ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មួយ​ចំនួន​ចាប់ផ្ដើម​បើក​ឡើង​វិញ​បណ្ដើរៗ ក្រោយ​ពី​បិទ​ដោយសារ​ជំងឺ​កូវីដ ១៩


អ្នក​ដំណើរ​កំពុង​ទៅ​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ​នៅ​អាកាសយានដ្ឋាន​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

ប្រទេស​មួយ​ចំនួន​កំពុង​ចាត់​វិធានការ​ដោយ​ប្រយ័ត្នប្រយែង​ជា​បណ្ដើរៗ​នៅ​ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ បន្ទាប់ពី​បិទ​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

អាជ្ញាធរ​អាល្លឺម៉ង់​អនុញ្ញាត​ឲ្យ​ហាង​តូចៗ​មួយ​ចំនួន​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​នៅតែ​អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​គ្នា។

ប្រទេស​ស្រីលង្កា​បាន​ដក​បម្រាម​គោចរ​ចេញ​ពី​ផ្នែក​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស ដោយ​មាន​គម្រោង​បន្ធូរបន្ថយ​បម្រាម​នេះ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។

សិស្ស​សាលា​នៅ​ប្រទេស​ន័រវេស​បាន​ត្រឡប់​ចូល​រៀន​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ចំណែក​ឯ​សិស្ស​នៅ​ប្រទេស​ដាណាម៉ាក​គ្រោង​នឹង​ចូល​រៀន​វិញ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ។

អាជ្ញាធរ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ប្រយ័ត្នប្រយែង បន្ទាប់ពី​បាន​ដក​វិធានការ​បិទ​ការ​ដើរ​ហើរ​មួយ​ចំនួន​ចេញ ដោយសារតែ​ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ នៅ​បន្ត​ធ្លាក់​ចុះ។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា​នឹង​ចាប់ផ្ដើម​បន្ធូរបន្ថយ​បម្រាម​បិទ​ការ​ដើរហើរ​នៅ​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា​ខាង​មុខ។

កន្លែង​អាជីវកម្ម និង​សាលារៀន​នៅ​ផ្នែក​ភាគ​ច្រើន​នៃ​សហរដ្ឋ​អាមេរិក​នៅតែ​បិទ​នៅឡើយ ដោយ​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​អភិបាល​រដ្ឋ និង​បទ​បញ្ជា​ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្ទះ និង​ជៀសវាង​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សង្គម​កាន់តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​បញ្ជាក់​ថា លោក​មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​គម្រោង​របស់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​បម្រាម ប៉ុន្តែ​លោក​ថា វា សំខាន់​ណាស់​ដែល​វិធានការ​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់កាល»៕

XS
SM
MD
LG