ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WHO ថាអ៊ីស្រាអែល​និង​ហាម៉ាស់​ព្រមព្រៀង​គ្នា​ផ្អាក​ការឈប់​បាញ់​គ្នា ៣ថ្ងៃ​សម្រាប់​ការចាក់​វ៉ាក់សាំង​ជំងឺ​ស្វិត​ដៃ​ជើង​នៅ​ហ្កាហ្សា


កម្មករ​ម្នាក់​បង្ហាញ​ដប​ដែល​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិតដៃជើង​ដែល​ផ្តល់​ដោយ​ការ​គាំទ្រ​ពី​អង្គការ UNICEF ទៅ​តំបន់ហ្កាហ្សា ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ២០២៤។
កម្មករ​ម្នាក់​បង្ហាញ​ដប​ដែល​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ស្វិតដៃជើង​ដែល​ផ្តល់​ដោយ​ការ​គាំទ្រ​ពី​អង្គការ UNICEF ទៅ​តំបន់ហ្កាហ្សា ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ២០២៤។

យោធា​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់​ប៉ាឡេស្ទីន​បាន​ព្រមព្រៀងដាច់​ដោយ​ឡែក​ពី​គ្នា៣ ផ្អាក​ការប្រយុទ្ធ៣ថ្ងៃ​នៅ​ក្នុង​តំបន់ហ្កាហ្សា ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ដល់​កុមារ៦សែន៤ពាន់​នាក់​ប្រឆាំង​នឹង​ជំងឺ​ស្វិត​ដៃ​ជើង​ប៉ូលីយ៉ូ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Rik Peeperkorn មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សុខភាពពិភពលោក​សម្រាប់​តំបន់​នោះ​បាន​និយាយ​ថា​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ត្រូវបានកំណត់ថានឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ។

លោក​បាន​និយាយ​ទៀត​ថា​យុទ្ធនាការ​នោះ នឹង​ចាប់ផ្តើម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល ដោយ​មាន​ការផ្អាក​ការប្រយុទ្ធ​ចំនួន៣ថ្ងៃ បន្ទាប់មក​ផ្លាស់​ទៅកាន់​តំបន់​ហ្កាហ្សា​ភាគ​ខាង​ត្បូង​ជា​ទីកន្លែង​ដែល​នឹង​មាន​ការផ្អាក​ការប្រយុទ្ធ៣ថ្ងៃ​ទៀតបន្ទាប់ពី​ធ្វើតាម​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង។ លោក Peeperkorn បាន​បន្ថែម​ទៀត​ថា​មាន​ការព្រមព្រៀង​បន្ត​ផ្អាកការ​ប្រយុទ្ធគ្នា​ ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​នៅ​ក្នុង​តំបន់​នីមួយៗថែម​មួយ​ថ្ងៃទៀត ប្រសិនបើ​ចាំបាច់។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី២៣ ខែ​សីហា​ថា​ទារក​យ៉ាង​តិច​ណាស់​ក៏​ម្នាក់​ដែរ​បាន​កំរើក​ដៃ​ជើង​លែងរួច​ដោយសារ​វីរុស​ប៉ូលីយ៉ូ​ប្រភេទ២ ជា​ករណីបែប​នេះ​លើក​ទី១​នៅ​ក្នុង​ដែនដី​នេះ​ក្នុង​រយៈពេល២៥ឆ្នាំ​នេះ។

អង្គភាព​មនុស្សធម៌​យោធា​អ៊ីស្រាអែល​(COGAT)បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ការសម្រប​សម្រួល​ជាមួយ​យោធា​អ៊ីស្រាអែល «ដែល​ជា​ផ្នែក​មួយ​នៃ​ការផ្អាក​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​ជា​ប្រចាំ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទៅដល់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ជា​ទីកន្លែង​វ៉ាក់សាំង​នឹង​ត្រូវចាក់​នៅ​ទីនោះ»៕

XS
SM
MD
LG