ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​ WHO​​ ព្រមាន​​ថា​ការប្រែ​ប្រួល​អាកាសធាតុ​​នាំ​​​ឱ្យ​មាន​កំណើន​ជំងឺ​បង្ក​ដោយ​​មូស


រូបឯកសារ៖ មូស aedes aegypti បង្ហាញ​នៅ National Environmental Agency ក្នុង​ប្រទេស​សិង្ហបុរី
រូបឯកសារ៖ មូស aedes aegypti បង្ហាញ​នៅ National Environmental Agency ក្នុង​ប្រទេស​សិង្ហបុរី

ការសិក្សា​ស្រាវជ្រាវ​មួយ​រកឃើញ​ថា​មាន​ជំងឺ​បណ្តាល​មក​ពី​មូស​ក្នុង​តំបន់​អាកាសធាតុ​ត្រូពិកនិង​អនុ​តំបន់​អាកាសធាតុ​ត្រូពិក ​បានកើនឡើង​ច្រើន​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ។ របាយការណ៍នេះ​និយាយ​ថា​ករណី​ជំងឺ​គ្រុន​ឈាម​បាន​កើន​ពី​កន្លះ​លាន​នាក់​ក្នុង​ឆ្នាំ​២០០០​ទៅ​ដល់​៥,២លាន​នាក់​ក្នុង​ឆ្នាំ​២០១៩។​

ហើយ​និន្នាការនេះ​នៅ​មាន​តទៅទៀត។ ទិន្នន័យ​ថ្មីបំផុតបង្ហាញ​ថានៅ​ពេលនេះ​ប្រមាណពាក់​កណ្តាល​នៃ​ចំនួន​ប្រជារាស្ត្រ​នៅ​ទូទាំង​ពិភពលោក​ប្រឈមនឹង​ហានិភ័យ​
ឆ្លង​ជំងឺ​គ្រុនឈាម​ ដែល​ជា​ជំងឺ​បណ្តាល​មកពី​វីរុស​ចម្លង​ពី​មូសទៅ​មនុស្ស​ ដោយមាន​អ្នក​ជំងឺ​នេះ​ប្រមាណ​ពី​១០០​ទៅ​៤០០​លាន​នាក់​ជារៀង​រាល់​ឆ្នាំ។​

លោក Raman Velayudhan ​ប្រធាន​កម្មវិធី​សាកល​នៃ​អង្គការ​ WHO ​សម្រាប់​គ្រប់គ្រង​ជំងឺ​តំបន់​ត្រូពិក ​បាន​និយាយ​ថា៖ «នៅ​ពេលនេះ ​មាន​ប្រទេសប្រមាណ​១២៩​ប្រឈម​នឹង​ហានិភ័យមាន​ជំងឺ​គ្រុន​ឈាម ​ហើយការ​រាលដាលជំងឺ​នេះមាន​នៅក្នុង​ប្រទេស​ជាង​១០០»។​

ការ​ប្រែប្រួល​អាកាសធាតុ​នាំ​ឱ្យ​មាន​កំណើនភ្លៀង ​កំណើន​សីតុណ្ហភាព​និង​ការកើន​សំណើម​ដែល​ជាស្ថានការណ៍​នាំ​ឱ្យ​មូស​កើត​ច្រើន​ជាងមុន។ មាន​ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​ ទោះជាធាតុអាកា​សស្ងួតក៏​អាច​ឱ្យ​មូស​កើត​បានច្រើន​ដែរ។ ​អ្នកស្រាវជ្រាវនិយាយ​ថា​អាកាស​ស្ងួតនាំឱ្យមូស​ស្រេកទឹក​ហើយនៅពេល​វា​ខ្វះ​សារធាតុទឹក​ក្នុង​ខ្លួន​វា ​វា​ក៏​ចង់ជញ្ជក់​ឈាម​មនុស្ស​ញឹកញយ​ជាងមុន​ដែរ។

លោក Velayudhan ​បាន​ថ្លែង​ថា៖ «ការណ៍​នេះ​នាំ​ឱ្យមាន​ការបារម្ភពិតប្រាកដពីព្រោះវា​បង្ហាញ​ថាការប្រែប្រួល​ធាតុអាកាស​ដើរតួ​នាទី​ដ៏​សំខាន់​មួយក្នុង​ការបង្ក​លក្ខណៈ​ឲ្យមាន​មូសច្រើន​ជាងមុន​ក្នុង​ប៉ែក​ខាង​ត្បូង​ពិភពលោក។ ហើយ​នៅពេល​មនុស្ស​ធ្វើ​ដំណើរ ​វីរុស​ក៏ទៅ​ជាមួយ​មនុស្ស​ដែរ។ ហើយ​វា​ទំនង​ជាមាន​តទៅទៀតសម្រាប់​តំបន់​ឯ​ទៀតៗ​នៃ​ពិភពលោក‍»។

មន្ត្រី​អង្គការ​ WHO ​កត់សម្គាល់​ថា​ករណី​ជំងឺ​គ្រុន​ឈាមបាន​កើន​ច្រើន​ជាងមុននៅ​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​ហ្វីលីពីន ​ម៉ាឡេស៊ី​និង​ប្រទេស​សិង្ហបុរី។

ក្នុងករណី​ភាគ​ច្រើន​ ជំងឺ​គ្រុនឈាម​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទេ។ នៅ​ពេល​មនុស្សភាគ​ច្រើន​គ្មាន​រោគសញ្ញា ​មនុស្ស​ខ្លះ​គ្រុនក្តៅ​ខ្លាំង ​ឈឺ​ក្បាល ​ឈឺរាងកាយ ​ចង្អោរ​និងមាន​កន្ទួល។ មនុស្ស​ភាគ​ច្រើននឹង​ជា​ឡើងវិញ​ក្នុង​ពេល​ពីរ​ឬ​បី​អាទិត្យ ​ប៉ុន្តែ​ជំងឺ​គ្រុន​ឈាម​អាច​ឱ្យ​មនុស្ស​ស្លាប់​បាន​សម្រាប់​ពួកជន​ដែល​មាន​ករណី​ធ្ងន់ធ្ងរ។

សម្រាប់​វីរុស​ជំងឺ​ Chikungunya ​វា​ចម្លង​តាម​រយៈ​មូសខ្លា ​ហើយ​គេ​រកឃើញ​ជំងឺ​នេះ​ក្នុង​ទ្វីប​សឹង​តែ​ទាំងអស់។ រហូត​មកដល់​ពេល​នេះ​ មាន​ប្រទេស​ប្រមាណ​១១៥​បាន​រាយការណ៍​ថា​មាន​ជំងឺ​នេះ។ ជំងឺ​នេះអាច​បណ្តាល​ឱ្យ​មាន​ពិការភាពធ្ងន់ធ្ងរ​សម្រាប់​មនុស្សខ្លះ​និង​នាំ​ឱ្យ​មាន​ផលប៉ះពាល់​ខ្លាំង​លើជីវភាព​ពួកគេ។

ដូច​ជា​ជំងឺ​គ្រុន​ឈាមនិង​ជំងឺ​ chikungunya ​ដែរ ​វីរុសជំងឺ​ Zika ​ចម្លងដោយ​មូសខ្លា ដែល​ភាគច្រើន​ខាំមនុស្សតែ​ក្នុង​ពេល​ថ្ងៃ។ តែយ៉ាង​ណា​ក៏ដោយ​ក៏​មិន​ដូច​វីរុស​ពីរ​នោះ​ទេ​ ជំងឺ Zika ក៏​អាចឆ្លង​បានតាម​រយៈ​ការ​រួមភេទ​រវាង​មនុស្សនិង​មនុស្ស​ អាចឆ្លង​ពី​ម្តាយ​ទៅ​កូន​នៅពេល​ម្តាយ​មាន​ផ្ទៃពោះ។

លោកស្រី Diana Rojas Alvarez ​មេដឹកនាំខាង​បច្ចេកវិទ្យា​របស់​អង្គការ​ WHO​ សម្រាប់​ការគ្រប់​គ្រង​ជំងឺ Zika ​និង​ជំងឺ chikungunya ​បាន​និយាយថា​មានប្រទេស​និង​ដែនដី​៨៩​បាន​រាយការណ៍​អំពី​ករណី​ការឆ្លង​វីរុស​ជំងឺ Zika។ ​

កាលពីឆ្នាំ​ទៅ ​អង្គការ WHO ​បាន​ចាប់ផ្តើម​កម្មវិធី​ផ្តើមគំនិតសាកល​អំពី​វីរុស​Arbovirus ដើម្បី​ដោះស្រាយ​ការលេច​ឡើង​ជាថ្មី​នៃ​វីរុសArbovirus ​ដែល​អាច​នាំឱ្យ​មាន​ការរាតត្បាត​ជំងឺ​នេះ​បាន។ ផែនការ​នេះ​ផ្តោត​លើការប្រុងប្រៀបជាមុន ​ការរកឱ្យ​ឃើញ​ជំងឺ​នេះ​ជា​ដំបូង​និង​អំពី​ការឆ្លើយ​តប​នឹង​ការ​រាលដាល​ជំងឺ​នេះ​ព្រមទាំង​ការ​អភិវឌ្ឍ​ឱសថ​និង​វ៉ាក់សាំង​ថ្មី‍ៗ​ផងដែរ។ ​

នៅ​ពេល​ដែលមាន​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំងនេះ ​ក្រុមមន្ត្រី​សុខាភិបាលសុំ​ដល់​សហគមន៍​ឱ្យ​កម្ចាត់​កន្លែង​មូស​បង្កើត​កូន​នៅក្នុង​និងនៅ​ជុំវិញ​ផ្ទះ​និង​ប្រើថ្នាំ​ដេញមូស​ប្រឆាំង​នឹង​ជំងឺ​ទាំងនេះ​ដែលអាច​ឱ្យ​មនុស្ស​ស្លាប់​បាន៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG