អ្នកជំនាញខាងផ្នែកវ៉ាក់សាំងមួយចំនួនរបស់អង្គការសុខភាពពិភពលោក(WHO)បានលើកឡើងនៅថ្ងៃពុធនេះថា ការវិភាគជាបណ្តោះអាសន្នមួយ ទៅលើទិន្នន័យពិសោធន៍របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួនពីរប្រភេទរបស់ចិន គឺវ៉ាក់សាំង Sinovac និង Sinopharm បានបង្ហាញថាវ៉ាក់សាំងទាំងពីរប្រភេទនេះ«មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ» ប៉ុន្តែទិន្នន័យនៅមានការខ្វះខាតនៅឡើយ។
«វ៉ាក់សាំងបង្ការទាំងពីរប្រភេទនេះ បានបង្ហាញពីសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ក្នុងការការពារជំងឺកូវីដ១៩ ប៉ុន្តែវ៉ាក់សាំងទាំងពីរនេះ នៅខ្វះខាតទិន្នន័យបញ្ជាក់ពីក្រុមមនុស្សដែលមានអាយុច្រើននិងមនុស្សដែលមានបញ្ហាជំងឺផ្សេងៗ»។ នេះបើតាមការបញ្ជាក់របស់ក្រុមជំនាញប្រឹក្សាយុទ្ធសាស្រ្តថ្នាំបង្ការបស់អង្គការសុខភាពពិភពលោក បន្ទាប់ពីក្រុមហ៊ុនចិន Sinovac និង Sinopharm បានដាក់ពាក្យសុំចុះបញ្ជីក្នុងការប្រើប្រាស់ក្នុងគ្រាបន្ទាន់ ពីអង្គការសុខភាពពិភពលោក៕