ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​មិន​រាប់​បញ្ចូល​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​មិន​ចេញ​រោគសញ្ញា​ ក្នុង​ទិន្នន័យ​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ទេ


លោក​ Zhao Lijian អ្នកនាំ​ពាក្យក្រសួង​ការបរទេស​ចិន​ ចោទ​ប្រកាន់​ស.រ.អា. ថា​នាំយក​មេរោគ​Covid-19 មកទី​ក្រុងWahun ។

នៅ​ជុំវិញ​ពិភពលោក​ ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​គេ​ធ្វើតេស្តវិជ្ជមាន​ឃើញ​ថា​មានផ្ទុក​វីរុស​កូរ៉ូណា នោះ​គេ​រាប់ថា បុគ្គល​នោះ​ជាករណី​ឆ្លង​ជំងឺ​កូវីដ១៩​មួយ​ករណី។ ប៉ុន្តែ​នៅ​ប្រទេស​ចិន​គេ​មិន​រាប់​ដូច្នេះ​ឡើយ។

​ឯកសារ​ផ្លូវការ​បង្ហាញ​ថា​ ប្រទេស​ចិន​មិនបាន​រាប់បញ្ចូល​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគ​សញ្ញា ​ក្នុង​ចំនួន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​ឡើយ។ ការ​ធ្វើ​បែប​នេះ​ គឺ​ពុំ​ស្របតាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ទេ​ ហើយធ្វើ​ឱ្យខូច​ទិន្នន័យ​អំពី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​នៅ​ប្រទេស​ចិន ​ដែល​អ្នកសិក្សា​អំពី​រោគរាតត្បាត​ធ្លាប់​ប្រើប្រាស់ ដើម្បី​បង្កើត​គម្រូ​លើ​វិធី​ដែល​វីរុស​នេះអាច​ឆ្លង​រាលដាល។

ការ​ផ្លាស់​ប្តូរ​និយមន័យ​លើអ្នក​ដែល​ឆ្លង​វីរុស

ប្រទេស​ចិន​បាន​ផ្លាស់​ប្តូរ​ជា​សាធារណៈ​លើ​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ការ​តាមដាន​ការ​ឆ្លង​ជំងឺ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ ចាប់​តាំងពី​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩នេះ​ដំបូង។

កាល​ពី​ខែ​មករា​ នៅ​ពេល​ដែល​ការ​ឆ្លង​ជំងឺ​នេះ​ចាប់​ផ្តើមផ្ទុះ​ឡើង​យ៉ាងឆាប់រហ័ស​ គណៈកម្មាធិការ​សុខាភិបាល​ចិន​បាន​សម្រេច​ថា អ្នកធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ឃើញ​វិជ្ជមាន​ដែល​មិន​មាន​ចេញ​រោគ​សញ្ញា​ មិនរាប់​បញ្ចូលថា​ជា​អ្នក​ឆ្លងជំងឺ​នេះ​ឡើយ។

តាមរយៈ«កម្មវិធី​តាមដាន​ករណី​ជំងឺ COVID-19​ (កំណែ​ប្រែទី​៣)» ដែល​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​សុខាភិបាល​ចិនកាល​ពីថ្ងៃទី២៨​ ខែ​មករា​ បញ្ជាក់​ថា​ មន្ត្រី​សុខាភិបាលចិន​ចែក​ករណី​ជំងឺ COVID-19 ជា៣ក្រុម​៖ ករណី​សង្ស័យ​ថាកើត​ជំងឺ​នេះ (suspected cases)​ ករណី​ឆ្លង​ជំងឺ​នេះ​ (confirmed cases) និង​ករណី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​វិជ្ជមាន (positive diagnosis)។ ករណី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​វិជ្ជមាន មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុងតួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ(confirmed cases)​សរុប​ទេ​នៅ​ក្នុង​ប្រទេស​ចិន។

តាម​ច្បាប់​ចម្លង​នៃ​គោលការណ៍​ណែនាំ​ដែល​វីអូអេ​បានទាញ​យកពី​គេហទំព័រ​របស់គណៈ​កម្មការសុខាភិបាល​ចិន​បញ្ជាក់​ថា៖ «ក្នុង​ចំណោម​ក្រុម​អ្នកដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​តែ​មិនមាន​ចេញ​រោគសញ្ញា (asymptomatic carriers) ត្រូវ​បានចាត់ចូល​ក្នុង​ករណី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​វិជ្ជមាន​(positive diagnosis)»។

មួយថ្ងៃ​បន្ទាប់​ពី​ច្បាប់​ចម្លង​កំណែប្រែ​ទី​៣​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ គណៈកម្មាធិការ​សុខាភិបាលជាតិចិន​បាន​ដកចំនួន​អ្នក​ឆ្លង​ជំងឺ​ជាង១០០​ករណី​ចេញ​ពី​ចំនួន​អ្នកឆ្លងជំងឺ​សរុប​ថ្នាក់​ជាតិ។

លក្ខណៈវិនិច្ឆ័យ​អ្នក​ធ្វើតេស្តមាន​លទ្ធផលវិជ្ជមាន​ ត្រូវបាន​កែប្រែជា​ច្រើនលើក​ច្រើនសា​ ប៉ុន្តែ​ការចាត់ករណី​អ្នក​ឆ្លង​ជំងឺ​នេះរក្សា​នៅ​ដដែល។

ច្បាប់​ចម្លង​កំណែប្រែ​លើកទី៦​នៃគោលការណ៍​ណែនាំ​ដែលបាន​ផ្សព្វផ្សាយ​កាលពីថ្ងៃ​ទី៧ ខែមីនា​ ពាក្យពេចន៍​ដែល​បាន​បន្ថែម​គឺ​ថា «អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគ​សញ្ញា តែ​មាន​ប្រវត្តិ​បង្ហាញ​រោគ​សញ្ញា​ពី​មុន​នឹង​ត្រូវ​ចាត់​ទុក​ភ្លាម​ថា​ជា​ករណី​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩»។

វិធីសាស្ត្រ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ចិន​ជា​ប្រទេស​ខុស​ពី​គេ​ដែល​មិន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។ ​

លោក​វេជ្ជបណ្ឌិត​ Huang Yanzhong អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សុខភាព​សកល​នៃ​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​បាន​ប្រាប់ VOA​ ថា​ គាត់​មិន​ឃើញ​មាន​រដ្ឋាភិបាល​ប្រទេស​ណា​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​ដូចគ្នា​នេះ​ចំពោះ​អ្នក​ផ្ទុក​វីរុស​នេះ​ ដូច​ប្រទេសចិន​ឡើយ។ លោក​ Huang បាន​និយាយ​ថា​៖«នៅ​ប្រទេស​ផ្សេង​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគសញ្ញា ក៏គេរាប់​ចូល​ថា​ជាអ្នក​ឆ្លង​ជំងឺ​នេះ​ដែរ ដរាបណា​បុគ្គល​នោះ​ធ្វើ​តេស្ត​ឃើញវិជ្ជមាន»។

ករណី​នៅ​ក្រុង​ Wuhan

​ថ្ងៃ​ទី១៩​ ខែ​មីនា ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាថ្ងៃ​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺCOVID-19 ។ នៅ​ថ្ងៃ​នោះ​ ក្នុង​ប្រទេស​ចិន​ទាំងមូល​មិន​មាន​ការ​រាយការណ៍​ពី​ករណី​ឆ្លងថ្មី​ក្នុង​ប្រទេស​ទេ ហើយ​ក៏ជាលើកទី១​ដែរ​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ​នេះ​។ ប៉ុន្តែ​សេចក្ដីជូន​ដំណឹង​សាធារណៈ​មួយ ដែលបង្ហោះ​ដោយ​អាជ្ញាធរ​ក្រៅ​ក្រុង Wuhan និយាយ​ថា មាន​ករណី​ឆ្លង​ថ្មីមួយក្នុង​តំបន់ទីប្រជុំជន​នៅ​ក្រុងនោះ។

រូបថត​នៃ​សេចក្ដី​ជូន​ដំណឹង​នោះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុសផុល​តាម​បណ្ដាញ​សង្គម។ ប្រជាជន​ងឿងឆ្ងល់​ហេតុអ្វី​បានជា​ករណី​ឆ្លង​ជំងឺ​នេះ​ មិន​ត្រូវ​បានបញ្ចូល​ក្នុង​តួលេខ​ផ្លូវការ​របស់​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង។ សម្រាប់​អ្នករិះគន់​ដែល​តែងតែ​ងឿងឆ្ងល់​នឹង​តួលេខ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ យល់ថា ​របាយការណ៍អំពីជំងឺ​កូវីដ១៩ក្នុង​ទីក្រុង Wuhan​ គឺជាភស្តុតាង​បញ្ជាក់ថា​អាជ្ញាធរជាតិ​កំពុងតែ​បង្រួម​វិសាលភាព​នៃការ​ផ្ទុះរាត​ត្បាតជំងឺ​កូវីដ១៩​នេះ​។

លោក​ Tao Zhengtaiលេខាធិការ​បក្ស​នៅ​មូលដ្ឋាន​ម្នាក់​ ក្រោយ​មក​អះអាង​ថា ការប្រកាស​ទិន្នន័យ​នេះ​គឺ​ចេញផ្សាយ​ដោយអាជ្ញាធរក្នុង​តំបន់។ ប៉ុន្តែ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ Xinhua កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ការផ្សាយ​នោះ​គឺ​ជា​កំហុស​ឆ្គង​មួយ។ លោក​បាន​បកស្រាយ​ថា​ បុរសវ័យ​៦៣ឆ្នាំ​ដែល​មាន​ត្រកូល Zhang​ រស់​នៅក្នុងស្រុក Qiaokou​ នៃទីក្រុង Wuhan បាន​ធ្វើតេស្តឃើញវិជ្ជមាន​ ប៉ុន្តែ​មិនមាន​ចេញរោគ​សញ្ញា​ឡើយ។ «លោក​ Zhang មិនមាន​ចេញ​រោគសញ្ញា​ទេ​ ហើយ​ក៏​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ករណី​ឆ្លង​ជំងឺនេះ​ដែរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក​ Tao។

ក្រុម​ការងារ​ទប់ស្កាត់​ជំងឺ​ប្រចាំ​ស្រុក​ Qiaokou ដែល​បានបង្ហោះ​សេចក្ដីជូនដំណឹង​នោះ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយក្នុងខ្លឹមសារ​ថា យោង​តាម​កំណែប្រែ​ទី៦នៃ​គោលការណ៍​ណែនាំ​ចេញ​ដោយ​គណៈ​កម្មាធិការ​សុខាភិបាលជាតិចិន​ ទោះ​បី​ជា​ការធ្វើ​តេស្តលើ​ DNA ឬ RNA របស់​លោក​ Zhang ​រកឃើញ​ថាវិជ្ជមានក៏​ដោយ​ ក៏​«ករណី​របស់លោក​Zhang មិនគួរ​រាប់បញ្ចូល​ជាករណី​ឆ្លង​ជំងឺឡើយ»។

«មកដល់​ថ្ងៃទី១៩​ ខែមីនា​ ទើបយើង​ដឹងថា​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគសញ្ញា​ មិនត្រូវ​បានគេរាប់​បញ្ចូលថា​ជាករណី​ឆ្លង​ជំងឺ​កូវីដ១៩​ឡើយ។ យើងមិន​បានដឹងថា​ មាន​រឿងចម្លែក​បែបហ្នឹង​ក្នុងទិន្នន័យ​សរុប​រួម​របស់​ចិនទេ​»។ នេះបើ​តាម​សម្ដី​របស់លោក​វេជ្ជបណ្ឌិត​ Huang នៃក្រុម​ប្រឹក្សា​កិច្ចការបរទេស​ ដែល​ប្រាប់វីអូអេ​តាមទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បន្ធូរ​ស្ថានការណ៍​ហានិភ័យ​នៃការឆ្លង​រាលដាល​

ព័ត៌មាន​នៃចំនួន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​តែ​មិន​ចេញ​រោគសញ្ញា ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ទិន្នន័យ​សម្ងាត់​នៅ​ក្នុងប្រទេស​ចិន។ បើតាម​ការដក​ស្រង់ពីឯកសារ​ផ្លូវការ​ដែល​មិនត្រូវបាន​គេ​ចេញ​ផ្សាយ​ និង​សេចក្ដីរាយការណ៍​មួយ​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​សារព័ត៌មាន South China Morning Post​ បាន​ឲ្យ​ដឹងថា​ អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគ​សញ្ញា អាចមាន​ចំនួនស្មើ​នឹង១ភាគ​៣នៃ​អ្នកដែល​ធ្វើតេស្តរក​ឃើញថា​មានលទ្ធផល​វិជ្ជមាន។

អ្វី​ដែល​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​គឺ​ថា​តើ​ចំនួនករណី​អ្នក​ដែល​ផ្ទុក​វីរុស​កូរ៉ូណាមិន​ចេញ​រោគ​សញ្ញា ដែល​មិន​ទាន់​បានធ្វើរោគ​វិនិច្ឆ័យ​នៅឡើយ នៅ​សល់​ចំនួន​ប៉ុន្មាន​នាក់​ទៀត។ យោង​តាម​អត្ថបទ​ស្រាវជ្រាវមួយ​របស់​ក្រុមអ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ Huazhong University of Science and Technology ដែល​ត្រូវ​បាន​ចេញ​ផ្សាយកាល​ពី​ថ្ងៃទី២០ ខែ​មីនា នៅ​លើ​គេហទំព័រ​ខ្លួន​ ដែលជា​ព្រឹត្តិប័ត្រ​វិទ្យាសាស្ត្រ​ដ៏ល្បីមួយ​ ប៉ាន់ស្មាន​ថា អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគ​សញ្ញា អាចមាន​ប្រហែល​ពី៣០​ភាគរយ​ ទៅ៦០​ភាគរយ​នៃរាល់​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​សរុប​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន។

នៅពេល​ដែលដឹង​ថា ​អ្នក​ឆ្លង​ជំងឺកូវីដ១៩ដែល​មិន​ចេញ​រោគ​សញ្ញា​គឺ​ជា​មូល​ហេតុចម្បង​មួយ​ ដែល​ធ្វើឱ្យមាន​ការព្រួយ​បារម្ភ​ និងជាប្រភព​ចម្លង​ពីមួយទៅ​មួយ ប្រទេស​ចិន​គិតថា ​ករណីបែប​នេះមិនមែន​ជាបញ្ហា​ទៅ​វិញ។ គេតម្រូវ​ឱ្យ​អ្នក​ជំងឺ​ដែល​មិន​ចេញ​រោគសញ្ញា​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ឬ​នៅ​ដាច់​តែឯងរយៈពេល១៤​ថ្ងៃ និងត្រូវតាមដាន​មើល​ថាតើអ្នកទាំង​នោះ​មាន​ចេញ​រោគសញ្ញា​ជំងឺ​កូវីដ​១៩​នេះ​ដែរ​ឬទេ។

លោក​ Liu Jiafa ប្រធាន​បក្ស​នៃមជ្ឈមណ្ឌល​ទប់ស្កាត់​និងបង្ការជំងឺ​ប្រចាំខេត្ត​ Hubei បាន​ធានា​ដល់​សាធារណជន​ថា នឹង​ពុំ​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគសញ្ញា​ចេញ​ទៅ​ខាង​ក្រៅ​បាន​ទេ លុះត្រាតែ​ការ​ធ្វើតេស្តផ្ទួន​គ្នា​លើសំណាកលើ​ DNA ឬRNA​ បង្ហាញ​ថាលទ្ធ​ផល​អវិជ្ជ​មាន។

លោក Liu បញ្ជាក់ថា៖ «សាធារណជនមិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពេកទេ​»។

ក្រៅពី​ការបញ្ជាក់​បែបនេះ​ ប្រទេស​ចិន​មិនបាន​ផ្តល់ការ​ពន្យល់​បកស្រាយ​លើហេតុផល​ដែលខ្លួន​លាក់បាំង​ចំនួន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគសញ្ញា​ឡើយ ហើយ​តួលេខ​នេះ​ក៏​មិនត្រូវ​បានយក​ទៅដាក់​បញ្ចូល​ក្នុង​ទិន្នន័យ​ផ្លូវការ​នោះ​ដែរ។

លោក​វេជ្ជបណ្ឌិត Huang​ នៃក្រុម​ប្រឹក្សា​កិច្ចការបរទេស​ និង​ក៏ជា​នាយក​នៃ​វេទិកា​កិច្ចប្រជុំ​តុមូល​ស្ដី​ពី​អភិបាល​កិច្ចសុខភាព​សកល​និយាយថា​៖ «វាជា​រឿង​ចម្លែកដែលចំនួន​ករណី​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដែល​មិន​ចេញ​រោគ​សញ្ញា មិនត្រូវ​បាន​គេ​ដាក់​បញ្ចូល​ក្នុង​តួលេខ​ផ្លូវការ​នៃ​ករណីឆ្លង​វីរុស​នេះ​នៅប្រទេស​ចិន។ ប្រសិនបើ​លទ្ធផល​នៃការ​ធ្វើតេស្ត​ DNA ឬ RNA វិជ្ជមាន​ ធម្មតា​គេរាប់​ថាជា​ករណី​ឆ្លង​ជំងឺ​ហើយ»៕

ប្រែ​សម្រួលដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG