ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​មន្ត្រី​ប៉ាឡេស្ទីន​ថា​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​បាន​សម្លាប់​យ៉ាង​តិច១៩នាក់​នៅ​ក្នុង​តំបន់​មនុស្សធម៌


ទិដ្ឋភាព​ជំរំ​នៅ​តំបន់ហ្កាហ្សា​ដែល​ត្រូវបានវាយប្រហារ​ដោយកងកម្លាំង​អ៊ីស្រាអែល​កាលពីថ្ងៃទី​១០កញ្ញា ឆ្នាំ២០២៤។
ទិដ្ឋភាព​ជំរំ​នៅ​តំបន់ហ្កាហ្សា​ដែល​ត្រូវបានវាយប្រហារ​ដោយកងកម្លាំង​អ៊ីស្រាអែល​កាលពីថ្ងៃទី​១០កញ្ញា ឆ្នាំ២០២៤។

ក្រសួង​សុខាភិបាល​តំបន់​ហ្កាហ្សា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​ទៅលើ​តំបន់​មនុស្សធម៌​នៅ​ក្នុង​តំបន់ Gaza Strip ភាគ​ខាង​ត្បូង​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏១៩និង៦០នាក់​ទៀត​រងរបួស។

ក្រសួង​នោះ​បាន​បញ្ជាក់​ថា​ពួក​អ្នក​ជួយ​សង្គ្រោះ​មិន​អាច​បាន​ទៅដល់​ពួក​អ្នករងគ្រោះ​ខ្លះ​ដែល​នៅកប់នៅ​ក្រោមដីខ្សាច់​និង​កម្ទេច​បាក់បែក​នៅឡើយ។

ចំនួន​មនុស្ស​ស្លាប់​មាន​ទាប​ឆ្ងាយ​ជាង​ចំនួន​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​ដែល​បាន​និយាយ​ថា​មនុស្ស៤០នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​នេះ។

យោធា​អ៊ីស្រាអែលបាន​តវ៉ា​ចំពោះ​ចំនួន​មនុស្ស​ស្លាប់​ដ៏​ច្រើន​នេះ ដោយ​បាន​ស្តី​បន្ទោស​ពួក​ហាម៉ាស់​ចំពោះ​កិច្ចប្រតិបត្តិការ​នៅ​ក្នុង​តំបន់​មនុស្សធម៌​នេះ។

ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង Mawasi ភាគ​ខាង​លិច​តំបន់ Khan Younis ដែល​ជា​ទីកន្លែង​រស់នៅ​របស់​ជនជាតិ​ប៉ាឡេស្ទីន​ជា​ច្រើន​ដែល​បានរត់គេច​ចេញ​ទៅកាន់​ផ្នែក​នានា​នៃ​តំបន់​ហ្កាហ្សា​ដើម្បី​គេចេចញពី​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស់។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា​ខ្លួន​បាន​ប្រហារ​ពួក​សកម្មប្រយុទ្ធ​ជាន់​ខ្ពស់​ហាម៉ាស់​មួយ​ចំនួន រួមមាន​មេបញ្ជាការ​ជា​ច្រើន​រូប​ដែល​បាន​ទាក់ទិន​ដោយ​ផ្ទាល់​នៅ​ក្នុង​ការវាយ​ប្រហារ​ថ្ងៃ​ទី៧ ខែ​តុលា​លើ​អ៊ីស្រាអែល​ដែល​បាន​ចាប់ផ្តើម​សង្គ្រាម​នេះ។

សេចក្តីថ្លែងការណ៍​របស់​ក្រុម​ហាម៉ាស់​បាន​ច្រានចោល​ថា​ពួក​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​សហរដ្ឋ​អាមេរិក នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កាតា​និង​អេហ្ស៊ីប​ដើម្បី​បំពេញ​គម្លាត​ដែល​នៅ​សេសសល់​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។

លោក Blinken បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​រួម​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក David Lammy ថា«បញ្ហា​ជាង៩០ភាគរយ​បាន​ត្រូវ​ព្រមព្រៀង ដូច្នេះ យើង​មាន​បញ្ហា​តិចតួច​តែប៉ុណ្ណោះ​ដែល​មាន​ការលំបាក ក៏ប៉ុន្តែ អាច​ដោះស្រាយ​បាន​នៅ​ក្នុង​ការវិនិច្ឆ័យ​របស់​យើង»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG