របាយការណ៍ថ្មីរបស់អង្គការ WHO ក៏បានរកឃើញពីដំណើរវិវត្តន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងរកឃើញថា ការកាត់បន្ថយតម្រូវការថ្នាំជក់ជាវិធានការកំពុងតែត្រូវបានគេប្រើប្រាស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នៅឡើយ។
ការស្ទង់មតិមួយបានរកឃើញថា ប្រទេសចំនួន៣៦បានអនុវត្តវិធានការមួយឬច្រើន ដើម្បីជួយពលរដ្ឋរបស់ខ្លួនឲ្យបោះបង់ការជក់បារី។ មានតែប្រទេសតួកគីនិងប្រេស៊ីលទេដែលបានអនុវត្តវិធានការទាំងអស់ដែលណែនាំដោយអង្គការ WHO។ វិធានការនោះរួមមាន រូបភាពនៅលើកញ្ចប់បារីដែលព្រមានពីគ្រោះថ្នាក់នៃការជក់បារី ការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយពីថ្នាំជក់ និងការបង្កើនពន្ធលើផលិតផលថ្នាំជក់។
ខណៈដែលវិធានការនេះកំពុងមានការវិវត្តន៍ទៅមុខ វាក៏ពិបាកខ្លាំងណាស់ដែរក្នុងការបញ្ឈប់ការប្រើថ្នាំជក់នៅទូទាំងពិភពលោក ដែលបានសម្លាប់មនុស្សជាង៨លាននាក់ ក្នុងមួយឆ្នាំៗ ហើយប្រមាណជា៨០%គឺស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោក Vinayak Prasad ប្រធានកម្មវិធីនៃក្រុមការងារគ្រប់គ្រងថ្នាំជក់របស់អង្គការ WHO បានបន្ទោសក្រុមហ៊ុនថ្នាំជក់ពីភាពប៉ិនប្រសប់ និងការប្រឹងប្រែងស្វែងរកវិធីថ្មីៗដើម្បីបង្អាក់ការរីកចម្រើនការប្រយុទ្ធប្រឆាំងនឹងថ្នាំជក់។ លោកនិយាយថា ក្រុមហ៊ុនថ្នាំជក់កំពុងបង្កើនក្តីសង្ឃឹមថ្មី ក្នុងការបិទបាំងមុខមាត់អាក្រក់របស់ខ្លួន និងដណ្តើមយកភាពពេញនិយមមកវិញ។
លោកបាននិយាយថា៖
«នេះជាមូលហេតុមួយ ដែលប្រទេសជាច្រើនមានការលំបាកក្នុងការធ្វើឱ្យការងារនេះដំណើរការទៅមុខ ដោយសារតែក្រុមហ៊ុនថ្នាំជក់កំពុងច្នៃបង្កើតផលិតផលថ្មី និងទាមទារឲ្យរដ្ឋាភិបាលមានការរឹតត្បិតផ្នែកច្បាប់តិចតួច។ នេះជាបញ្ហានៅគ្រប់តំបន់ទាំងអស់ក្នុងពិភពលោក»។
លោក Prasad បាននិយាយថា ក្រុមហ៊ុនថ្នាំជក់បានផលិតថ្នាំជក់ក្នុងទម្រង់ផ្សេងៗជាច្រើន ដែលពួកគេបានអះអាងថា មានភាពគ្រោះថ្នាក់តិចជាងការជក់បារី។ ទោះជាយ៉ាងណាក្តី លោកបានបន្ថែមថា ផលិតផលថ្នាំជក់ថ្មីៗ ក៏មានគ្រោះថ្នាក់ដូចបារីដែរ គ្រាន់តែវាមិនមានបញ្ចេញផ្សែង។ លោកនិយាយថា បារីអេឡិចត្រូនិកមិនមានផ្ទុកថ្នាំជក់នោះទេ ប៉ុន្តែវាមានជាតិនីកូទីន។ លោកនិយាយថា មិនមានភស្តុតាងបញ្ជាក់ថា បារីអេឡិចត្រូនិកជួយមនុស្សឲ្យបោះបង់ការជក់បារីនោះទេ។
លោក Prasad បានមានប្រសាសន៍ថា៖
«ជាឧទាហរណ៍ នៅក្នុងសហរដ្ឋអាមេរិកគឺថា សហរដ្ឋអាមេរិកបើកទូលាយឲ្យមានការជក់បារីអេឡិចត្រូនិកជិត៧ ឬ៨ឆ្នាំហើយ។ ភ្លាមៗនោះ យើងសង្កេតឃើញថា ការប្រើប្រាស់ថ្នាំជក់ក្នុងស្រទាប់យុវជនមានការកើនឡើងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ យុវជនចាប់ផ្តើមនិយាយថា ការជក់បែបនេះមានសុវត្ថិភាពជាង វាល្អណាស់។ អ៊ីចឹង យើងនៅតែអាចជក់បាន។ នេះក៏ជាផ្លូវមួយសម្រាប់មនុស្សវ័យក្មេងក្នុងការបន្តទៅជក់បារីផងដែរ»។
អង្គការ WHO បានព្រមានថា ថ្នាំជក់មានផលប៉ះពាល់ខ្លាំងដល់សុខភាព និងសេដ្ឋកិច្ច។ អង្គការនេះនិយាយថា បារីជាកត្តាហានិភ័យខ្ពស់លេខ១ ដែលបង្កឲ្យមានជំងឺបេះដូង សរសៃឈាម មហារីក និងជំងឺផ្លូវដង្ហើម។ អង្គការនេះនិយាយថា ការជក់បារីធ្វើឲ្យសេដ្ឋកិច្ចខាតបង់ចំនួន១,៤ទ្រីលានដុល្លារ ឬជិត២%នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ