អង្គការសុខភាពពិភពលោក WHO កំពុងអំពាវនាវឱ្យចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ការអនុវត្តការថែទាំសុខភាពមិនល្អ ដែលបណ្តាលឲ្យអ្នកជំងឺរាប់លាននាក់នៅជុំវិញពិភពលោក បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ នេះ ជាការរកឃើញនៃរបាយការណ៍ដែលចេញដោយអង្គការសុខភាពពិភពលោក នៅមុនទិវាសុវត្ថិភាពអ្នកជំងឺពិភពលោកលើកទី ១ នៅថ្ងៃទី ១៧ ខែកញ្ញា។
អ្នកដែលធ្លាក់ខ្លួនឈឺទៅជួបគ្រូពេទ្យ ឬ ចុះឈ្មោះចូលព្យាបាលនៅមន្ទីរពេទ្យដោយរំពឹងថា នឹងទទួលបានការព្យាបាលដែលនឹងព្យាបាលពួកគេ។ ជាអកុសល ក្នុងករណីជាច្រើនការព្យាបាលដែលពួកគេបានទទួល បែរជាសម្លាប់ពួកគេទៅវិញ។
អង្គការសុខភាពពិភពលោករាយការណ៍ថា នៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អ្នកជំងឺម្នាក់ក្នុងចំណោម ១០ នាក់ ប្រឈមនឹងគ្រោះថ្នាក់នេះ។ របាយការណ៍របស់អង្គការសុខភាពពិភពលោកថា អ្នកជំងឺចំនួន ១៣៤ លាននាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រឈមនឹងគ្រោះថ្នាក់ ដោយសារតែការថែទាំគ្មានសុវត្ថិភាព ដែលនាំឱ្យចំនួនមនុស្សស្លាប់មានដល់ ២លាន ៦ សែននាក់ជារៀងរាល់ឆ្នាំ។ អង្គការសុខភាពពិភពលោកកត់សម្គាល់ឃើញថា ការស្លាប់ទាំងនេះភាគច្រើនគឺអាចបញ្ជៀសបាន។
អ្នកស្រី Neelam Dhingra-Kuram គឺជាអ្នកសម្របសម្រួលអង្គការសុខភាពពិភពលោកដែលទទួលបន្ទុកខាងការគ្រប់គ្រងសុវត្ថិភាពអ្នកជំងឺ និងគ្រប់គ្រងហានិភ័យ។ អ្នកស្រីថ្លែងថា គ្រោះថ្នាក់កើតឡើងភាគច្រើនដោយសារតែការធ្វើរោគវិនិច្ឆ័យខុស ការចេញវេជ្ជបញ្ជាខុស ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ការវះកាត់មិនត្រឹមត្រូវ និងការឆ្លងមេរោគដោយសារតែការថែទាំសុខភាពមិនបានល្អ។
អ្នកស្រី Neelam Dhingra-Kuram ថ្លែងថា៖
«ក៏ប៉ុន្តែ មូលហេតុចំបងនៃគ្រោះថ្នាក់នេះគឺថា នៅក្នុង មណ្ឌលថែទាំសុខភាព ក៏ដូចជានៅក្នុងប្រព័ន្ធថែទាំសុខភាព មានការខ្វះនូវវប្បធម៌មួយដែលគិតដល់សុវត្ថិភាពរបស់អ្នកជំងឺ។ ហើយនោះមានន័យថា ការដឹកនាំមិនមានភាពរឹងមាំទេ…ហើយនឹងខ្វះការទាក់ទងគ្នាដោយបើកចំហរ ខ្វះប្រព័ន្ធដើម្បីរៀនពីកំហុស និងបញ្ហាបច្ចេកទេស។ ដូច្នេះ ឧបមាថា មានកំហុសកើតឡើង ហើយគ្រោះថ្នាក់កើតឡើង បើសិនជាអ្នកមិនរៀនពីវាទេ វាគឺជាការបាត់បង់ឱកាស»។
អ្នកស្រី Dhingra-Kuram ថ្លែងទៀតថា ប្រព័ន្ធមួយដែលមានទំនាក់ទំនងបើកចំហរ ត្រូវតែបង្កើតឡើង ដែលបុគ្គលិកថែទាំសុខភាពត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍អំពីកំហុស ហើយមិនខ្លាចនឹងត្រូវបន្ទោសចំពោះការរាយការណ៍អំពីកំហុសនោះ។
ក្រៅពីការបាត់បង់អាយុជីវិតនិងសោកនាដកម្មដែលអាចបញ្ជៀសបាននេះ អង្គការសុខភាពពិភពលោករាយការណ៍ថា គ្រោះថ្នាក់ចំពោះអ្នកជំងឺនេះ ធ្វើឱ្យខាតបង់ផ្នែកសេដ្ឋកិច្ចរាប់ពាន់លានដុល្លារនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ។ កំហុសដែលទាក់ទងនឹងថ្នាំតែម្យ៉ាងប៉ុណ្ណោះ មានតម្លៃប្រហែលជា ៤២ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។
ម៉្យាងវិញទៀតអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការសិក្សាមួយនៅសហរដ្ឋអាមេរិកបានរកឃើញថា ការកែលំអសុវត្ថិភាពក្នុងការថែទាំអ្នកជំងឺ អាចសន្សំថវិកាចំនួនប្រមាណជា ២៨ ពាន់លានដុល្លារនៅក្នុងមន្ទីរពេទ្យនានា នៅចន្លោះឆ្នាំ ២០១០ និង ២០១៥៕
ប្រែសម្រួលដោយ អ្នកស្រី លី ម៉ូរីវ៉ាន់