ថែមទៀតថា ប្រទេសចិននឹងទទួលបានមូលដ្ឋានទៅលើការទាមទារសមុទ្រចិនខាងត្បូងកាន់តែរឹងមាំ ប្រសិនបើខ្លួនចាប់ផ្តើមផ្តល់អាជ្ញាប័ណ្ណនៃបច្ចេកវិទ្យារុករកឧស្ម័នមួយនេះទៅឱ្យប្រទេសផ្សេង ដើម្បីឱ្យពួកគេអាចរុករកឧស្ម័ននេះបាន។
លោក Eduardo Araral សាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា ការរកឃើញថ្មីមួយ «នឹងជួយពង្រឹងការអះអាងរបស់[ចិន]» ថាតើហេតុអ្វីបានជាចិនគួរនៅតែមានវត្តមានបន្តនៅក្នុងសមុទ្រដើម្បីរុករកប្រេងនិងឧស្ម័ន។
ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមបានទាមទារផ្នែកខ្លះ ឬផ្នែកទាំងអស់នៃសមុទ្រដែលមានទំហំ៣,៥លានម៉ែត្រការ៉េនេះ។ ប្រទេសចិនបានអះអាងថា ផ្លូវទឹកនេះប្រមាណជា៩០%ជារបស់ខ្លួន ដែលធ្វើឱ្យមានតំបន់ទាមទារជាន់គ្នា ជាមួយនឹងរដ្ឋាភិបាលផ្សេង និងបង្កឱ្យមានការប៉ះទង្គិចគ្នាម្តងម្កាល។
ប្រទេសចិនបាននាំមុខគេក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយក្នុងការចាក់បំពេញដីទៅលើកោះតូចៗដើម្បីប្រើប្រាស់សម្រាប់យោធា។ បច្ចេកវិទ្យាចិន ដូចជាដ្រូន និងប្រព័ន្ធតាមដានក្រោមទឹក ត្រូវបានគេយល់ថា មានភាពទំនើបជាងប្រទេសដែលទាមទារផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។
លោក Araral និយាយថា ច្បាប់អន្តរជាតិនឹងមិនទទួលស្គាល់ការរកឃើញថាមពលណាមួយជាសំអាងសម្រាប់ការទាមទារអធិបតេយ្យភាពនោះទេ។
ទោះជារដ្ឋាភិបាលដែលទាមទារផ្សេងទៀតកំពុងជាប់រវល់គ្រប់គ្រងករណីឆ្លងនៃជំងឺកូវីដ១៩ក្តី គេរំពឹងថា ប្រទេសទាំងអស់នឹងកត់សម្គាល់ ប្រសិនបើចិនពង្រីកការរុករករបស់ខ្លួន។ កន្លែងរុករក ដែលគេហៅថា Shenhu មានទីតាំងនៅក្នុងដែនទឹកមិនមានជម្លោះរបស់ចិន ដែលមានចម្ងាយ៣២០គ.ម.ពីឆ្នេរដីគោក។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅក្នុងក្រុងហូជីមិញប្រទេសវៀតណាម និយាយថា «មកទល់ពេលនេះ ខ្ញុំមិនទាន់ឃើញមានការតវ៉ាការទូតផ្លូវការណាមួយពីភាគីវៀតណាមនោះទេ ប៉ុន្តែខ្ញុំគិតថាពួកគេកំពុងតាមដានយ៉ាងដិតដល់ចំពោះការវិវត្តនេះ»។
លោក Stuart Orr សាស្ត្រាចារ្យផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Deakin ក្នុងប្រទេសអូស្ត្រាលីថ្លែងថា ដុំទឹកកកដែលអាចឆេះបានកប់នៅក្នុងតំបន់សមុទ្រផ្សេងទៀត ដែលនេះមានន័យថា ប្រទេសផ្សេងនឹងមានចំណាប់អារម្មណ៍នឹងការរកឃើញរបស់ចិននេះដែរ។
ដុំទឹកកកដែលអាចឆេះបាន
រដ្ឋមន្ត្រីក្រសួងដែនដី និងធនធានរបស់ចិនបាននិយាយថា ប្រទេសចិនធ្វើការរុករកដុំទឹកកកដែលអាចឆេះបាននៅសមុទ្រជាលើកដំបូងនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណ២ទសវត្សរ៍ នេះបើយោងតាមសារព័ត៌មាន Xinhua។ ដោយសារតែគេអាចដុតវាឲ្យឆេះបានដូចអេតាណុល ឧស្ម័ននេះត្រូវបានគេចាត់ទុកថា «ជាឧស្ម័នដែលអាចឆេះបាន»។
សារព័ត៌មាន Xinhua និយាយថា ដុំទឹកកកមួយម៉ែត្រគូបស្មើនឹង១៦៤ម៉ែត្រគូបនៃឧស្ម័នធម្មជាតិទូទៅ។ ប្រភពថាមពលមួយនេះដែលមាននៅតំបន់វាលរហោឋាននៅតំបន់ប៉ូលខាងជើងអាកទិកផងដែរនេះ ត្រូវបានគេចាត់ទុកថាជាប្រភពថាមពលស្អាត និងស្រួលក្នុងការដឹកជញ្ជូន ប៉ុន្តែពិបាកក្នុងការធ្វើពាណិជ្ជកម្ម។
សារព័ត៌មាន Xinhua និយាយថា កិច្ចប្រឹងប្រែងនៅក្នុងឆ្នាំ២០១៧នៅតំបន់ Shenhu ដែលមានជម្រៅ១.២២៥ម៉ែត្រ អាចរកបានឧស្ម័នតិចជាងការរុករកនៅពេលនេះ។
ការរុករករួមគ្នារវាងចិន និងបរទេស
លោក Collin Koh ដែលជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខដែនសមុទ្រនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ក្នុងប្រទេសសិង្ហបុរីនិយាយថា ការរុករកដុំទឹកកកដែលអាចឆេះបានកាលពី ខែមីនានេះនឹងអនុញ្ញាតឱ្យចិនបង្ហាញពី «ជំនាញខាងបច្ចេកវិទ្យា» របស់ខ្លួននិងស្វែងរកភាពជាដៃគូក្នុងការរុករកជាមួយនឹងប្រទេសផ្សេងទៀត។
លោក Koh និយាយថា ប្រទេសទាមទារដែនសមុទ្រចិនខាងត្បូងផ្សេងទៀតខ្វះខាតបច្ចេកវិទ្យារុករកដុំទឹកកកដែលអាចឆេះបាននេះ។ ទោះជាយ៉ាងនេះក្តី ប្រទេសអាស៊ីអាគ្នេយ៍ដែលធ្វើការទាមទារដែនសមុទ្រទាំងនេះ ក៏ធ្វើការរុករកប្រេង និងឧស្ម័នធម្មជាតិយ៉ាងសកម្មដែរ។
លោក Orr បាននិយាយថា៖ «អាចមានចំណាប់អារម្មណ៍ពីប្រទេសផ្សេងៗជាច្រើនក្នុងការទទួលបានបច្ចេកវិទ្យាដែលចិនបានអភិវឌ្ឍ។ ការណ៍នេះអាចឱ្យចិនមានជម្រើសក្នុងការផ្តល់អាជ្ញាប័ណ្ណ ឬជ្រើសរើសក្នុងការចែករំលែកបច្ចេកវិទ្យានេះជាមួយប្រទេសដែលចាប់អារម្មណ៍ និងអាចធ្វើឱ្យចិនមានកម្លាំងនយោបាយកាន់តែខ្លាំងនៅក្នុងពិភពលោក ដែលបារម្ភពីប្រភពនៃថាមពលដែលមានតម្លៃទាប»។
លោក Koh បាននិយាយថា ថ្នាក់ដឹកនាំចិនយល់ថា ការរកឃើញនេះជាឱកាសមួយក្នុងការដកក្រុមហ៊ុនថាមពលពហុជាតិសាសន៍បរទេសចេញពីសមុទ្រដែលមានជម្លោះនេះ។ កិច្ចព្រមព្រៀងរវាងប្រទេសនៅអាស៊ីអាគ្នេយ៍ ជាមួយក្រុមហ៊ុននានាមកពីអឺរ៉ុប ឥណ្ឌា និងសហរដ្ឋអាមេរិកអនុញ្ញាតឱ្យបរទេសចូលទៅក្នុងផ្លូវទឹកដែលរដ្ឋាភិបាលក្រុងប៉េកាំងយល់ថាជារបស់ចិន។
លោក Koh បាននិយាយថា៖ «ចិនបានដឹងតាំងពីយូរមកហើយថា ប្រទេសនៅអាស៊ីអាគ្នេយ៍នឹងជ្រើសយកក្រុមហ៊ុនថាមពលពហុជាតិសាសន៍បរទេសទាំងនេះដើម្បីបង្កើតជាក្រុមហ៊ុនរួមគ្នា ខណៈដែលចិនចង់បង្ហាញថា ខ្លួនក៏ជាដៃគូដែលមានសមត្ថភាពអាចផ្តល់បច្ចេកវិទ្យានេះបានដែរ»៕