ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រកិតគ្នា​នៅ​ជិត​ថ្ងៃបោះឆ្នោត​នៅ​ដើម​ខែវិច្ឆិកា


រូបឯកសារ៖ អតីតគ្រូបង្វឹកបាល់ឱបអាមេរិក​លោក Tommy Tuberville ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ​ បន្ទាប់ពីលោកយកជ័យជម្នះលើលោក Jeff Sessions នៅក្នុងការបោះឆ្នោតបឋមសម្រាប់ព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អតីតគ្រូបង្វឹកបាល់ឱបអាមេរិក​លោក Tommy Tuberville ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ​ បន្ទាប់ពីលោកយកជ័យជម្នះលើលោក Jeff Sessions នៅក្នុងការបោះឆ្នោតបឋមសម្រាប់ព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

នៅ​ថ្ងៃ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ដែល​នៅ​មិន​ដល់​ពីរ​ខែទៀត​នោះ​ ការ​ប្រជែង​ដើម្បី​តំណែង​ជាន់ខ្ពស់​ក្នុង​សេតវិមាន​មិន​មែន​ជា​សេចក្តី​សម្រេច​សំខាន់​តែមួយ​គត់​ដែល​ក្រុម​អ្នក​បោះឆ្នោត​អាមេរិកាំង​នឹង​ធ្វើ​នោះ​ទេ។ អាសនៈ​៦​ក្នុង​បណ្តា​អាសនៈ​៣៥​ក្នុង​ព្រឹទ្ធសភា​ស.រ.អ.នឹង​ត្រូវ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ។

របាយការណ៍​នយោបាយ​ Cook ដែល​មិនកាន់​ខាងគណបក្ស​ណា​មួយបាន​ចាត់ទុក​ថាការប្រជែង​ទាំង​នេះ​មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់ឱ្យ​គណបក្ស​ទាំង​ពីរ​នូវ​ឱកាស​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក។ ការ​បាត់​បង់​សំឡេង​ភាគច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភាអាច​មាន​ផល​ប៉ះពាល់​ទូលំទូលាយលើ​អាណត្តិ​ទី​ពីររបស់​លោក Donald trump ឬ​លើ​របៀបវារៈ​របស់​លោក​ប្រធានាធិបតី Joe Biden។

គណបក្ស​ប្រជាធិបតេយ្យ​នឹង​ត្រូវការ​អាសនៈ​បី​ឬបួន​ថែម​ទៀត​ដើម្បី​ទទួល​សំឡេង​ភាគច្រើន​ក្នុងព្រឹទ្ធសភា។​ ត​ទៅ​ទៀត​ជា​ការពិនិត្យ​មើល​អំពី​រដ្ឋ​មួយ​ចំនួនតូច​ដែល​មាន​ការប្រជែងសំខាន់បំផុត​ក្នុង​រដូវ​បោះឆ្នោត​ខាង​មុខ​នេះ៖

រដ្ឋ Alabama

ការ​ប្រមើលមើល​នៅ​ទូទាំង​ប្រទេស​នៃ​សមាសភាព​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ក្នុង​រដ្ឋ​ដែល​អ្នក​ប្រជាធិបតេយ្យ​ជា​សមាជិក​ព្រឹទ្ធសភា​អាច​រងគ្រោះ​ខ្លាំង​បំផុត​ក្នុង​ការ​បាត់បង់​អាសនៈ​របស់ខ្លួន។ ការ​ស្ទង់ប្រមាណ​ថា​ ពួកប្រជាធិបតេយ្យ​អាច​បាត់បង់​កៅអី​មួយ​នេះ​ពីព្រោះ​អ្នក​សាធារណរដ្ឋជា​អ្នក​ប្រជែង​គឺ​លោក​ Tommy Tuberville នាំ​មុខ​លោក​ Doug Jones ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់កាប់​អាសនៈ​ក្នុង​ការ​ស្ទង់មតិ។ លោក​ Doug Jones បាន​ឈ្នះនៅ​ក្នុងការ​បោះឆ្នោត​ពិសេស​នៅ​ក្នុង​រដ្ឋ​នេះ​ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​យ៉ាង​ខ្លាំងក្លា​កាល​ពី​ឆ្នាំ២០១៧។

លោក Tommy Tuberville ដែល​ជា​អតីតអ្នក​បង្ហាត់​កីឡា football អាមេរិកាំង​ក្នុង​មហាវិទ្យាល័យ​មាន​ការគាំទ្រ​ពី​លោក​ប្រធានាធិបតី Donald Trump តាម​ Twitter និងក្នុងការប្រជុំ​ឃោសនា​បោះឆ្នោត​។ លោក​បានឈ្នះលោក Jeff Sessions អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌នៅក្រោយរដូវឃោសនា​ការ​បោះឆ្នោត​បឋម​យ៉ាង​យូរ​ហើយ​លោក​នាំ​មុខ​លោក Doug Jones ​ជាង​១០​ភាគរយនៅ​ក្នុង​រដូវ​ក្តៅ​ទាំងមូល។

រដ្ឋ North Carolina

ផ្នែក​ខ្លះ​នៃមហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ក្រុង​ Charlotte រដ្ឋ​ North Carolina ​កាល​ពី​ខែ​សីហា​ដោយ​មាន​ហេតុផល​ល្អ។ រដ្ឋ​នេះ​ជា​កន្លែង​បញ្ជាក់ឱ្យ​ដឹង​មុន​អំពី​ស្ថានភាព​នយោបាយ​អាមេរិកាំង​ដោយសារ​ការ​ប្រែប្រួល​ខាង​ប្រជាសាស្ត្រ​និង​ភាពចម្រុះ​នៃ​តំបន់​ជនបទ​ តំបន់​ជាយក្រុង ​និងតំបន់​ទីក្រុង។

លោក Muchael Bitzer ជា​សាស្ត្រាចារ្យ​វិជ្ជានយោបាយ​និង​ប្រវត្តិសាស្ត្រ​នៅ​មហា​វិទ្យាល័យ​ Catawba។ លោក​បាននិយាយ​ថា «រដ្ឋ North Carolina ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​ជាក់ស្តែង​របស់​ប្រទេស​អាមេរិក​ទាំង​មូល ពីព្រោះ​រដ្ឋ​យើង​មាន​ការបែកបាក់​គ្នា​ជូរចត់។ ពួក​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទាំង២​មាន​ចំនួន​ស្មើគ្នា។ ដូច្នេះ​ភាគី​ទាំង​ពីរ​ទំនង​ជា​នឹង​មាន​ការគាំទ្រ​ពី​៤៣​ទៅ​៤៥​ឬ​៤៦ភាគ​រយ​នៃសន្លឹក​ឆ្នោត​របស់​គណបក្ស​រៀងៗខ្លួន។ ប៉ុន្តែ​ពួក​អ្នកបោះឆ្នោត​ដែលនៅ​មិនទាន់​សម្រេច​ចិត្ត​ថា​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​នោះ អាចធ្វើឲ្យគណបក្ស​មួយ អាច​យកឈ្នះ​គណបក្ស​មួយ​ទៀត​បាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋ North Carolina ជា​កន្លែង​មាន​ការ​ប្រកួត​ប្រជែងខ្លាំងដូច​កន្លែង​ឯ​ទៀត​ក្នុង​ប្រទេស​ដែរ។»

សន្ទុះ​នៃ​ការផ្លាស់ប្តូរ​នេះ​ធ្វើឱ្យ​ការប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​ព្រឹទ្ធសភា​ជា​ការប្រជែង​សំខាន់​បំផុត​មួយ​ក្នុង​ប្រទេស​អាមេរិក។ ការស្ទង់មតិ​មួយ​ដោយ​អង្គការ Real Clear Politics បង្ហាញ​ថា ​អ្នកប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Cal Cunningham ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​នាំ​មុខ​លោក​ Thom Tillis សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​៤,៥ ភាគ​រយ។​

ចំណែក​ឯការស្ទង់​មតិ​រួម​រវាងបណ្តាញ​ទូរទស្សន៍​ CNBC និងអង្គការ Change Research ដែល​បានធ្វើ​កាល​ពី​ខែ​សីហា​បង្ហាញ​ថា​លោក Cunningham នាំ​មុខ​១០​ភាគរយ។

លោក Muchael Bitzer ថ្លែងថា​ ការ​គាំទ្រ​របស់​លោក Tillis ដល់​លោក​ប្រធានាធិបតី​ Trump នឹង​មាន​តួ​នាទី​សំខាន់​មួយ​ដល់​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមអ្នក​បោះឆ្នោតព្រមទាំង​បញ្ហា​សំខាន់ៗ​ដែល​គ្រប​ដណ្តប់​លើ​ការប្រកួត​ប្រជែង​ដើម្បី​តំណែង​ប្រធានាធិបតី​ដោយ​មាន​រួម​បញ្ចូលស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថាន​ភាព​នៃ​ការរាតត្បាត​ជា​សាកល​នៃវីរុសកូរ៉ូណា។

លោក Muchael Bitzer បាន​ថ្លែងថា«សន្ទុះ​នៃ​ការ​ផ្លាស់​ប្តូរ​នៅក្នុង​ប្រទេសជាតិ​លាត​ត្រដាងឱ្យ​ឃើញ​នៅ​ក្នុង​រដ្ឋ​ North Carolina ជា​ពិសេស​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដោយសារ​លោក Thom Tillis​ ធ្លាប់​លម្អៀង​ខ្លាំង​ទៅ​ខាង​លោក​ប្រធានាធិបតី Trump នៅ​មុន​មាន​ជំងឺ​កូវីដ១៩។ ក៏​ប៉ុន្តែ​នៅពេល​មានជំងឺ​កូវីដ១៩​លោកបាន​ចាប់ផ្តើម​រេ​ទៅ​កណ្តាល​ដោយ​លោក​មិន​បាន​និយាយ​អំពីលោក Trump ទេ។ ប៉ុន្តែ​ខ្ញុំ​យល់ថា​ទំនាក់ទំនង​រវាង​បុរស​ទាំង​ពីរ​នាក់នេះ​ជារឿង​ដែល​មិនអាច​ផ្លាស់ប្តូរ​បាន​ឡើយ»។

រដ្ឋ Maine

នៅ​ក្នុងរដ្ឋ Maine ក្រុម​អ្នក​បោះឆ្នោត​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​លោកស្រី Susan Collins សមាជិកា​ព្រឹទ្ធសភា​អាមេរិកាំង​នៅ​រក្សា​ឈ្មោះ​ជា​សំឡេង​ឯករាជ្យ​មួយ​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​វិមានសភា ​Capitol Hill ដែលមានទាក់ទិន​នឹង​ការបោះឆ្នោត​សំខាន់ៗ​របស់​លោកស្រី​នៅក្នុង​ការចោទប្រកាន់​ដក​តំណែង​លោក​ប្រធានាធិបតី Trump ក្នុងព្រឹទ្ធសភា​នៅឆ្នាំ​នេះ​និង​ការតែងតាំង​លោក Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល​កាលពី​ឆ្នាំ២០១៨។

លោក Casey Burgat ជា​នាយក​នៃ​កម្មវិធី​ខាង​កិច្ចការ​នីតិបញ្ញត្តិនៃ​មហាវិទ្យាល័យ​ខាង​ការចាត់ចែង​នយោបាយ​នៃសាកលវិទ្យាល័យ​ George Washington។ ​លោក​កត់​សម្គាល់​ថា​«លោកស្រី Susan Collins បានក្លាយ​ជាឥស្សរជន​ជាតិម្នាក់។​ លោកស្រី​ក្លាយ​ជា​អ្នក​ជួយ​លោក Trump ឱ្យឋិតក្នុង​រដ្ឋបាល​មួយ​ដែល​លោកស្រី​ជា​សំឡេងមិន​និយម​ជ្រុល​នៅ​ក្នុង​រដ្ឋ​សេរីនិយម​មួយ​ដែល​នៅ​ទី​នោះ​លោកស្រី​មិន​ទាន់​បាន​បង្ហាញ​ឲ្យឃើញ​ច្បាស់​នៅ​ឡើយ​ទេ តាម​ការយល់ឃើញ​របស់​គណបក្ស​ប្រជាធិបតេយ្យ។»

លោកស្រី Sara Gideon ដែល​ជា​អ្នក​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​អង្គាស​ប្រាក់​សម្រាប់​ការឃោសនា​បោះឆ្នោត​បាន​ច្រើន​ចាប់តាំង​ពីដំបូង​ដោយសារ​បានរិះគន់​ការបោះឆ្នោត​ដោយ​លោកស្រី Collins។ លោកស្រី Sara Gideon បាន​ទទួល​ឳកាស​ថ្លែង​សុន្ទរកថា​ដែល​បង្ហាញ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​នៅក្នុង​មហាសន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ខែសីហា។

ការ​ស្ទង់មតិ​នៅទូទាំង​រដូវ​ក្តៅ​បាន​បង្ហាញ​ថាលោក​ស្រី Sara Gideon នាំ​មុខ។

ការ​ស្ទង់មតិ​របស់​អង្គការ Real Clear Politics ដែល​បានបញ្ចប់​កាលពីដើម​ខែសីហា​បង្ហាញ​ថាលោក​ស្រី​នាំ​មុខ​លោកស្រី Susan Collins ដែល​កំពុង​កាន់​តំណែងក្នុង​ព្រឹទ្ធសភា​បួន​អាណត្តិ​ចំនួន​៤,៥​ភាគរយ។

រដ្ឋ Iowa

នៅ​ពេល​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រដ្ឋ Iowa មិន​បាន​ត្រូវ​ចាត់ទុក​ថា​ជា​រដ្ឋ​មួយ​ដែល​អាច​មាន​លទ្ធផល​ប្រកិត​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​ទេ តែ​ក្រុម​អ្នក​បោះឆ្នោត​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​នូវ​មតិ​របស់​ពួកគេ ហើយការប្រកួត​ប្រជែង​រវាង​លោកស្រី Joni Ernst សមាជិកា​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី Theresa Greenfield អ្នក​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកិត​គ្នា។ ការ​ស្ទង់មតិ​ថ្មីៗ​បំផុត​ដោយ​អង្គការ Monmouth ត្រូវធ្វើ​កាលពី​ដើមខែ​សីហា​បង្ហាញ​ថា​លោកស្រី​ Joni Ernst មាន​ការគាំទ្រ​លើស​គូប្រជែង​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ។

នៅដើម​ខែ​កញ្ញា​ ចំនួន​មនុស្ស​ស្លាប់ដោយសារវីរុស​កូរ៉ូណា​បាន​ក្លាយ​ទៅ​ជាប្រធានបទ​នៃ​ការ​ជជែក​ដេញដោល​គ្នានៅក្នុង​ការប្រកួត​ប្រជែង​នេះ​នៅ​ពេល​លោក​ស្រី Joni Ernst បាន​និយាយ​ ប្រាប់​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​រដ្ឋ​ Iowa ថា​លោកស្រី​«សង្ស័យ​»អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារវីរុស​កូរ៉ូណា។ លោកស្រី Theresa Greenfield បាន​ tweet ការ​ឆ្លើយ​តបមួយ​ទៅ​កាន់លោកស្រី​ Joni Ernst ដោយចែងថា «ជាការ​ហួស​ចិត្ត​សម្រាប់​អ្នក​ដែល​និយាយ​ថា​អ្នក​សង្ស័យអំពី​ចំនួន​ជន​បាត់បង់​ជីវិត​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ទៅលើ​គ្រួសារ​និង​សហគមន៍​យើង​នៅទូទាំង​រដ្ឋ Iowa»។ បើ​តាម​ទិន្នន័យ​នៃ​សាកលវិទ្យាល័យ Johns Hopkins ថា ​វីរុសកូរ៉ូណា​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​១ពាន់១រយ​នាក់ស្លាប់​ក្នុង​រដ្ឋ Iowa។​

លោក Casey Burgat ដែល​ជា​នាយកនៃកម្មវិធី​ខាង​កិច្ចការ​នីតិបញ្ញត្តិនៃ​មហា​វិទ្យាល័យ​ខាងការចាត់ចែង​នយោបាយ​នៃ​សាកលវិទ្យាល័យ​ George Washington និយាយ​ថា​ទស្សនៈ​របស់​ក្រុមអ្នក​បោះឆ្នោត​អំពី​វិធី​ដោះស្រាយ​វិបត្តិ​វីរុស​កូរ៉ូណា​របស់​ពួក​មន្ត្រី​សាធារណៈ​ទំនង​ជា​នឹង​មានផល​ប៉ះពាល់​លើ​ការប្រកួត​ប្រជែង​សម្រាប់​តំណែង​ក្នុងព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

លោក Burgat បានថ្លែង​ថា«យើង​រង់​ចាំ​មើល​ថា​តើ​ប្រជាពលរដ្ឋ នឹង​ការពារ​លោក​ប្រធានាធិបតី​និង​របៀប​ដោះស្រាយ​ការរាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា ឬ​មួយ​ក៏​ពួក​គេ​ដកខ្លួន​ពី​លោកប្រធានាធិបតី។ ហើយ​ការណ៍​នេះ​អាស្រ័យ​លើ​ថា​តើវា​មាន​ផលប៉ះពាល់​ត្រឹម​ណា​លើ​រដ្ឋ Iowa ហើយ​ត្រូវ​កំណត់​ថា​តើ​លោកស្រី Joni Ernst សមាជិកា​ព្រឹទ្ធសភា​ស.រ.អ.​ពិសេស​រូប​នេះ​ចង់​ភ្ជាប់​លោកស្រី​ជាមួយ​ប្រធានាធិបតី​ម្នាក់​ដែល​ទទួល​ការរិះគន់ច្រើន​អំពី​ការដោះស្រាយ​វិបត្តិ​នៃ​ការរាតត្បាត​ជំអឺ​នេះ‍»។

ភាព​ប្រកិត​នៅ​ក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកក្នុង​រដ្ឋ​ផ្សេងទៀត

ការប្រកួត​ប្រជែង​សំខាន់ៗ​ឯ​ទៀត ដែល​របាយការណ៍​នយោបាយ​ Cook ចាត់ទុក​ថាមិន​ទាន់​ដឹង​ថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នៅឡើយ​នោះ មានរួមបញ្ជូល​រដ្ឋ Colorado

Georgia និងរដ្ឋ Montana។ ទោះណា​ជាមានទិន្នន័យ​បោះឆ្នោត​អាច​ជឿ​ទុក​ចិត្ត​បាន​តែ​បន្តិច​បន្តួច​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​រដ្ឋ​ Colorado ក៏​ដោយ​ក៏លោក Burgat និយាយ​ថា​ការប្រជែង​គ្នា​រវាង​លោក Cory Gardner សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​នៃ​គណបក្សសាធារណរដ្ឋ​និង​លោក John Hickenlooper អ្នកប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ការប្រជែង​គ្នា​មួយ​គួរ​តាម​ពិនិត្យ​មើល។ លោក Cory Gardner ដែល​បានឈ្នះ​ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា​ចុងក្រោយ​របស់​លោក​តែ​ពីរ​ភាគរយ​កាលពីឆ្នាំ២០១៤ ជា​មន្ត្រី​នៃ​គណបក្សសាធារណរដ្ឋ​ចុង​ក្រោយ​នៅក្នុង​រដ្ឋ​មួយ​ត្រូវចាត់​ទុកថា​ជា​កន្លែង​ប្រជែងគ្នា​ខ្លាំង​ក្នុង​ការបោះឆ្នោត។

លោក Burgat និយាយ​ថា«លោក Cory Gardner ប្រឈម​នឹង​លោក

​John Hickenlooper ដែល​ជា​អតីត​អភិបាល​រដ្ឋ​ប្រជាធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់និង​ជា​បុរស​មាន​ធនធាន​ច្រើន​អាច​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ឃោសនា​បោះឆ្នោត​ដោយខ្លួន​ឯង​បាន។​ ក៏​ប៉ុន្តែ​លោក​ក៏​មាន​បញ្ហា​ដែរ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​ដោយសារ​លោក​បានរំលោភ​ខាង​សីលធ៌ម​ខ្លះៗ។ ដូច្នេះ​យើង​រង់​ចាំមើល ថា​តើ​ការណ៍​នេះ​មានផល​ប៉ះពាល់​ច្រើន​បែប​ណា​លើ​ការប្រជែង​របស់លោក​នៅក្នុងអ្វី​ដែល​ជា​ការប្រកួត​ប្រជែង​ព្រឹទ្ធសភាអាច​មាន​ភាពរងគ្រោះ​បំផុត​នៅ​ក្នុងប្រទេស​អាមេរិក។»

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG