ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​សុខាភិបាល​ហុងកុង​​ទាមទារ​ឲ្យ​បិទ​ព្រំដែន​ទាំង​អស់​ជាមួយ​ចិន ក្រោយ​ពី​មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​កូរ៉ូណា​​ប្រភេទ​ថ្មី​


បាតុករ​កាន់​ស្លាក​ដែល​សរសេរ​ «បិទ​ព្រំដែន និយាយ​ថា​ ទេ ចំពោះ​ចិន» នៅ​ក្នុង​បាតុកម្ម​នៅ​ផ្សារ​ទំនើប​មួយ​ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
បាតុករ​កាន់​ស្លាក​ដែល​សរសេរ​ «បិទ​ព្រំដែន និយាយ​ថា​ ទេ ចំពោះ​ចិន» នៅ​ក្នុង​បាតុកម្ម​នៅ​ផ្សារ​ទំនើប​មួយ​ កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

បុគ្គលិក​សុខាភិបាល​ក្នុង​ទីក្រុង​ហុងកុង​បាន​ធ្វើ​កូដកម្ម​ថ្ងៃ​ទី ២ នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ដែល​ទីក្រុង​ហុងកុង​រាយការណ៍​អំពី​ករណី​ស្លាប់​ដំបូង​ដោយសារ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ទីក្រុង​នេះ។ កន្លង​មក មេរោគ​នេះ​បាន​សម្លាប់​មនុស្ស ៤២៥ នាក់ នៅ​ក្នុង​ប្រទេស​ចិន។

ទីក្រុង​ហុងកុង​បាន​បិទ​ច្រក​ចេញ​ចូល​ស្ទើរតែ​ទាំង​អស់​ទាំង​ផ្លូវ​គោក និង​ផ្លូវ​ទឹក​ជាមួយ​នឹង​ប្រទេស​ចិន​ដី​គោក​នៅ​ពាក់​កណ្ដាល​យប់​មិញ បន្ទាប់ពី​បុគ្គលិក​សុខាភិបាល​ជាង ២ ពាន់​នាក់​បាន​ដើរ​ចេញ​ពី​កន្លែង​ការងារ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហុងកុង​បិទ​ទាំង​ស្រុង​នូវ​ច្រក​ចេញ​ចូល​ទាំង​អស់។

អាជ្ញាធរ​ផ្នែក​សុខាភិបាល​នៃ​ទីក្រុង​ហុងកុង​បាន​បញ្ជាក់​ថា អ្នក​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​នៅ​ក្នុង​ទីក្រុង​ហុងកុង​គឺ​ជា​បុរស​អាយុ ៣៩ ឆ្នាំ ដែល​កំពុង​មាន​ជំងឺ​ស្រាប់ និង​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Wuhan ដែល​ជា​ចំណុច​ផ្ទុះ​ឡើង​នូវ​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ចិន។

ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​លើស ២ ម៉ឺន​នាក់។ ករណី​ឆ្លង​មេរោគ​នេះ​ប្រហែល ១៥០ ករណី ក៏​កើត​ឡើង​នៅ​តាម​ប្រទេស​ចំនួន ២៣ ផ្សេង​ទៀត​ផង​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ព្រឹត្តិបត្រ Nature កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​វិភាគ​មេរោគ​នៃ​ទីក្រុង Wuhan បាន​និយាយ​ថា មេរោគ​ថ្មី​នេះ​មាន​លក្ខណៈ ៩៦ ភាគរយ ដូច​ទៅ​នឹង​មេរោគ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​សត្វ​ប្រចៀវ​នៅ​ក្នុង​ខេត្ត Yunnan ភាគ​ខាង​ត្បូង​ប្រទេស​ចិន៕

XS
SM
MD
LG