ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មណ្ឌល​ព្យាបាល​នៅ​ប្រទេស​ក្រីក្រ​ខ្វះ​អគ្គិសនី​ដែល​ទៀងទាត់


រូបឯកសារ៖ វេជ្ជបណ្ឌិត​ជនជាតិ​ន័រវេស​ម្នាក់​កំពុង​ព្យាបាល​ក្មេងស្រី​ប៉ាឡេស្ទីន​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Gaza ជា​កន្លែង​ដែល​អគ្គិសនី​ដាច់​ជាញឹកញាប់ ខណៈដែល​ម៉ាស៊ីនភ្លើង​ក្នុង​មន្ទីរពេទ្យ​មាន​សភាព​កាន់តែ​ចាស់។

របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​រួម​គ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ធនាគារ​ពិភពលោក និង​ទីភ្នាក់ងារ​ថាមពល​កកើត​ឡើង​វិញ​អន្តរជាតិ​កាលពី​ពេល​ថ្មីៗ​នេះ បាន​រកឃើញ​ថា ​អ្នក​ជំងឺ​ជិត​មួយ​ពាន់​លាន​នាក់​នៅ​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក​ទទួល​បាន​ការ​ព្យាបាល​សម្រាប់​អាការៈ​ជំងឺ​ដែល​ជា​រឿយៗ​ប៉ះពាល់​ដល់​អាយុ​ជីវិត​នៅ​តាម​មណ្ឌល​ព្យាបាល​ដែល​ខ្វះ​អគ្គិសនី​ប្រើប្រាស់។

មន្ត្រី​សុខាភិបាល​នានា​បាន​និយាយ​ថា លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​មណ្ឌល​ព្យាបាល​គឺ​ជា​កត្តា​សំខាន់​មួយ​ដែល​អាច​ឱ្យ​មណ្ឌល​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ​បាន។

អ្នកស្រី Heather Adair-Rohani ដែល​ជា​ប្រធាន​ស្តីទី​នៃ​អង្គភាព​គុណភាព​ខ្យល់ ថាមពល និង​សុខភាព​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា វា​ជា​ការ​សំខាន់​ដែល​មណ្ឌល​ព្យាបាល​មាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​អាច​ទុកចិត្ត​បាន​និង​មាន​ដំណើរការ​ជាប់​ជានិច្ច។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «សាក​ស្រមៃ​មើល​ពេល​យើង​ទៅ​ដល់​មណ្ឌល​ព្យាបាល​ដែល​មិន​មាន​អគ្គិសនី ដែល​ម៉ាស៊ីន​ផ្ដល់​កម្ដៅ​ដល់​ទារក​ទើប​នឹង​កើត​មិន​អាច​ដំណើរការ​បាន។ អគ្គិសនី​គឺ​សំខាន់​ដើម្បី​ឱ្យ​ឧបករណ៍​ពេទ្យ​អាច​ដំណើរការ​គ្រប់​ពេល​ទាំង​អស់។ នេះ​ជា​ចំណុច​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​ជា​រឿយៗ​ត្រូវ​បាន​គេ​មើល​រំលង ដែល​មណ្ឌល​ព្យាបាល​ត្រូវការ​យ៉ាង​ខ្លាំង​ដើម្បី​បន្ត​ផ្តល់​ការ​ថែទាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម»។

របាយការណ៍​នេះ​ដែល​មាន​ចំណង​ជើង​ថា «ប្រព័ន្ធ​សុខភាព​ដែល​មាន​ថាមភាព៖ ការ​បង្កើន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​មណ្ឌល​ព្យាបាល (Energizing Health: Accelerating Electricity Access in Health-Care Facilities)» បាន​លើកឡើង​ថា មណ្ឌល​ព្យាបាល​ច្រើន​ជាង​មួយ​ក្នុង​ចំណោម​មណ្ឌល​ព្យាបាល​ចំនួន ១០ នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង​និង​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក (Sub-Saharan Africa) ខ្វះ​អគ្គីសនី​ប្រើប្រាស់។

របាយការណ៍​នេះ​បាន​បន្ថែម​ថា អគ្គិសនី​គឺ​មិន​មាន​គ្រប់​ពេល​នោះ​ទេ​សម្រាប់​មណ្ឌល​ព្យាបាល​ពាក់​កណ្ដាល​ក្នុង​ចំណោម​មណ្ឌល​ព្យាបាល​ទាំង​អស់​នៅ​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ថា អគ្គិសនី​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ផ្តល់​ថាមពល​ដល់​ការ​ដំណើរការ​នៃ​ឧបករណ៍​គោល​នានា​ដូចជា អំពូល​ភ្លើង ទូ​ទឹកកក និង​ឧបករណ៍​វាស់វែង​សញ្ញា​សំខាន់ៗ​ដូចជា​សង្វាក់​បេះដូង​និង​សម្ពាធ​ឈាម​ជាដើម។

របាយការណ៍​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​បង្កើន​ការ​ផ្តល់​អគ្គិសនី​ដល់​មណ្ឌល​ព្យាបាល​គឺ​ជា​ការ​សំខាន់​ដើម្បី​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស។

អ្នកស្រី Adair-Rohani បាន​លើកឡើង​ថា វា​ជា​ការ​សំខាន់​ដើម្បី​រក្សា​ប្រព័ន្ធ​ទាំង​នេះ​នៅ​ពេល​ដែល​ប្រព័ន្ធ​ទាំង​នេះ​ត្រូវ​បាន​ដំឡើង​ឡើង​ដើម្បី​ធានា​ថា​វា​អាច​ទុកចិត្ត​បាន​និង​មាន​ដំណើរការ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ការ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ដែល​អាច​ទុកចិត្ត​បាន​នៅ​តាម​មណ្ឌល​ព្យាបាល​គឺ​ពិតជា​អាច​ធានា​នូវ​ភាព​ធន់​នៃ​មណ្ឌល​ព្យាបាល​ទាំង​នោះ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ឱ្យ​មណ្ឌល​ព្យាបាល​ទាំង​នោះ​អាច​ផ្តល់​សេវា​ថែទាំ​សុខភាព​នៅ​ក្នុង​ស្ថានការណ៍​ធ្ងន់ធ្ងរ​បំផុត​បាន និង​ផ្តល់​នូវ​ការ​ត្រៀម​លក្ខណៈ​សម្រាប់​គ្រា​អាសន្ន​នៅ​ពេល​ដែល​មាន​ព្យុះ​សង្ឃរា​ឬ​ក៏​ទឹក​ជំនន់​កើតឡើង​ដោយ​មណ្ឌល​ព្យាបាល​ទាំង​នោះ​នៅតែ​អាច​មាន​អគ្គិសនី​ខ្លះ​ដើម្បី​ផ្តល់​ការ​ព្យាបាល​ក្នុង​គ្រា​អាសន្ន​នៅ​ពេល​ដែល​ត្រូវការ»។

ក្រុម​អ្នក​និពន្ធ​នៃ​របាយការណ៍​នេះ​បាន​និយាយ​ថា ប្រព័ន្ធ​សុខាភិបាល​និង​មណ្ឌល​ព្យាបាល​នានា​បាន​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ពួកគេ​ថា ដំណោះស្រាយ​បែប​ថាមពល​កកើត​ឡើង​វិញ​ដែល​អាច​ចែកចាយ​បាន​ប្រកប​ដោយ​ចីរភាព​គឺ​មាន។ ជា​ឧទាហរណ៍ អ្នក​និពន្ធ​ទាំង​នោះ​បាន​កត់​សម្គាល់​ថា ប្រព័ន្ធ​ស្រូប​ថាមពល​ព្រះ​អាទិត្យ​គឺ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ការ​ចំណាយ និង​ជា​ថាមពល​ស្អាត​ដែល​អាច​ដំឡើង​បាន​ភ្លាមៗ​នៅ​នឹង​កន្លែង​ផ្ទាល់​តែ​ម្ដង។

អ្នក​និពន្ធ​ទាំង​នេះ​បាន​បន្ថែម​ថា ការ​ស្ថាបនា​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ធន់​នឹង​អាកាសធាតុ​អាច​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​បាន ហើយ​ស្រប​ពេល​នោះ​ដែរ​ធានា​បាន​នូវ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព៕

XS
SM
MD
LG