ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ WHO៖ ​គ្មាន​ភស្តុតាង​ថា​ប្រភេទ​ជំងឺ​កូវីដ១៩​​វិវត្ត​ថ្មី​ពីរ​​​​ កាច​សាហាវ​ឬ​ធ្ងន់ធ្ងរ​ជាង​ឡើយ


រូបឯកសារ៖ ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus ចូល​រួម​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។
រូបឯកសារ៖ ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus ចូល​រួម​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​សិក្សា​ពីប្រភេទ​ជំងឺ​កូវីដ១៩​ ដែល​វិវត្ត​ថ្មី ចំនួន​ពីរ​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស និង​ប្រទេសអាហ្វ្រិកខាងត្បូង និង​បាន​បន្ថែម​ថា គ្មាន​ភស្តុតាងថាជំងឺ​កូវីដ១៩ ដែល​បម្លែងថ្មី​នេះ​មានគ្រោះថ្នាក់​ជាង ឬធ្ងន់ធ្ងរ​ជាង​ប្រភេទ​ជំងឺ​កូវីដ១៩​ធម្មតា​ទេ ហើយ​មធ្យោបាយ​ល្អ​បំផុត​ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​គឺ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃជំងឺ​នេះ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ការិយាល័យ​កណ្ដាលរបស់អង្គការ​ WHOនៅ​ក្នុង​ទីក្រុងហ្សឺណែវ មន្ត្រី​អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បន្ត​ទទួល​បាន​ទិន្នន័យ​អំពី​ជំងឺ​កូវីដ១៩​វិវត្ត​ថ្មី​នេះ ហើយ​មាន របាយការណ៍​មក​ពី​ចក្រភព​អង់គ្លេស​ថា ​ជំងឺ​កូវីដ១៩ បម្លែង​ថ្មី​អាច​ងាយឆ្លងលឿន​ជាង។​

ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អង្គការ WHO ​កំពុង​ធ្វើ​ការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ ដើម្បី​យល់​ដឹង​ពី​របៀប​ដែលការ​វិវត្ត​របស់​ហ្សែនប៉ះពាល់​ដល់​អាកប្បកិរិយា​របស់​វីរុស។ លោក​សង្កត់​ធ្ងន់​ថា វា​មិន​មែន​ជា​រឿង​ថ្មី​ទេ ដោយបាន​និយាយ​ថា៖ «វីរុសតែង​វិវត្តក្នុង​រយៈ​ពេល​កាន់​តែ​យូរ​ វាជា​ដំណើរ​ធម្មជាតិ និង​ត្រូវ​បាន​រំពឹងទុក»។

លោក​ Tedros និយាយ​ថា​ ការ​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​នេះ​ឲ្យ​បាន​កាន់​តែលឿន​ កាន់​តែ​ជួយ​បាន​ច្រើន។ លោក​ថា៖ «បើ​យើង​កាន់​តែអនុញ្ញាត​ឲ្យ​វា​រាលដាល វា​មាន​ឱកាសវិវត្តកាន់​តែ​ច្រើន»។ លោក​បន្ថែម​ថា​ បណ្ដា​រដ្ឋាភិបាល​ និង​ពលរដ្ឋ​ទំាង​អស់​គួរ​តែចាត់វិធានការ​បាំបាច់​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង។

អ្នកស្រី​ Maria Van Kerkhove នាយិកា​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​ WHO បញ្ជាក់​ថា មិន​មាន​ការ​ទាក់ទង​គ្នា​រវាង​ប្រភេទ​ជំងឺ​កូវីដ១៩​បម្លែង​ថ្មី​ដែល​គេ​ទើប​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និងប្រភេទ​ថ្មី​នៅ​ចក្រ​ភព​អង់គ្លេស​ទេ​ ហើយ​ថា ប្រភេទ​ទាំង​ពីរវា​គឺ​ខុស​គ្នា និង​គ្រាន់​តែ​លេចចេញ​មក​ដំណាល​គ្នា។

ស្រប​ពេល​គ្នា​នេះដែរ លោក Michael Ryan ប្រធាន​កម្មវិធី​សង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​នៃ​អង្គការ WHO បាន​និយាយ​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ គ្មាន​ភស្តុតាង​ថា «វីរុស​នឹង​ផ្លាស់ប្ដូរ​ភាព​ធ្ងន់ធ្ងរ ការ​ធ្វើ​រោគវិនិច្ឆ័យ និងសារៈសំខាន់​នៃ​វ៉ាក់សំាងនៅ​ពេល​ខាង​មុខ​ឡើយ»៕

XS
SM
MD
LG