ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​បង្ក​ការ​ភ័យ​ខ្លាច​ទាក់ទិន​នឹង​បញ្ហា​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី


រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Los Angeles កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ទាក់ទិន​នឹង​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដោយ​សារ​សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ និង​ដាក់​កំហិត​ចំពោះ​ការ​ធ្វើ​ដំណើរ ជាជាង​ផ្ដល់​នូវ​ជំនួយ​ចាំបាច់​ណា​មួយ។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ចាប់ផ្ដើម​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន ចេញ​នូវ​ការ​ព្រមាន​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន និង​តាំង​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​មក បាន​រារាំង​មិន​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​នូវ​ជន​បរទេស​ណា​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​ប្រាប់​អ្នក​កាសែត​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «បាន​បង្កើត និង​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ស្លន់ស្លោ​ជា​បន្តបន្ទាប់»។ អ្នកស្រី​បាន​បន្ថែម​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ផ្ដល់​ប្រឹក្សា​មិន​ឲ្យ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​ដំណើរ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «ប្រទេស​អភិវឌ្ឍ​ដូចជា​សហរដ្ឋ​អាមេរិក​ដែល​មាន​សមត្ថភាព​ខ្លាំងក្លា និង​មន្ទីរពេទ្យ​គុណភាព​ខ្ពស់​នៅ​ក្នុង​ការ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ គឺ​ជា​អ្នក​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ដាក់​កំហិត​តឹងតែង​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង»។

អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​នីមួយៗ​គួរតែ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​មាន​ហេតុ​ផល​ត្រឹមត្រូវ មិន​ឆេវឆាវ និង​ផ្អែក​លើ​វិទ្យាសាស្ត្រ។

អ្នកស្រី Chunying បាន​បន្ត​ថា៖ «កន្លង​មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ចាំបាច់​ណា​មួយ​ដល់​ប្រទេស​ចិន​នៅ​ឡើយ​ទេ»។

ករណី​នេះ​គឺ​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដែល​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់ «ការ​ជួយ​ជ្រោមជ្រែង​ដ៏​ធំធេង»។ ប៉ុន្តែ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Trump គឺ​លោក Robert O' Brien បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ប្រទេស​ចិន​មិន​ទាន់​ទទួល​យក​សំណើ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​លើ​រឿង​នេះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG