ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេស៊ីល​ផ្អាក​ការ​សាកល្បង​ដំណាក់​កាល​ចុង​ក្រោយ​​នូវ​វ៉ាក់សាំង​​​កូវីដ​១៩​ របស់​ចិន


រូបឯកសារ៖ បុរស​ម្នាក់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​​វេចខ្ចប់​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Sinovac Biotech របស់​ចិន ដែល​កំពុង​ផលិត​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​​វេចខ្ចប់​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Sinovac Biotech របស់​ចិន ដែល​កំពុង​ផលិត​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ប៉ុន្មាន​ម៉ោង​ក្រោយ​មាន​ព័ត៌មានល្អ​កាល​ពី​ថ្ងៃ​ចន្ទ​ ជុំវិញការ​រក​ឃើញ​វ៉ាក់សាំង​សាកល្បងជំងឺ​កូវីដ​១៩ ដែល​មានសុវត្ថិភាពនិង​ប្រសិទ្ធភាព​នោះ​ ប្រទេស​ប្រេស៊ីល​បានប្រកាស​បញ្ឈប់ការ​សាកល្បង​ដំណាក់កាល​ចុង​ក្រោយនៃ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ ដែល​មាន​សក្តានុពល​មួយ។​ ​

ទី​ភ្នាក់ងារត្រួត​ពិនិត្យ​សុខាភិបាល​របស់​រដ្ឋាភិបាល​ប្រេស៊ីល ​បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ ​ថាខ្លួន​បាន​ផ្អាក​ការ​ធ្វើ​តេស្ត​វ៉ាក់សាំងសាកល្បង​ដែល​មាន​ ឈ្មោះ​ថា​ CoronaVac​ ដែល​ត្រូវ​ស្រាវជ្រាវ​ផលិតដោយ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac បន្ទាប់​ពី​មាន​«ហេតុការណ៍​ធ្ងន់​ធ្ងរ​មួយ» បាន​កើត​មាន​ឡើង​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្តទទួល​វ៉ាក់សាំងម្នាក់​ កាល​ពី​ថ្ងៃទី​២៩​ ខែ​តុលា។​

ការធ្វើ​តេស្ត​វ៉ាក់សាំងកូវីដ​១៩​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ Butantan ដែល​មាន​មូលដ្ឋាន​ក្នុង​ទី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។​ លោក Dimas Covas នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ Butantan ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នោះ​ បានថ្លែង​បា្រប់​ស្ថានីយ៍​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា​ អ្នក​ស្ម័គ្រចិត្តរូប​នោះ​បាន​ស្លាប់ ប៉ុន្តែ​ការ​ស្លាប់​របស់​គាត់​ មិន​មែន​បណ្តាល​មក​ពី​វ៉ាក់សាំង​នោះទេ។​

វ៉ាក់សាំងរបស់​ក្រុមហ៊ុន​ Sinovac ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ទី​៣​ហើយ ដែល​ត្រូវ​បាន​ផ្អាក​ បន្ទាប់​ពី​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​ទទួល​វ៉ាក់សាំង​នោះ។ កន្លង​មកក្រុមហ៊ុន​ឱសថ​អាមេរិក​ដ៏​ធំ​មួយ​គឺ Johnson & Johnson ក៏​បាន​ផ្អាក​ដំណើរការ​សាកល្បងវ៉ាក់សាំង​របស់​ខ្លួនក្នុង​ដំណាក់​កាល​ចុង​ក្រោយដែរ កាល​ពីខែ​មុន​ ខណៈ​ពេល​ដែលក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ទៀតរបស់អាមេរិក​គឺ​ AstraZeneca ​បាន​ផ្អាកដំណើរការ​សាក​ល្បង​វ៉ាក់សាំង​ ដែលខ្លួន​បាន​សហការ​ផលិត​ជាមួយសាកលវិទ្យាល័យ Oxford ប្រទេស​អង់គ្លេស​កាល​ពី​ខែ​កញ្ញា​ បន្ទាប់​ពី​អ្នកស្ម័គ្រចិត្ត​ជនជាតិ​អង់គ្លេស​ម្នាក់ ចេញរោគសញ្ញា​រលាកឆ្អឹង​ខ្នង​មក។​

នៅ​មុន​ព័ត៌មាន​ពី​ប្រេស៊ីល​នោះ មាន​ព័ត៌មាន​ល្អ​មួយកាល​ពី​ថ្ងៃ​ច័ន្ទពី​ភ្នាក់ងារ​ស្បៀង​អាហារ​និង​ឱសថ​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា FDA ដែល​បាន​អនុញ្ញាតចំពោះ​ការ​ប្រើប្រាស់​ក្នុង​គ្រា​សង្គ្រោះបន្ទាន់​នូវ​ថ្នាំមាន​អង់ទីគ័រ​ដំបូង​ដែល​មាន​ឈ្មោះ​ថា bamlanivimab ចំពោះ​អ្នក​ជំងឺ​កូវីដ១៩ ដែល​ឈឺ​កម្រិត​ខ្សោយ ​និង​មធ្យម។

នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​នេះ​មាន​ការផ្ទុះ​រាតត្បាត​ជា​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជា​ពិសេស​នៅ​ទ្វីប​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ដែល​ចូល​ដល់​រដូវ​ត្រជាក់​ ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ ជំងឺ​កូវីដ១៩​ បាន​ឆ្លង​ដល់​មនុស្សជាង​៥០​លាន​នាក់ សម្លាប់​មនុស្ស​ជាង​១,២​លាន​នាក់ និងមាន​អ្នក​ជាសះស្បើយ​ប្រមាណ​៣៣​លាន​នាក់៕

XS
SM
MD
LG