ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជាថា ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ខេត្ត​ព្រៃវែង​មិន​​ឆ្លង​ពី​មនុស្ស​​ទៅ​មនុស្ស​ឡើយ


រូបឯកសារ៖ អ្នក​ជំនាញ​សុខាភិបាល​កម្ពុជា​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត​ព្រៃវែង​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (AP/ក្រសួង​សុខាភិបាល​កម្ពុជា)
រូបឯកសារ៖ អ្នក​ជំនាញ​សុខាភិបាល​កម្ពុជា​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត​ព្រៃវែង​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ (AP/ក្រសួង​សុខាភិបាល​កម្ពុជា)

ក្រសួង​សុខាភិបាល​កម្ពុជាបានលើក​ឡើង​ថា​ ករណី​ជំងឺ​ផ្តាសាយ​បក្សី H5N1 ដែល​បានកើត​ឡើងនៅ​ក្នុង​ខេត្ត​ព្រៃវែង មិន​មែន​ជា​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២ ខែមីនា។

សេចក្តី​ប្រកាស​ព័ត៌មាននោះបាន​ឱ្យ​ដឹង​ថា៖ «ក្រសួង​សុខាភិបាល​ច្រានចោល​ទាំង​ស្រុង​នូវ​ការ​ចេញ​ផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ និង​មិនពិត​ បែប​ប្រឌិត​ ស្តី​ពី​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ H5N1ដែល​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រៃវែង​ នា​ពេល​កន្លង​ទៅ​នេះ​ថា​ ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស»។

ក្រសួង​សុខាភិបាល​បន្ថែម​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ២ ខែ​មីនា​ ឆ្នាំ​ ២០២៣ ក្រសួង​បាន​រក​ឃើញ​ករណី​ជំងឺ​ផ្តាសាយ​បក្សី​ H5N1ចំនួន​ពីរករណី​តែ​ប៉ុណ្ណោះ​ នៅ​ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្ត​ព្រៃវែង​ ដែល​កុមារី​អាយុ​ ១១ ឆ្នាំម្នាក់​ បាន​ស្លាប់​ ហើយ​ឪពុក​កុមារី​នោះ​បាន​ជា​សះ​ស្បើយ​ និង​បាន​ចេញ​ពី​មន្ទីរ​រួច​ហើយ។ ក្រសួង​សុខាភិបាលបានសន្និដ្ឋាន​ថា​ ករណី​វិជ្ជមាន​ផ្តាសាយបក្សី​ H5N1​ ​ពីរ​នាក់​ឪពុក​កូន​នេះ​ គឺ​ជា​ករណី​ដែល​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស ហើយមិន​មែន​ជា​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ។

ក្រសួង​ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណជន ព្រមទាំង​អ្នក​សារ​ព័ត៌មាន​ទាំង​អស់ កែ​តម្រូវ និង​ទទួល​ខុស​ត្រូវ​នូវ​រាល់​ការផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ ចៀស​វាង​ការ​ប្រឌិត​ ឬ​មិន​ត្រឹមត្រូវ។

គួរ​បញ្ជាក់​ថា ​ជំងឺ​ផ្តាសាយ​បក្សី ​H5N1 គឺជា​ជំងឺឆ្លង​ក្នុង​ចំណោម​ពពួក​បក្សី​ ឬ​សត្វ​ស្លាប តែ​អាច​មាន​ការ​ឆ្លង​ជំងឺ​នេះ​មក​លើ​មនុស្ស​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់​ធ្ងរ និង​មាន​អត្រា​ស្លាប់​ខ្ពស់​។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។

ក្រសួង​សុខាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ​ជំងឺផ្តាសាយ​បក្សី​នេះ​ចាប់ផ្តើម​កើត​មាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​ ២០០៥​ ដោយ​មាន​អ្នកឆ្លង​ជំងឺ​នេះ​សរុប​ចំនួន​ ៥៧ ​នាក់ ​ក្នុង​នោះ ៣៨​ នាក់​បាន​ស្លាប់៕

XS
SM
MD
LG