ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាណាដា​ និង​អូស្ត្រាលី​ ​ចាត់​វិធានការ​រឹតបន្តឹង​ជំងឺកូវីដ១៩​លើ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន


អ្នក​ដំណើរ​ដែល​មក​ពី​ប្រទេស​ចិន​ឈរ​រង់ចាំ​ធ្វើ​តេស្ត​កូវីដ១៩ នៅ​​អាកាសយានដ្ឋាន Roissy Charles de Gaulle ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣។

ប្រទេស​អូស្ត្រាលី​និងកាណាដា​បាន​ចូល​រួម​ជា​មួយ​ប្រទេស​ជា​ច្រើន​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឱ្យអ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ទាំង​អស់ត្រូវ​ធ្វើ​តេស្ត​រកជំងឺកូវីដ១៩​ជា​មុន​សិន មុន​ពេល​ឡើង​យន្តហោះ ខណៈពេល​ដែល​ចិន​កំពុង​ប្រយុទ្ធ​ទប់ទល់នឹងការផ្ទុះនៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩បន្ទាប់ពី​ខ្លួន​បានបន្ធូរបន្ថយ​ការ​រឹតបន្តឹង ភ្លាមៗដែល​បាន​អនុវត្ត​ក្នុង​អំឡុង​ពេលភាគ​ច្រើន​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAP។

ក្រុម​អាជ្ញាធរ​សុខាភិបាលអូស្ត្រាលីនិយាយកាល​ពី​ថ្ងៃអាទិត្យ​ថា​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មករា​ ឆ្នាំ​២០២៣​នេះ​តទៅ​ គ្រប់អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ចិន​ដីគោក ទីក្រុង​ហុងកុង​ និង​ម៉ាកាវ​ នឹង​ត្រូវ​បង្ហាញ​លិខិត​ធ្វើ​តេស្តថា​គ្មាន​ជំងឺ​កូវីដ១៩ដែល​ធ្វើ​ឡើង២​ថ្ងៃ​មុន​ការ​ចេញ​ដំណើររបស់​ពួក​គេ។

ដោយ​ឡែក​ប្រទេស​កាណាដាវិញ​ក៏​បាន​ប្រកាស​វិធានការប្រហាក់​ប្រហែល​គ្នា​នេះ​ផង​ដែរដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​៥ ខែ​មករា​ខាង​មុខនេះ​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍មួយ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

ប្រទេស​អូស្ត្រាលីនិង​កាណាដា​បាន​ចូល​រួម​ជា​មួយ​ប្រទេស​ដទៃ​ផ្សេងទៀត​ ដូច​ជា​ ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ឥណ្ឌា​ ជប៉ុន​និងប្រទេសជា​ច្រើនក្នុង​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ដាក់​វិធានការកូវីដ១៩ខ្លាំង​ជាង​មុន​ទៅ​លើ​អ្នក​ដំណើរមក​ពី​ប្រទេស​ចិន​ ដោយការបារម្ភជុំវិញការខ្វះ​ទិន្នន័យ​នៃ​ការ​ឆ្លងជំងឺនេះនៅ​ក្នុង​ប្រទេស​ចិន​ ​និង​ការ​ភ័យ​ខ្លាចដែល​ថា​ ​លទ្ធភាព​នៃ​វីរុស​បំប្លែងខ្លួនថ្មីនៃ​ជំងឺ​នេះ​អាច​នឹង​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត។

អាជ្ញាធរ​ចិននិយាយក្នុង​ពេល​កន្លង​ទៅ​ថា​ ចាប់​ពី​ថ្ងៃ​ទី​៨ ខែ​មករា​នេះ​តទៅអ្នកធ្វើ​ដំណើរ​មកពី​ក្រៅ​ប្រទេស នឹង​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័កទៀត​នោះ​ឡើយ នៅ​ពេល​មក​ដល់​ប្រទេស​ចិន​នោះ​ ​ដែល​នេះ​នឹង​បើក​ផ្លូវ​ដល់​ជន​ជាតិ​ចិន​ជា​ច្រើន​អ្នក​ផង​ដែរ ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស៕

XS
SM
MD
LG