ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​អ៊ីតាលី​មួយ​ប្រញាប់​ប្រញាល់​ផលិត​ថ្នាំ​វ៉ាក់សាំង​មួយ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩


មនុស្សម្នា​ឈរ​តម្រង់​ជួរ​រង់ចាំ​ចូល​ផ្សារ​ទំនើប Esselunga នៅ​ជាយ​ក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២០។

លោក ​Matteo Liguori ​បាន​និយាយ​ថា ​មាន​ការ​រំពឹង​ថា​មិន​ហួស​ពីខែ​កញ្ញា​ទេ ​ការ​ធ្វើ​តេស្ត​សាកល្បង​ឱសថ​នេះ​នឹង​ចប់ ហើយ​ថ្នាំ​នេះ​នឹង​មាន​ប្រើ​ជា​ដំបូង​សម្រាប់​​បុគ្គលិក​​សុខាភិបាល។​

ក្រុមហ៊ុន​អ៊ីតាលី​ឈ្មោះ​ Advent SRL ​ដែល​ផលិត​ឱសថ​ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរបាន​និយាយ​ថា​ ខ្លួន​នឹង​មាន​ថ្នាំ​វ៉ាក់សាំង​ដំបូងៗ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​ដំណាច​ខែ​មេសា។ ​ការ​សាកល្បង​វ៉ាក់​សាំង​នេះ​យ៉ាង​រហ័ស​ក្នុង​គ្លីនិក​នឹង​ធ្វើ​ដោយ​វិទ្យាស្ថាន ​Jenner ​នៃ​សាកលវិទ្យាល័យ​Oxford ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។​

នៅ​ពេល​មនុស្ស​ច្រើន​នាក់​បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោក​ដោយ​សារ​ជំងឺ​កូវីដ១៩ ​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​ប្រញាប់​ប្រញាល់​រក​វ៉ាក់សាំង​ដើម្បី​ទប់ទល់​នឹង​ជំងឺ​នេះ។​ នៅ​ពេល​នេះ​វ៉ាក់សាំង​មួយ​ក្នុង​បណ្តា​វ៉ាក់សាំង​ប្រាំ​ឈាន​មុខ​គេ​កំពុង​ត្រូវ​បាន​ផលិត​មាន​ឈ្មោះ​ថា ChAdOx-1nCov-19 ហើយ​ត្រូវរំពឹង​ថា​នឹង​ប្រុង​ប្រៀប​សម្រាប់​ការសាកល្បង​ខាង​គ្លីនិក​នៅ​ក្នុង​ពីរ​សប្តាហ៍​ខាង​មុខ។​

ការ​បណ្តុះ​វ៉ាក់​សាំង​នេះ​ធ្វើ​ដោយ​វិទ្យាស្ថាន​ Jenner ​នៃ​សាកលវិទ្យាល័យ​ Oxford។​ ការ​បណ្តុះ​វីរុស​នេះ​បាន​ផ្ទេរ​ទៅ​ក្រុមហ៊ុន​ផលិត​ឱសថ​អ៊ីតាលី​ឈ្មោះ ​Advent SRL​ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម ​IRBM ដែល​កំពុង​ផលិត​វ៉ាក់សាំង​នេះ​ដំបូង​ចំនួន​មួយ​ពាន់​កូន​ដប​តូចៗ។​

លោក ​Matteo Liguori ​ជា​នាយក​ផ្នែក​ចាត់ចែង​កិច្ចការ​នៃ​ក្រុម​ហ៊ុន​ IRBM។​ លោក​និយាយ​ថា​គម្រោង​ការ​នេះ​របស់​វិទ្យាស្ថាន ​Jenner​ មាន​ទាក់ទិន​នឹង​ការ​ចម្លង​ spike protein ​ឬ​បន្លា​ប្រូតេអ៊ីន​ដែល​ជា​បន្លា​នៃ​មេរោគ​កូរ៉ូណា​កូវីដ១៩​ចេញ​ពី​ប្រូតេអ៊ីន។​ កាល​ពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​ DNA​ នៃ​ប្រូតេអ៊ីន​នេះពី​វិទ្យាស្ថាន​អង់គ្លេស​នេះ​ ហើយ​នៅ​ពេល​នេះ​កំពុង​ធ្វើការ​ដើម្បី​បញ្ចូល​វា​ទៅ​ក្នុង​សម្ព័ន្ធ​មេរោគ​ដែល​ក្រុម​ហ៊ុន​លោក​បាន​បង្កើត​ឡើង។​

លោក ​Matteo Liguori ​បាន​និយាយ​បន្ថែម​ថា​សម្ព័ន្ធ​មេរោគ​នឹង​ធ្វើ​ជា​ភ្នាក់ងារ​ចម្លង​ដើម្បី​ធ្វើ​ឱ្យ​ spike protein ​បន្លា​ប្រូតេអ៊ីន​មាន​ច្រើន​នៅ​ក្នុង​រាង​កាយ​មនុស្ស​ដែល​តាម​វិធី​នេះ​នឹង​បង្កើត​អង្គ​បដិបក្ខ​ក្នុង​ខ្លួន​ដើម្បី​ការពារ​រាង​កាយ​មនុស្ស​ពី​មេរោគ​កូវីដ១៩។​

លោក​ Matteo Liguori ​និយាយ​ថា៖​ «យើង​ផលិត​ថ្នាំ​នេះ​ដាក់​ក្នុង​កូន​ដប​តូចៗ។​ យើង​នឹង​បញ្ជូន​ឱសថ​ក្នុង​កូន​ដប​តូចៗ​ទាំង​នេះ​ទៅ​កាន់​វិទ្យាស្ថាន ​Jenner​ ដើម្បី​ឱ្យ​ពួក​គេ​ធ្វើ​ការ​សាកល្បង​ថ្នាំ​វ៉ាក់សាំង​នេះ​លើ​មនុស្ស​ ប្រមូល​ទិន្នន័យ​និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ថា​តើ​ថ្នាំ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធ​ភាព​ត្រឹម​ត្រូវ​ឬ​ទេ»។​

វិទ្យាស្ថាន ​Jenner ​បាន​ប្រើ​ថ្នាំ​វ៉ាក់សាំង​សាកល្បង​មួយ​ដើម្បី​ការពារ​មនុស្ស​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​មួយ​ទៀត​គឺ​មេរោគ​នៃ​ជំងឺ​ MERS ​ដែល​នៅ​ក្នុង​ការ​សាកល្បង​ខាង​ គ្លីនិក​ដំបូង​បាន​ជំរុញ​ឱ្យ​មនុស្ស​មាន​ភាព​ស៊ាំ​ខ្លាំង​ប្រឆាំង​នឹង​ជំងឺ​ MERS​ នៅ​ក្រោយ​ប្រើ​តែ​មួយ​ដូស​ (dose)។​

នៅ​ពេល​ណា​វិទ្យាស្ថាន​ Jenner ​ទទួល​ថ្នាំ​វ៉ាក់សាំង​នេះ​ពី​ប្រទេស​អ៊ីតាលី​វិទ្យាស្ថាន​ Jenner ​នឹង​ធ្វើ​ការ​សាកល្បង​ខាង​គ្លីនិក​លើ​អ្នក​ស្ម័គ្រចិត្ត​ជន​អង់គ្លេស​ចំនួន​៥១០​នាក់​ដែល​ជា​មនុស្ស​ពេញ​វ័យ​មាន​អាយុពី​១៨​ឆ្នាំ​ទៅ​៥៥​ឆ្នាំ។​

លោក ​Matteo Liguori ​បាន​និយាយ​ថា ​មាន​ការ​រំពឹង​ថា​មិន​ហួស​ពីខែ​កញ្ញា​ទេ ​ការ​ធ្វើ​តេស្ត​សាកល្បង​ឱសថ​នេះ​នឹង​ចប់ ហើយ​ថ្នាំ​នេះ​នឹង​មាន​ប្រើ​ជា​ដំបូង​សម្រាប់បុគ្គលិកសុខាភិបាល។​

លោក ​Liguori ​បាន​ថ្លែង​ថា៖​ «ដោយសារ​មាន​ភាព​បន្ទាន់​ យើង​យល់​ឃើញ​ថា​ ជា​ការ​មាន​ប្រយោជន៍​ខ្លាំង​ដែល​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​វ៉ាក់​សាំង​មួយ​ដែល​យើង​រំពឹង​ថា ​ការ​សិក្សា​ស្រាវជ្រាវ​ខាង​ គ្លីនិក​នឹង​ធ្វើ​បាន​លឿន​ជាង​នៅ​ក្នុង​ស្ថានភាព​ឯ​ទៀតៗ»។​

លោក ​ Liguori ​បាន​និយាយ​ថា​មាន​អ្នក​វិទ្យាសាស្ត្រ​ប្រមាណ​២០០​នាក់​មក​ពី​ប្រទេស​មួយ​ចំនួន​ធ្វើការ​ពេញ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​ក្រុម​ហ៊ុន​លោក​នៅ​Pomezia ​នៅ​ខាងក្រៅ​ក្រុង ​Rome ​ដើម្បី​ធ្វើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន។​ អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ក្នុង​បណ្តា​អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះ​មាន​ទាក់ទិន​នឹង​ការ​ធ្វើ​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ ​Ebola ​កាល​ពី​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៥៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG