ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការឆ្លងរាលដាល​ជំងឺ​កញ្ជ្រិល​នៅ​ទូទាំង​សកលលោក​ធ្វើ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ប្រឈម​នឹង​ហានិភ័យ


រូបឯកសារ៖​ ផ្ទាំងប្រកាសឲ្យមានការប្រុងប្រយ័ត្នពីជំងឺកញ្រ្ជិលនៅមណ្ឌលព្យាបាលមួយក្នុងក្រុង Seatte រដ្ឋ Washington កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅ​ឆ្នាំ​នេះ​ អង្គការ WHO រាយការណ៍​ថា​ ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​បាន​កើនឡើង​៩០០ភាគរយ​នៅ​តំបន់​អាហ្វ្រិក ២៣០ភាគរយ​នៅ​តំបន់​ប៉ាស៊ីហ្វីក​ខាងលិច ​និង១២០​ភាគរយ​នៅ​តំបន់​អឺរ៉ុប។

អង្គការសុខភាព​ពិភពលោក WHO ព្រមាន​អំពី​ការ​ផ្ទុះ​ឆ្លងរាលដាលជំងឺកញ្ជ្រិលយ៉ាង​
ឆាប់​រហ័សនៅ​ជុំវិញពិភពលោក ដោយសារ​តែ​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​បាន​ចាក់​ថ្នាំ​វ៉ាក់ស៊ាំង​បង្ការ​ជំងឺ​ដែល​អាច​ទប់ស្កាត់​បាន​នេះ។

ទីភ្នាក់ងារ​សុខភាព​អង្គការ​សហប្រជាជាតិ​រាយការណ៍​ថា​ ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈពេល​៦ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​ មាន​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ២០០៦មក។ មក​ទល់​នឹង​ពេល​នេះ​ ទីភ្នាក់ងារ​នេះ​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​ដល់​ទៅ៣៦៥.០០០ករណី​ គឺ​ច្រើន​ជាង​ជិត​បីដង​បើ​ធៀប​នឹង​ចំនួន​ករណី​ឆ្លងកាល​ពី​ឆ្នាំ​មុន។ ទីភ្នាក់ងារ​នេះ​បាន​គត់​សម្គាល់​ឃើញ​ថា​ ចំនួន​ករណី​ឆ្លង​ជាក់ស្តែង​ច្រើន​ជាង​ចំនួន​ដែល​បាន​រាយការណ៍​ ដោយសារ​តែ​ក្នុង​ចំណោម​ករណី​ឆ្លង​ជាក់ស្តែង ១០នាក់ មាន​ករណី​ឆ្លង​តិច​ជាង​មួយ​ត្រូវ​បាន​គេរាយការណ៍។​

នៅ​ឆ្នាំ​នេះ​ អង្គការ WHO រាយការណ៍​ថា​ ករណី​ឆ្លង​ជំងឺ​កញ្ជ្រិល​បាន​កើនឡើង​៩០០ភាគរយ​នៅ​តំបន់​អាហ្វ្រិក ២៣០ភាគរយ​នៅ​តំបន់​ប៉ាស៊ីហ្វីក​ខាងលិច ​និង១២០​ភាគរយ​នៅ​តំបន់​អឺរ៉ុប។

មាន​តែ​តំបន់​អាស៊ីអាគ្នេយ៍​ និង​តំបន់​អាមេរិក​ប៉ុណ្ណោះ​ ដែល​ហាក់​ដូចជា ​បង្ហាញ​សញ្ញា​ថា ​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន។ តួលេខ​ឆ្លង​នៅក្នុង​តំបន់​ទាំងពីរ​នេះ​បាន​ធ្លាក់​ចុះ ១៥​ភាគរយ។ អង្គការ WHO បាន​កត់សម្គាល់​ឃើញ​ថា​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ប្រទេសម៉ាដាហ្គាស្កា​ និងអ៊ុយក្រែន​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ខ្ពស់​បំផុត​នៅក្នុង​ឆ្នាំ​នេះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អង្គការ WHO លោក Christian Lindmeier បាន​ថ្លែង​ថា​ ប្រទេស​ម៉ាដាហ្គាស្កា​កំពុង​វិវត្តទៅ​រក​ភាពប្រសើរឡើង។

លោក Lindmeier បាន​ថ្លែង​ដូច្នេះ​ថា៖ «មូលហេតុ​ដែល​បណ្តាល​ឲ្យ​មា​ន​ដំណឹង​ល្អ​នេះ​ គឺ​ដោយសារ​តែ​មាន​យុទ្ធនាការ​ចាក់​ថ្នាំវ៉ាក់ស៊ាំង​បន្ទាន់​នៅ​ទូទាំង​ប្រទេស។ ករណី​ឆ្លង​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្កា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ជាច្រើន​ខែ​មក​នេះ។ ម៉ាដាហ្គាស្កា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ខ្ពស់​បំផុត។ ជាថ្មីម្តង​ទៀត ​ការណ៍​នេះ​បាន​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ថ្នាំវ៉ាក់ស៊ាំង​នៅក្នុង​ការបញ្ចប់​ការឆ្លងរាលដាល​និង​វិធីបង្ការ​សុខភាព»។

អង្គការ WHO បាន​ឲ្យ​ដឹងថា​ ជំងឺកញ្ជ្រិល​គឺ​ជា​ជំងឺ​ដែល​ងាយ​នឹង​ទប់ស្កាត់​បាន​ស្ទើរ​តែ​ទាំងស្រុង​ តាមរយៈ​ការប្រើ​ថ្នាំវ៉ាក់ស៊ាំង​ដែល​មាន​សុវត្ថិភាព​ឲ្យ​បាន​ពីរដូស​ ដែល​ជា​វ៉ាក់ស៊ាំង​មាន​ប្រសិទ្ធភាព​ខ្ពស់។ អង្គការ​នេះ​បាន​ព្រមាន​ថា ​សម្រាប់​អ្នក​ដែល​មិន​បាន​ចាក់ថ្នាំ​វ៉ាក់សុំាំង​ការពារ​ជំងឺកញ្ជ្រិល​ ប្រឈម​នឹង​ជំងឺធ្ងន់ធ្ងរ​ ពិការភាព​ និង​អាច​ដល់​ស្លាប់​បាត់បង់​ជីវិត។

លោក Lindmeier បាន​និយាយ​បន្ថែម​ទៀត​ថា ​អ្នក​ដែល​មិន​បាន​ចាក់ថ្នាំ​វ៉ាក់ស៊ាំងគឺ​ដោយ​សារមូលហេតុ​មួយ​ចំនួន។ លោក​បាន​ថ្លែង​បន្ត​ថា ​យើង​មិន​អាច​បន្ទោស​តែ​លើ​មូលហេតុ​បង្ក​តែ​មួយ​មុខ​បាន​ទេ។ ជា​ឧទាហរណ៍​ លោក​បាន​ថ្លែង​ថា​ ចលនា​ប្រឆាំង​នឹង​ថ្នាំវ៉ាក់ស៊ាំង​ និង​ការផ្តល់​ព័ត៌មាន​មិនត្រឹមត្រូវ​ បាន​ផ្តល់​ផល​ប៉ះពាល់​ធំ​នៅក្នុង​សហគមន៍​ និង​ក្នុង​ប្រទេស​មួយ​ចំនួន​ ប៉ុន្តែ​មិន​បាន​ប៉ះពាល់​ដល់កន្លែង​ផ្សេងទៀតទេ។

លោក Lindmeier បាន​ថ្លែង​ដូចនេះ​ថា៖ «អ្វី​ដែល​សំខាន់​ជាងនេះ​ គឺ​ក៏​ដោយសារ​តែ​កត្តា​មួយ​ចំនួន​ ដូចជា​ការទទួល​បាន​សេវា​ថែ​ទាំសុខភាព​ ការ​ទទួល​បាន​ថ្នាំពេទ្យ​ គុណភាព​វិស័យ​សុខាភិបាល​ និង​ការ​រក​បាន​សេវា​ទាំងនេះ​នៅក្នុង​សហគមន៍​ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជម្លោះ​និង​ការបាត់បង់​ទីជម្រក​របស់​មនុស្ស​ ក៏​ជា​កត្តា​រួម​ចំណែក​ផងដែរ។ ដូច្នេះ​មាន​កត្តា​គួបផ្សំ​ជាច្រើន ហើយ​នៅ​ក្នុងសហគមន៍​នីមួយៗ​ មាន​ហេតុផល​ផ្សេងៗ​គ្នា​ ឬ​គួបផ្សំ​ហេតុផល​ខុសៗ​គ្នា»។​

អង្គការ WHO រាយការណ៍​ថា​ ជំងឺកញ្ជ្រិល​កំពុង​ឆ្លង​រាលដាល​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ចំណោមកុមារ​ យុវវ័យ​ និង​មនុស្ស​វ័យកណ្តាល​ដែល​មិន​បានចាក់វ៉ាក់​ស៊ាំង​កាល​ពី​លើក​មុន។ ទីភ្នាក់ងារ​នេះ​កំពុង​ជំរុញ​ឲ្យ​មនុស្ស​គ្រប់គ្នា​ធានា​ឲ្យ​បាន​ថា ពួកគេ​បាន​ចាក់​ថ្នាំវ៉ាក់ស៊ាំង​គ្រប់​ចំនួន​តាម​កាលកំណត់។

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG